ព័ត៌មានជាតិ

ចុះត្រួតពិនិត្យនិងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែនកម្ពុជា-ថៃ

ដោយ៖ បន្ទាយ / បន្ទាយមានជ័យ

លោកឧត្តមសេនីយ៍សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារទី២គណៈកម្មការចំពោះកិច្ច អមដំណើរដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្ត  បន្ចាយមានជ័យ និងមន្រ្តីមួយចំនួនកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ បានចុះមកត្រួតពិនិត្យបញ្ជរប្រថាប់ត្រាប័ណ្ណព្រំដែននៅប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

គឺបញ្ចរដែលប៉ុស្តិ៍នគរបាលនេះទើបបានធ្វើការសាសង់បន្ថែមចំនួន១០បញ្ជរ ដើម្បីពន្លឿនការប្រថាប់ត្រាប័ណ្ណព្រំដែន ជូនអ្នកដំណើរចេញ ចូល ប្រទេសឲ្យបានឆាប់រហ័ស បញ្ជៀសការកកស្ចះ ។

លោកឧត្តមសេនីយ៍ត្រីអ៊ី ចំរើន នាយប៉ុស្តីនគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតនិងនាយរងប៉ុស្តិ៍បា អោយដឹងថា :ក្នុងចំណោមបញ្ជរដែលទើបបានសាងសង់  មាន០៥បញ្ជរនៅជាប់ព្រំដែន(បែបបទ)ចេញប្រទេស និង០៥បញ្ជររទៀតស្របតាមមាត់ផ្លូវ(បែបបទ)ចូលប្រទេសសម្រាប់អ្នកប្រើប្រាស់មធ្យោបាយគ្រប់ប្រភេទដូចជា:ជនពិការ អ្នកជំងឺ ស្រី្តមានផ្ចៃពោះ កុមារ ចាស់ជរា ព្រះសង្ឍ និងសិស្សានុសិស្ស។

បន្ចាប់មក លោកឧត្តមសេនីយ៍សៀក សុជាតិ បានជួបសំណេះសំណាលជាមួយមន្រ្តីពាក់ព័ន្ឋនៅអគារថ្មី ព្រមទាំងបានសំណូមពរឳ្យមន្រ្តីប៉ុស្តិ៍ចាប់ដំណើរការបញ្ជរថ្មីនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ ប៉ុន្មានថ្ងៃខាងមុខ ។ លោកបានលើកទឹកចិត្តផ្ដល់ការគាំទ្រដល់មន្ត្រីជំនាញ គ្រប់ស្ថាប័នច្រកទ្វារ ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់បម្រើសេវាជូនប្រជាពលរដ្ឋ និងបានបំពេញភារកិច្ចកសាងនូវសំណង់ការិយាល័យច្រកទ្វារបន្ថែមទៀត ។

ដោយមានការណែនាំពីលោកនាយឧត្តមសេនីយ៍សន្ដិបណ្ឌិតនេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានគណៈកម្មការចំពោះកិច្ចត្រួតពិនិត្យ និងដោះស្រាយដំណើរចេញ-ចូល របស់ពលករខ្មែរតាមព្រំដែនកម្ពុជា  នោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ បានបន្ដចុះពិនិត្យពន្លឿនការសាងសង់និងដំឡើងម៉ាស៊ីនប្រថាប់ត្រា (មិនប្រើទូរសព្ទរបស់មន្ត្រីនគរបាលដូចមុន?)      ខណៈកាលពីពេលកន្លងទៅ ស្ថានភាពនៅច្រកទ្វារអន្ដរជាតិ ប៉ោយប៉ែតនេះ មានការកកស្ទះនៅចំណុចទីតាំងប្រថាប់ត្រា ហើយលោកបានសម្រេចដាក់ម៉ាស៊ីន និងបន្ថែមបញ្ជរសម្រាប់ប្រថាប់ត្រាសំដៅសម្រួលដល់ការកកស្ទះនេះ។

សូមបញ្ជាក់ថា ការិយាល័យច្រកចេញចូល បានបំពាក់ដាក់ម៉ាស៊ីនត្រជាក់រួចរាល់អស់ហើយ នៅតែបន្ថែមបំពាក់ម៉ាស៊ីនបញ្ជរប្រថាប់ត្រា ឲ្យបានរួចរាល់ជាស្ថាពរដើម្បីឲ្យបានដំណើការដាក់ឲ្យប្រើប្រាស់ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងនោះ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ចេញចូលឆ្លងដែន តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានត្រកអរព្រោះ បានកាត់បន្ថយការកកស្ទះ។

សូមរំលឹកថា នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតកាលពីថ្ងៃទី១៣និង១៤ ខែធ្នូ ឆ្នាំ២០២៣ កន្លងមកនៅបញ្ជរត្រួតពិនិត្យបែបទ នគរបាលអន្តោប្រវេសន៍នៃប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានការកកស្ទះការស្កែនQR Code លើប័ណ្ណព្រំដែន(Border Pass)របស់ពលរដ្ឋនិងពលករខ្មែរចេញ ចូលប្រទេសថៃ។

ជួបបញ្ហាលំបាកបែបនេះ មានពលរដ្ឋនិងពលករមួយចំនួនបានលើកសំណូមពរថា ពួកគេចង់ត្រឡប់ថយក្រោយទៅ”ប្រើប័ណ្ណឆ្លងដែនឬសំបុត្រតម្លៃ១០បាត”.ដូចមុន ។

ចំពោះមូលហេតុកកស្ទះ កន្លងមក មន្ត្រីនិងពលរដ្ឋបានទទួលស្គាល់មូលហេតុ៤-៥ចំណុចពាក់ព័ន្ធដូចជា :

១-ការប្រើប័ណ្ណព្រំដែន(BorderPass) បានកើនឡើង បើប្រៀបមុនអំឡុងការឆ្លងរាលដាលជំងឺកូវិដ១៩ ។ព្រោះថា អំឡុងពេលនេះអត់មានអ្នកប្រើកាតឆ្លងដែនទៅថៃ (ចូលព្រឹក-ចេញល្ងាច)ទៀតទេ ។

២-ការស្កែនQR Codeផង ប្រថាប់ត្រាផង វាស៊ីពេល ហើយមន្ត្រីត្រូវប្រើទូរសព្ទផ្ទាល់ខ្លួនក្នុងការស្កែន។ពេលខ្លះសេវាអិនធឺណេតប្រព័ន្ធទូរសព្ទខ្សោយឬរអាក់រអួល នាំអោយបញ្ហា។ ឧបករណ៍ស្កែននេះ មិនមែនដូចប្រព័ន្ធអន្តរជាតិគាំទ្រដូចការត្រួតពិនិត្យឬស្កែនលិខិតឆ្លងដែន(Passport)ទេ។

៣-បន្ទាប់ពីស្កែនQRCodeផ្ទៀងផ្ទាត់ភិនភាគសាម៉ីខ្លួនម្ចាស់ប័ណ្ណតើត្រឹមត្រូវឬទេ?  រួចហើយទើបបានប្រថាប់ត្រាកូដសម្គាល់របស់មន្ត្រី។

៤-ការកកស្ទះកន្លងមក ក៏មកពីមានមូលហេតុផ្សំពីករណីក្រុមផ្សាររោងក្លឿ ផ្សារទេសបាលនិងផ្សារឥណ្ឌូចិនរបស់ថៃបានប្តូរពីរការគ្រប់គ្រង របស់រដ្ឋ មកជាឯកជនគ្រប់គ្រងវិញ។

ហើយគេមិនអនុញ្ញាតអោយអាជីវករខ្មែរដេកឬស្នាក់នៅក្នុងនោះនាពេលយប់ដូចមុនឡើយ ។

ហេតុនេះ ពលរដ្ឋនិងពលករខ្មែរទាំងអស់ត្រូវចូលព្រឹក វិលល្ងាច។

៥-ការប្រថាប់ត្រាចេញ-ចូលតាមជំនាញដោយភាគីកម្ពុជានិងភាគីថៃវ៉ៃប្រថាប់ត្រាម្ខាងម្នាក់នៃទំព័រប័ណ្ណ ដើម្បីងាយក្នងការពិនិត្យដំណើរចេញចូលប្រទេសរបស់ពលរដ្ឋ ។

ម្យ៉ាងទៀត  ដោយសារ ចំនួនពលរដ្ឋនិងពលករខ្មែរចេញ ចូលប្រទេសថៃតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត-ខ្លងលឹកក្នុង១ថ្ងៃៗមានប្រមាណ២ម៉ីននាក់ គឺវា មិនអាចចៀសរួចពីការកកស្ទះម្តងម្កាលឬជារឿយៗនោះឡើយ ៕