សុខភាព

រដ្ឋមន្ត្រីសុខាភិបាល៖សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាព

ដោយៈសិរីមតី/ភ្នំពេញ៖យុទ្ធសាស្រ្តសុខភាពផ្លូវចិត្តឆ្នាំ២០២៣-២០៣២ បានត្រូវប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការថ្ងៃទី២៧ ខែធ្នូ ឆ្នាំ​២០២៣។

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងថា«សុខភាពផ្លូវចិត្ត គឺជាសមាសធាតុមួយដ៏សំខាន់សម្រាប់សុខភាពរបស់យើងទាំងអស់គ្នា ជាការទទួលខុសត្រូវរបស់យើងគ្រប់គ្នា ហើយក៏ជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាឱ្យធនធានមនុស្សដែលមានគុណភាពផងដែរ»។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា៖«ក្នុងការអភិវឌ្ឍប្រទេសជាតិមួយ ត្រូវការប្រជាជនដែលមានសុខភាពល្អ រួមបញ្ចូលសុខភាព ផ្លូវចិត្តល្អផងដែរ ដែលការលើកកម្ពស់​សុខភាពផ្លូវចិត្ត ពិតជាបានរួមចំណែកក្នុងការកសាងកំណើនសេដ្ឋកិច្ចរបស់បុគ្គល គ្រួសារ និងសង្គមជាតិ»។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានលើកឡើងនូវប្រវត្តិនៃសោកនាដកម្ម ដោយសារសង្គ្រាម ដែលបានធ្វើឱ្យប្រជាជនទូទៅទទួលរងនូវការប៉ះទង្គិចផ្លូវចិត្ត និងឱ្យមានការប៉ះពាល់ដល់មនុស្ស តជំនាន់ ដោយត្រូវយកចិត្តទុកដាក់ផ្នែកសុខភាពផ្លូវចិត្តថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានរំលឹកផងដែរថា ការដែលមានគោលនយោបាយ និងផែនការយុទ្ធសាស្រ្ត នៅមិនគ្រប់គ្រាន់ទេ បើសិនជាយើងមិន​បានប្រែក្លាយ​វាឱ្យទៅជាសកម្មភាពជាក់ស្តែង មានន័យថាសកម្មភាពសំដៅឆ្លុះបញ្ចាំងជាមួយចក្ខុវិស័យច្បាស់លាស់ និងវាស់វែងបាន និងចូលរួមដោយដៃគូអភិវឌ្ឍន៍ ដៃគូពាក់ព័ន្ធទាំងអស់ ក្នុងការគាំទ្រធនធាន មធ្យោបាយបន្ថែមទៀត។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ស្នើឱ្យថ្នាក់ដឹកនាំ និងប្រតិបត្តិករថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវប្រើប្រាស់ផែនទីចង្អុលផ្លូវនេះដើម្បីកៀរគរថវិកាឱ្យមានភាពសមធម៌ ដើម្បីអនុវត្តផែនការរំកិល ៣ឆ្នាំ ផែនការប្រតិបត្តិប្រចាំឆ្នាំ និងអនុវត្តផែនការឱ្យមានប្រសិទ្ធភាព ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តបញ្ច​កោណរបស់​រាជរដ្ឋាភិបាល​នីតិកាល​ទី៧នៃរដ្ឋសភា។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ផ្តល់អនុសាសន៍មួយចំនួនជាបន្ថែម៖
-លើកទឹកចិត្តឱ្យមានកិច្ចសហការជាមួយស្ថាប័ន អង្គភាពពាក់ព័ន្ធ ដើម្បីលើកកម្ពស់សុខភាពផ្លូវចិត្ត និងបង្ការជំងឺផ្លូវចិត្ត
-គ្រឹះស្ថានបណ្តុះបណ្តាលសុខាភិបាល ត្រូវបង្កើតកម្មវិធីបណ្តុះបណ្តាលឯកទេសជំងឺ ផ្លូវចិត្ត ជំនាញវេជ្ជសាស្រ្តសុខភាពផ្លូវចិត្ត និងវិទ្យាសាស្រ្តនៃឥរិយាបថថ្មីៗ ថែមទៀតដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាជន ព្រមទាំងត្រូវដាក់បញ្ចូលផ្នែកសុខភាពផ្លូវចិត្តសាធារណៈ ទៅក្នុងការបណ្តុះបណ្តាលពាក់ព័ន្ធនិងសុខភាពសាធារណៈ ដើម្បីបង្កើនចំណេះដឹង ស្តីពីសុខភាពសាធារណៈឱ្យបានគ្រប់ជ្រុងជ្រោយ។
-សេវាសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិត្រូវពង្រីកសេវាថែទាំ និងព្យាបាលជំងឺផ្លូវចិត្ត ទាំងសេវាពិគ្រោះជំងឺផ្លូវចិត្ត និងសេវាព្យាបាលជំងឺផ្លូវចិត្តសម្រាកពេទ្យ ឱ្យកាន់ តែទូលំទូលាយ និងមានជម្រើសច្រើនយ៉ាងសម្រាប់ប្រជាជន ដើម្បីឈានទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។
-គ្រប់អង្គភាពសុខាភិបាលគួររៀបចំឱ្យមានសេវាផ្តល់ប្រឹក្សាផ្លូវចិត្តសម្រាប់បុគ្គលិក ដើម្បីលើកកម្ពស់គុណភាពនៃការងារ។
-ត្រូវរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងសេវាឯកជន ឬអង្គការមិនមែនរដ្ឋាភិបាល ដែលផ្តល់ការថែទាំ ព្យាបាលជំងឺផ្លូវចិត្ត ដោយមិនប្រើឱសថ។

ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់អង្គការសុខភាពពិភពលោក ដែលបានខិតខំកៀរគរធនធានថវិកា និងបច្ចេកទេស ដើម្បីគាំទ្រដល់ការកសាងផែនការ​យុទ្ធសាស្រ្ត​សុខភាពផ្លូវចិត្ត ២០២៣-២០៣២នេះអោយបានចេញជាផ្លែផ្កា៕