កម្សាន្ដ

មន្ត្រីអាជ្ញាធរនិងជំនាញសាទរនឹងបរិស័ទសាសនាដែលចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនិងសុខដុមរមនាសាសនា

ដោយ ៖ បន្ទាយ / បន្ទាយមានជ័យ

មន្ត្រីអាជ្ញាធរនិងជំនាញសាទរ ហើយអំពាវនាវឲ្យបរិស័ទសាសនាទាំងអស់ រួមទាំងគ្រីស្តបរិស័ទសូមបន្តចូលរួមថែរក្សាសុខសន្តិភាព ការអភិវឌ្ឍនិងសុខដុមរមនាសាសនា។

មន្ត្រីថ្លែងដូច្នេះកាលពីរាត្រីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ដែលគណ:កម្មាធិការគ្រីស្ទបរិស័ទខេត្ត មន្ទីរធម្មការនិងកិច្ចការសាសនានិងអាជ្ញាធរខេត្តបន្ទាយមានជ័យបានប្រារព្ធកម្មវិធីអបអរសាទរព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទហៅគ្រីស្តម៉ាស (Merry Christmas)ឬបុណ្យណូអែល ដែលរៀបចំនៅសួនមានជ័យ កណ្តាលប្រជុំជនខេត្ត ដែលមានអ្នកចូលរួមរាប់រយនាក់ ។

និងក៏មានចែកអំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតជីវភាពចំនួន៣០០គ្រួសានិងមានចាប់ឆ្នោតផ្សងសំណាងផងដែរ ។

លោកព្រំ សាវុធ  លោកគឹម វិវឌ្ឍន៍ អនុប្រធាននិងលោកហម ស៊ូយ ប្រធានគណ:កម្មាធិការគ្រីស្ទបរិស័ទខេត្តបន្ទាយមានជ័យបានរំលឹកពីព្រះរាជកំណើតព្រះយេស៊ូវគ្រីស្ទហៅគ្រីស្តម៉ាស (Merry Christmas)ឬបុណ្យណូអែល(Nöel)ថា : តមកគេបានសម្គាល់ថ្ងៃទី២៥ខែធ្នូ ឆ្នាំទី៧ដល់ទី៣៣ មុនគ្រឹស្ទសករាជ(គស) ជាថ្ងៃព្រះរាជកំណើតព្រះអង្គ នៅភូមិណាសារ៉ែតខេត្តកាលីឡេ។ ព្រះអង្គមានកំណើតពីបារមី ហើយចុះមកជួយសង្គ្រោះមនុស្សលោកអោយបានរួចទុក្ខទោសនិងពីអំពើបាប ។

.លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានចូលរួមអបអរសាទ ហើយសូមអំពាវនាវដល់ ជាពិសេសគណៈកម្មាធិការនិងគ្រឹស្ទបរិស័ទទាំងឡាយត្រូវបន្តគាំទ្រនូវគោលជំហររួបរួម ជ្រោមជ្រែង ដល់ការដឹកនាំ ដ៏ឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយរដ្ឋមន្រ្តី ។

ត្រូវបន្តថែរក្សាការពារសុខសន្តិភាព និសមិទ្ធផលទាំងឡាយដែលបានមកដោយលំបាក ។

ក៏ដូចជាការរួមចំណែកអភិវឌ្ឍន៍សង្គមជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ ត្បិតក្នុងគម្ពីរព្រះគ្រីស្ទ បានចែងដែរថា :”គោរពចុះចូលជាមួយនឹងរដ្ឋអំណាច”.។

លោកអ៊ុំ រាត្រី បានគាំទ្រក្នុងការដឹកនាំគណៈកម្មាធិការនិងគ្រីស្ទបរិស័ទទាំងអស់ដែលបានរួបរួមសាមគ្គីគ្នា និងបំពេញភារកិច្ចយ៉ាងសកម្ម ក្នុងការរួមចំណែកក្នុងវិស័យមនុស្សធម៌ សង្គមកិច្ច និងការអប់រំសីលធម៌ដើម្បីបានទទួលដំណឹងល្អថ្មីៗទៀតពីព្រះជាម្ចាស់និងព្រះប្រទានពរ ដើម្បីភាពសុខដុមរមនាសាសនាក្នុងប្រទេសយើងបន្តទៀត ។

លោកឧកញ៉ា បណ្ឌិតសៀ សុភ័ក្រ រដ្ឋលេខាធិការក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានមានប្រសាសន៍ពាំនាំផ្ដាំផ្ញើសាកសួរសុខទុក្ខ និងនឹករលឹកពីប្រមុខរាជរដ្ឋាភិបាល និងពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ចំពោះគ្រឺបរិស័ទគ្រឹស្តសាសនិកទាំងឡាយ ។

លោកបានបន្តថា : ពិធីបុណ្យណូអែល ឬ គ្រីស្តម៉ាស (Christmas) គឺជាពិធីបុណ្យមួយដែលបានចាប់ផ្ដើម តាំងពី២០០ឆ្នាំ ក្រោយគ្រឹស្តសករាជ ដែលកាលពីឆ្នាំ២២១ ប្រវត្តិវិទូសម័យក្រុងរ៉ូម ឈ្មោះ Sextus Julius Africanus បានកំណត់យកថ្ងៃទី២៥ ខែធ្នូ ជាបុណ្យគ្រីស្តម៉ាស ។

គឺដោយភ្ជាប់ទៅនឹងបុណ្យរដូវរងា ដែលជាឱកាសសប្បាយរីករាយ របស់ជនជាតិជាច្រើនក្នុងតំបន់ត្រជាក់ខាងជើងនៃពិភពលោក ។

ក្នុងឱកាសនោះផងដែរ ពិធីនេះក៏មានការចាប់រង្វាន់ផ្សងសំណាង ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានចូលរួម  ។

រង្វាន់រួមមាន : ម៉ូតូចំនួន ២ គ្រឿង ទូទឹកកកចំនួន២ គ្រឿង កង់អាគុយចំនួន២ គ្រឿង កង់ចំនួន ៣ គ្រឿង កង្ហារចំនួន ៥ គ្រឿង ឆ្នាំងបាយអគ្គិសនីចំនួន ៥ គ្រឿង និងបំពង់ទឹកក្ដៅអគ្គិសនីចំនួន ៥ គ្រឿងផងដែរ៕