ព័ត៌មានជាតិ

JCI និងស.ស.យ.ក ធ្វើជាម្ចាស់ផ្ទះរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤

ដោយៈសិរីមតី/ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា ជេស៊ីអាយ (JCI CAMBODIA) និងសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ (2024 JCI ASIA-PACIFIC CONFERENCE) នៅលើទឹកដីខេត្តសៀមរាប ចាប់ពីថ្ងៃទី ០៦ ដល់ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៤។

វេទិកានេះ នឹងមានការចូលរួមពីប្រតិភូជាតិនិងអន្តរជាតិជាង៤០០០នាក់ មកពីបណ្តាប្រទេសក្នុងតំបន់អាស៊ី ដែលមានដូចជាជប៉ុន កូរ៉េ ហុងកុង តៃវ៉ាន់ សិង្ហបុរី ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ វៀតណាម និងបណ្តាប្រទេសជាច្រើនផ្សេងទៀតក្នុងពិភពលោក។

ក្នុងឱកាសនោះ JCI និងសហភាពសហព័ន្ធយុវជនកម្ពុជា រំពឹងថានឹងជួយបង្កើនសេដ្ឋកិច្ចជាតិបានប្រមាណជាង៤លានដុល្លារអាមេរិក តាមរយៈការចូលមកទស្សនា និងចូលរួមកម្មវិធីសន្និបាតអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៤ នៅក្នុងខេត្តប្រវត្តិសាស្រ្តដ៏ល្បីល្បាញរបស់កម្ពុជា។បន្ថែមពីនេះJCIកម្ពុជាក៏នឹងបង្ហាញពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជាដល់បណ្តាប្រតិភូអន្តរជាតិទាំងអស់ផង ដែរ។

បច្ចុប្បន្ននេះក្រុមការងារ ក៏បានកំពុងរៀបចំការងារស្នូលសំខាន់ៗ ដើម្បីឲ្យការរៀបចំកម្មវិធីនេះដំណើរការទៅដោយរលូន។ ការផលិតវិដេអូផ្សព្វផ្សាយពីវប្បធម៌ អរិយធម៌ដ៏ផូរផង់ និងការរីកចម្រើនឥតឈប់ឈរនៅកម្ពុជា ក៏ត្រូវបានធ្វើឡើងជាបន្តបន្ទាប់ផងដែរ ដើម្បីបង្ហាញពីសក្តានុពលដ៏សំបូរបែបរបស់កម្ពុជា។

សន្និបាតអាស៊ីប៉ាស៊ីហ្វិករបស់សភាយុវពាណិជ្ជអន្តរជាតិដែលមានសមាជិកជាង១២០ប្រទេស ត្រូវបានកំណត់ឲ្យរៀបចំមួយឆ្នាំម្តង ដែលប្រទេសជាសមាជិកត្រូវបង្ហាញ​ពី​សមិទ្ធផល និងដេញថ្លៃសម្រាប់ការធ្វើជាម្ចាស់ផ្ទះរៀបចំកម្មវិធីនេះ។ ក្រោយការខិតខំរបស់ក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិក សមាជិការបស់សភាយុវពាណិជ្ជករអន្តរជាតិ​កម្ពុជា​រយៈពេល​ជាង១០ឆ្នាំកន្លងមកនេះ កម្ពុជាត្រូវបានជ្រើសរើសឲ្យធ្វើជាម្ចាស់ផ្ទះនៃសន្និបាតអាស៊ីប៉ាស៊ី។

ការទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះនៃសន្និបាតនេះនឹងអនុញ្ញាតិឲ្យកម្ពុជាមានឱកាសក្នុងការផ្សព្វផ្សាយ តំបន់វប្បធម៌ប្រវត្តិសាស្រ្ដ ទំនៀមទម្លាប់ប្រពៃណី នៃប្រទេសកម្ពុជាឲ្យពិភព​លោក​បានស្គាល់អោយកាន់តែច្បាស់ផងដែរ។

សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (Junior Chamber International Cambodia – JCI Cambodia) បានបង្កើតក្នុងគោលបំណងដើម្បី អភិឌ្ឍន៍ធនធានយុវពាណិជ្ចករ ឱ្យក្លាយជាសហគ្រិនឆ្នើម តាមរយៈការរៀបចំគម្រោងកម្មវិធីនានា ដើម្បីចូលរួមដោះស្រាយបញ្ហាសង្គម ដោយស្របតាមទស្សនៈវិស័យរបស់អង្គភាព និងគោលនយោបាយ​អភិវឌ្ឃន៍នៃប្រទេស កម្ពុជា។ ដោយមានការចូលរួមខិតខំជាច្រើនឆ្នាំក្នុងការបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ជម្រុញឲ្យពួកយើងមានសមាជិកជាង ៥០០នាក់បន្តការងារ​សង្គមជាមួយគ្នា៕