សន្ដិសុខសង្គម

អ្នកបើករថយន្តHammerបុកផ្តាច់ជីវីតពីរនាក់ម្ដាយកូន,ឪពុករងរបួសធ្ងន់ពុំទាន់ចាប់ខ្លួនបាន

ដោយ:សុខុម
ភ្នំពេញ ៖មហាជនកំពុងទន្ទឹងរង់ចាំមើលសមត្ថកិច្ចរកឃើញរថយន្តម៉ាក hammerដែលបើកបំបុកគ្រួសារមួយជិះម៉ូតូឌុបគ្នាបោកផ្ទប់ទៅនឹងដើមឈើបណ្ដាលឱ្យ ស្រ្តីជាម្តាយនិងកូនតូចអាយុ២ខួបម្នាក់ស្លាប់ប្តីរងរបួសធ្ងន់។


ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ ចំណុចក្បែរវត្តភ្នំតាមបណ្តោយផ្លូវ ព្រះស៊ីសុវត្តិ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថាគេឃើញប្តីប្រពន្ធរួមទាំងកូនតូច អាយុទើបតែ២ខួប បានជិះម៉ូតូម៉ាក ZUZAKI NEXពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ព្រៃវែង 1Q-7635 ឌុបគ្នាចេញពីហាងស៊ុបមួយកន្លែងតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនមធ្យម។

លុះជិះមកដល់ចំណុចកើតហេតុខាងលើទល់មុខនិងសណ្ឋាគារ LCS ស្រាប់តែគេឃើញមានរថយន្តបង្កមួយគ្រឿងម៉ាក HUMMER ពណ៌ខ្មៅមិនចាំផ្លាកលេខ ធ្វើដំណើរមកពីក្រោយតាមបណ្តោយផ្លូវព្រះស៊ីសុវត្តិ ក្នុងទិសដៅស្របគ្នាពីត្បូងមកជើងក្នុងល្បឿនលឿនជ្រុលបុកម៉ូតូពីក្រោយម៉ូតូពេញទំហឹងផ្លោងទាំងម៉ូតូនិងជនរងគ្រោះទៅបោកផ្ទប់ដើមឈើមួយដើម។រថយន្តបង្កកាន់តែបន្ថែមល្បឿន បើកគេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។


សមត្ថកិច្ចបញ្ជាក់ថាសពប្រពន្ធឈ្មោះ គ្រួច សាមឹតអាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលម្តុំចំការដូង ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅភូមិដីថុយ ស្រុកបាភ្នំ ខេត្តព្រៃវែង។កូនដែលមានអាយុទើបពីរខួបបានស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ។ចំណែកប្តីឈ្មោះ យឿន យុន អាយុ២៣ឆ្នាំ មុខរបរជាកម្មករប្រមូលសំរាមរងរបួសធ្ងន់។


មហាជននឹងរង់ចាំមើលសមត្ថកិច្ចឆែកកាមេរ៉ាសុវត្ថិភាពដើម្បីឃាត់ខ្លួនអ្នកបើកបររថយន្តHUMMER កំពុងតែរត់គេចយកមកផ្ដន្ទាទោសតាមច្បាប់និងដើម្បីផ្ដល់សំណងទៅក្រុមគ្រួសារជនរងគ្រោះដោយភាពយុត្តិធម៌៕