អន្តរជាតិ

ប៉ូលិសវៀតណាមចាប់ខ្លួនមន្ត្រីជាន់ខ្ពស់ពីបទទទួលសំណូកពីការបូមខ្សាច់ខុសច្បាប់

ប្រែសម្រួល ៖  រតនា

ហាណូយ៖កាលពីថ្ងៃចន្ទ ទី២៥ ធ្នូ  រដ្ឋាភិបាលវៀតណាមបាននិយាយថា ប៉ូលិសវៀតណាមបានចាប់ខ្លួនមន្ត្រីថ្នាក់ខេត្តកំពូលម្នាក់ពីបទទទួលសំណូកពីការជីកយករ៉ែខ្សាច់ដោយខុសច្បាប់។

ការជីកយករ៉ែខ្សាច់សម្រាប់ចាក់បេតុងក្នុងការសាងសង់អគារ បានរីករាលដាលនៅក្នុងប្រទេសវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះជំរុញឲ្យមានការព្រមានយ៉ាងខ្លាំងពីផលប៉ះពាល់បរិស្ថាន។

ក្រសួងសន្តិសុខសាធារណៈបានចេញសេចក្តីប្រកាសជាសាធារណៈថា លោក ង្វៀន ថាញ់ប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត អាន យ៉ាង នៅតំបន់ដីសណ្តទន្លេមេគង្គ ដែលជាតំបន់ក្តៅសម្រាប់ការជីករ៉ែខ្សាច់ ត្រូវបានចាប់ខ្លួនដោយជាប់ចោទពីបទរំលោភអំណាច។

សេចក្តីថ្លែងការណ៍បាននិយាយថា លោក ប៊ិញ អាយុ ៥៩ ឆ្នាំបានបំពានអំណាចដោយអន្តរាគមន៍លើការបញ្ជាទិញរបស់ក្រុមហ៊ុន ត្រាញ់ ហ៊ូ ៦៨ កេងយកខ្សាច់លើសចំនួននៅក្នុងខេត្ត អាន យ៉ាងដោយបានទទួលសំណូកយ៉ាងច្រើនសន្ធឹកសន្ធាប់។

ប៉ូលិសបាននិយាយថា គាត់ជាមន្ត្រីដែលកាន់តំណែងខ្ពស់បំផុតនៅក្នុងខេត្តចាប់តាំងពីខែឧសភា ឆ្នាំ ២០១៩ មក ត្រូវបានប៉ូលិធ្វើការឆែកឆេរការិយាល័យ និងលំនៅឋានរបស់គាត់កាលពីថ្ងៃអាទិត្យ និងថ្ងៃចន្ទ។

ប៉ូលិសបាននិយាយកាលពីមុនថាក្រុមហ៊ុនត្រាញ់ ហ៊ូ ៦៨ បានជីកយកខ្សាច់ជាង ៤,៧ លានម៉ែត្រគូប លើសពីចំនួនកំណត់នៅក្នុងអាជ្ញាប័ណ្ណដែលមានត្រឹមតែមួយភាគបីប៉ុណ្ណោះ។

កាលពីខែសីហា អាជ្ញាធរបានចាប់អនុប្រធានរបស់លោក ប៊ិញ ឃុំឃាំង ពីបទទទួលសំណូកចំនួន ៥០,០០០ ដុល្លារអាមេរិក ក្នុងរឿងអាស្រូវដូចគ្នា មន្ត្រី និងពាណិជ្ជករជាងរាប់សិបនាក់ត្រូវបានចាប់ខ្លួនផងដែរ។

នៅក្នុងរបាយការណ៍របស់អង្គការ WWF កាលពីខែសីហា អ្នកជំនាញបានព្រមានថា ការជីកយករ៉ែខ្សាច់ដើម្បីផ្គត់ផ្គង់សំណង់របស់វៀតណាមកំពុងធ្វើឲ្យមានការបាត់បង់ធនធានធម្មជាតិយ៉ាងលឿន ដែនដីសណ្ដទន្លេមេគង្គដូចជា “ចានបាយ” សម្រាប់ប្រទេសនេះអាចនឹងរលាយអស់នៅក្នុងរយៈពេលត្រឹមតែជាងមួយទសវត្សរ៍ទៀតតែប៉ុណ្ណោះ។

ដោយនៅមានសេសសល់ខ្សាច់ដ៏តិចតួចបំផុត ទឹកទន្លេកាន់តែជ្រៅ និងហូរលឿនជាងមុន ហើយបុកច្រាំងទន្លេក្នុងកម្លាំងកាន់តែខ្លាំងបានបង្កឲ្យមានការបាក់ច្រាំងកាន់តែច្រើនថែមទៀត។

កាលពីពាក់កណ្តាលខែវិច្ឆិកា ប៉ូលិសបានចាប់ខ្លួនមន្ត្រីម្នាក់ពីបទឃុបឃិតគ្នាជាមួយក្រុមក្មេងទំនើងក្នុងការជំរិតយកលុយពីអាជីវកម្មបូមខ្សាច់នៅជិតទីក្រុងហាណូយ។

ប្រភព៖ AFP/fh