ព័ត៌មានជាតិ

ឆ្នាំ២០២៣​ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម​​ត្រូវការ១៧​ម៉ឺន​ប្លោកដើម្បីសង្រ្គោះជីវិតមនុស្ស ខណៈ២០២៤ នឹង ត្រូវការជិត២០​ម៉ឺនប្លោក

ដោយៈសិរីមតី
ភ្នំពេញ ៖ ឆ្នាំ២០២៣​នេះ មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់ឈាម​​ មានតម្រូវការឈាម​​១៧​ម៉ឺន​ប្លោក តែទទួល​បាន​ឈាមពីការ​បរិច្ចាគ​​តែ​ជាង​១២​ម៉ឺន​ប្លោកប៉ុណ្ណោះដែលទាមទារ​ឱ្យ​មាន​ការបរិច្ចាគឈាមដោយស្ម័គ្រចិត្តបន្ថែមទៀត។ទន្ទឹមនេះ ឆ្នាំ២០២៤ រំពឹងថាតម្រូវការឈាមនឹង​កើនឡើងប្រមា​ណ​​ជិត​២០​ម៉ឺនប្លោក។នេះបើតាមប្រសាសន៍របស់លោកស្រី​វេជ្ជ​បណ្ឌិត មើក សាមាន អនុប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅក្នុងពិធីទទួល​អំណោយ​ឈា​ម​ពី​ថ្នាក់​ដឹក​នាំ​និ​ងបុគ្គលិក​ធនាគារ​លីដាភីអិលស៊ី ​នាព្រឹកថ្ងៃទី​២២ ខែធ្នូ ឆ្នាំ២០២៣​ នៅការិយាល័យ​កណ្ដាលរបស់​ធនាគារ​អេស៊ី​លីដា ។

ដោយស្ថិតក្នុងស្ថានភាពខ្វះខាតឈាមនេះ លោកស្រី​វេជ្ជ​បណ្ឌិត ​បានអំពាវនាវ​ដល់សប្បុរសជន​និងមហាជនចូល​រួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​​ច្រើន​បន្ថែមទៀត​ដើម្បីសង្គ្រោះជីវិត​មនុស្ស​ដែលត្រូវការឈាមចាំបាច់។​សព្វថ្ងៃនេះ យើងមិនទាន់មានឈាម ដែលមានប្រភពពីអ្នកស្ម័គ្រចិត្ត គ្រប់គ្រាន់សម្រាប់ជួយសង្គ្រោះជីវិតមនុស្ស ដែលត្រូវការឈាមបន្ទាន់នៅឡើយទេ។ ក្នុងមួយថ្ងៃគ្រាន់តែនៅរាជធានីភ្នំពេញត្រូវការឈាមប្រមាណ១៥០ប្លោកសម្រាប់ជួយសង្គ្រោះជនរងគ្រោះនិងអ្នកជំងឺហើយនៅទូទាំងប្រទេសត្រូវការឈាមប្រមា​ណ​ ២០០ប្លោក ជារៀងរាល់ថ្ងៃ ដូចនេះ យើងត្រូវការឈាមបន្ថែមទៀត ដើម្បីសង្គ្រោះជីវិតមនុស្សបន្ទាន់។

លោកស្រីវេជ្ជបណ្ឌិត បានជំរុញ និងអំពាវនាវទៅកាន់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ជាពិសេសក្រុមយុវជន មេត្តាចូលរួមបរិច្ចាគ​ឈាម ដើម្បីយកទៅជួយជនរងគ្រោះ ដែលត្រូវការឈាមជាចាំបាច់ ហើយសកម្មភាពទាំងនេះ ពិតជាបានចូលរួមចំណែក យ៉ាងខ្លាំង លើការជួយសង្រ្គោះជីវិតមនុស្ស។ លោកស្រីវេជ្ជបណ្ឌិត បានថ្លែងបញ្ជាក់ថា បើសិនជាគ្មាន ការចូលរួមចំណែក ពីសប្បុរសជនស្ម័គ្រចិត្តទាំងឡាយនោះទេមជ្ឈមណ្ឌលជាតិផ្តល់ឈាមនិងមន្ទីរពេទ្យទាំងអស់ព្រមទាំងគ្រួសារអ្នកជំងឺពិតជាមានការ​លំបាកដោយ​សា​រ​ឈាមមានប្រភពពីក្នុងចំណោមប្រជាជនយើងដូច្នេះការចូលរួមរបស់បងប្អូនពិតជាមានសារៈសំខាន់យ៉ាងខ្លាំងណាស់។

លោកស្រីវេជ្ជ​បណ្ឌិតបាន​បន្តថា ជាទូទៅ​​តម្រូវការឈាម ​គឺមានប្រមាណ​១ភាគរយ​នៃចំនួន​ប្រជាជនសរុប​ទូទៅប្រទេស ជាក់ស្ដែង​ឆ្នាំ ២០២៣​នេះប្រជាជនកម្ពុជាសរុប​មាន​ប្រ​មាណ​ជិត​១៧​លាននាក់ដូច្នេះ​តម្រូវការឈាម​គឺ​​មានប្រមាណ​១៧​ម៉ឺន​ប្លោកហើយយើងទទួ​ល​បាន​តែ​១២ម៉ឺន​ប្លោក​ទេ ពីការ​បរិច្ចាគ​នានា​​​ក្នុងនោះ ធនា​គា​រអេ​ស៊ី​លី​ដា​​ជាដៃគូ​សំខាន់​មួយរបស់មជ្ឈមណ្ឌលជាតិផ្ដល់​ឈាម​ក្នុងការ​បរិច្ចាគឈាម​ជូន​មក​មជ្ឈម​ណ្ឌ​ល​​ដោ​​យក្នុងមួយ​ឆ្នាំ គាត់រៀបចំ​ផ្ដល់ឈាម​រហូតដល់ទៅពីរ​ដង ដោយ​ក្នុង​មួយដងៗ​មាន​រាប់​រយ​ប្លោក​ ។ សម្រាប់ឆ្នាំ ២០២៤​ កំណើ​ន​ប្រជាជន​អាច​នឹងកើនឡើង​បន្ថែម​ទៀតដូច្នេះ​តម្រូវការឈាម​សម្រាប់​ស​ង្គ្រោះ​​​​ជីវិត​មនុស្ស​ក៏​នឹ​ង​កើនឡើងដូច​គ្នាដោយ​យើង​អាចព្យាករណ៍នឹង​មានតម្រូវការ​ប្រមាណ​១៨​ទៅ១​៩ម៉ឺន​ប្លោក ដូច្នេះ​មជ្ឈមណ្ឌល​ជាតិផ្ដល់ឈាម​ត្រូវ​ស្វះស្វែង​រក និងសូម​អំពា​វ​នាវ​​ដល់​សប្បុរសជន​ចូល​រួម​បរិច្ចាគ​ឈាម​ឱ្យបានច្រើនគ្នា ។​

លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំ និងកម្មករនិយោ​ជិត​ធ​នាគា​​រ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ ដែលបាន​បរិច្ចាគ​​ឈាម​ជូនមជ្ឈមណ្ឌលជាតិ​ផ្តល់ឈាម ដើម្បីជួយសង្រ្គោះដល់​ជនរងគ្រោះ​ដែលត្រូវ​ការឈាមជា​ចាំបាច់នោះ​ ហើយ​ឈាម​ដែល​មជ្ឈមណ្ឌល​ជាតិ​ទទួល​បាន​នាពេល​កន្លងមក​ក៏​មានចំណែក​ពី​ថ្នាក់ដឹកនាំ​និងបុគ្គលិក​ធនាគារ​អេស៊ីលី​ដា​ផងដែរ ។

លោ​ក​ លី ថៃ អនុ​ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានមានប្រសាសន៍ថា៖ ការបរិច្ចាគឈាមពិ​តជា​មាន​សា​រៈ​សំ​ខាន់ខ្លាំងណាស់ក្នុងការជួយសង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាម ដើម្បី​ព្យា​បាល​ជំងឺ ។ ម្យ៉ាងវិញទៀតការចូលរួមចំណែកក្នុងកិច្ចការសង្គមដ៏មានសារៈសំខាន់មួយនេះ កម្មករ​និយោជិត ធនា​គា​រ​ អេស៊ីលីដា បានចូល​រួម​បរិច្ចាគ​ឈាមដោយ​ស្ម័គ្រចិត្ត​ចំនួន ០៦​ដង រួចមកហើយ កាលពីថ្ងៃ​ទី០៥ ខែ​មេ​សា​​ ឆ្នាំ​២០១២ ,ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៦ ,ថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ថ្ងៃ​ទី២៥ ខែមករា ឆ្នាំ២០១៩ និងថ្ងៃ០៦ ខែមីនា ឆ្នាំ២០២៣ហើយលើកនេះទៀតជាលើកទី៧។

លោក​បន្តថា បន្ទាប់ពី ស្ថានភាពជំងឺកូវីដ-១៩ បានធូរស្រាល នៅថ្ងៃ២២ខែធ្នូនេះ ជាលើកទី ០៧ ហើយ ដែលកម្មករ​និយោជិត​​ធនាគារ អេស៊ីលីដា គ្រប់​លំដាប់ថ្នាក់ នៅ​ការិ​យា​ល័​យកណ្តាល និងសាខាជុំវិញរាជធានីភ្នំពេញ សរុបចំនួន ១៧៨ នាក់ ដោយក្នុ​ង​នោះស្ត្រី​មាន​ចំនួន៦៩នាក់ បានបន្តចូលរួមបរិច្ចាគឈាមដើម្បីរួមចំណែកក្នុង​សកម្មភាព​សង្គម​ និង​​មនុស្សធម៌ សម្រាប់​បំពេ​ញតម្រូវ​ការកង្វះ​ឈាម​ក្នុងការជួយសង្គ្រោះអាយុជីវិត ជូន​ដល់​មជ្ឈមណ្ឌលជាតិ​ផ្តល់​ឈាម សម្រាប់​ជួយ​សង្គ្រោះ​ជន​រង​គ្រោះ និង​​អ្នក​​ជំ​ងឺ​​ដែលត្រូវការ​ឈាមជាចាំបាច់​ ជាពិសេស​សម្រាប់ជួយជីវិត​មនុស្ស ដែលត្រូ​វកា​រ​សង្គ្រោះ​​បន្ទាន់។ ដោយឡែក សម្រាប់កម្មករនិយោជិតធនាគារអេស៊ីលី​ដា នៅតាម​បណ្តាសាខា​ខេត្ត សរុបចំនួន ៤១០នាក់ ក្នុងនោះស្រ្តីមានចំនួន៩៣នាក់ ក៏បាន​ចូល​រួមបរិច្ចាគឈាមនៅតាមមន្ទីរពេទ្យបង្អែក​នៃ​ខេត្តនីមួយៗផងដែរ ​។

លោក​បាន​លើក​ទឹកចិត្ត​ដល់​សប្បុរសជន​ទាំងអស់​ចូលរួម​បរិច្ចាគឈាម​ ដើម្បីជួយសង្គ្រោះជីវិត​មនុស្ស ឱ្យ​បានគ្រប់ៗគ្នា​ ហើយកា​រ​បរិច្ចាគឈាមនេះដែរ មិន​ប៉ះពាល់ដល់​សុខភាពនោះទេ ផ្ទុយទៅវិញ វាបានធ្វើឱ្យ​សុខភាព​របស់យើ​ងប្រសើរ​ឡើង៕