អន្តរជាតិ

អ្នករត់ពន្ធគ្រឿងញៀន១៥នាក់ត្រូវបានសម្លាប់ក្នុងការបាញ់តដៃជាមួយទាហានថៃ

ប្រែសម្រួល៖ រតនា

បាងកក៖ កាលពីថ្ងៃចន្ទ ១៨ ធ្នូ ក្រុមមន្ត្រីយោធាថៃបាននិយាយថាយោធាថៃបានសម្លាប់អ្នករត់ពន្ធគ្រឿងញៀនចំនួន ១៥ នាក់ នៅក្នុងការបាញ់តដៃគ្នាមួយនៅក្នុងស្រុកដាច់ស្រយាលមួយកន្លែងនៃភាគខាងជើងប្រទេសក្បែរព្រំដែនប្រទេសមីយ៉ាន់ម៉ា។

ការប៉ះទង្គិចដោយមានការបាញ់តដៃគ្នាទៅវិញទោមកកាលពីល្ងាចថ្ងៃសៅរ៍បានកើតឡើងនៅក្នុងស្រុក Mae Fah Luang ខេត្ត Chiang Rai ជិតតំបន់ត្រីកោណមាស ដែលជាតំបន់ច្រមុះជ្រូករវាងប្រទេសថៃ មីយ៉ាន់ម៉ា និងឡាវដែលជាប្រភពរត់ពន្ធគ្រឿងញៀនដ៏ធំបំផុតក្នុងតំបន់អាស៊ី។

មន្ត្រី​យោធាថៃ​បាន​ប្រាប់ AFP ថា បន្ទាប់​ពីមាន​ការ​ប៉ះ​ទង្គិច​គ្នា ទាហានថៃបាន​រក​ឃើញ​កាបូប​ចំនួន ១៧ ដែល​មាន​​ថ្នាំ​អំហ្វេតាមីន​ជាង ២ លាន​គ្រាប់។

លោក​បាន​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា​យើង​មិន​ទាន់​អាច​កំណត់​អត្តសញ្ញាណ​ឧក្រិតដ្ឋជនបាន​ទេ​ថា​តើ​អ្នក​ទាំង ១៥​នាក់​នោះ​សុទ្ធ​តែ​ជា​ជនជាតិ​ថៃ​ឬ​ក៏មិនមែន​។

ប្រទេសមីយ៉ាន់ម៉ា គឺជាប្រភពផលិតថ្នាំអំហ្វេតាមីនខុសច្បាប់ដ៏ធំមួយ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនកាត់តាមប្រទេសថៃ និងឡាវ។

ប្រទេសមីយ៉ាន់ម៉ាបានស្ថិតក្នុងភាពច្របូកច្របល់ធ្វើឲ្យសេដ្ឋកិច្ចធ្លាក់ចុះចាប់តាំងពីរដ្ឋប្រហារយោធាក្នុងខែកុម្ភៈ ឆ្នាំ ២០២១ ប៉ុន្តែការផលិតថ្នាំសំយោគនៅក្នុងរដ្ឋ Shan កំពុងរីកដុះដាលរួចទៅហើយនៅមុនពេលមានរដ្ឋប្រហារ។

ការប្រយុទ្ធគ្នាដ៏សាហាវរវាងទាហានល្បាត និងពួករត់ពន្ធគ្រឿងញៀន មិនមែនជារឿងចម្លែកនោះទេ នៅតាមតំបន់ព្រៃភ្នំ តាមបណ្តោយព្រំដែនភាគខាងជើងប្រទេសថៃ ជាប់និងប្រទេសមីយ៉ាន់ម៉ា។

អ្នករត់ពន្ធម្នាក់ និងមន្ត្រីប៉ូលិសម្នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចគ្នាក្នុងខែកញ្ញាកន្លងមក ខណៈដែលកាលពីមួយឆ្នាំមុនមានជនសង្ស័យចំនួន ១៥ នាក់ត្រូវបានបាញ់សម្លាប់ដោយយោធាថៃនៅឈៀងរ៉ៃ ខណៈដែលពួកគេព្យាយាមឆ្លងកាត់ព្រំដែន៕

ប្រភព៖ AFP/nh