ចំណេះដឹង

បុណ្យពុទ្ធាភិសេកព្រះពុទ្ធបដិមាអង្គធំ៣ព្រះអង្គនិងព្រះសីវលី៦ព្រះអង្គនៅវត្តច័ន្ទស៊ីសាមគ្គីរតនារាម

ដោយ ៖  បន្ទាយ / បន្ទាយមានជ័យ

ព្រះពុទ្ធបដិមាអង្គធំចំនួន៣ព្រះអង្គនិងព្រះស៊ីវលីចំនួន៦ព្រះអង្គដែលត្រូវបានចំណាយថវិកាអស់ចំនួន ៧ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលជាសទ្ធាជ្រះថ្លាពីព្រះសង្ឃសប្បុរសជនពុទ្ធបរិស័ទក្នុងនិងក្រៅប្រទេសរួបរួមសាមគ្គីគ្នាកសាង ជាទីគោរពសក្ការបូជាស្ថិតនៅក្នុងវត្តច័ន្ទស៊ីសាមគ្គីរតនារាមស្ថិតនៅក្នុងភូមិវាំងមួងឃុំកូបស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យត្រូវបានធ្វើពិធីបុណ្យឆ្លងពុទ្ធាភិសេកព្រះអង្គធំនាថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៣ ។

លោកស្រីឧកញ៉ាអគ្គមហាឧបាសិកាពុទ្ធសាសនូប្បត្ថម្ភម៉ៅ ម៉ាល័យកែគឹមយ៉ាន និងលោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យអញ្ជើញជាអធិបតី ។

លោកលីសុវណ្ណារិទ្ធអភិបាលរងខេត្តបានសម្តែងនូវការកោតសរសើរចំពោះទឹកព្រះទ័យយកទឹកចិត្តជ្រះថ្លារបស់ព្រះតេជគុណសប្បុរសជនជិតឆ្ងាយដែលបានរួបរួមសាមគ្គីផ្ដើមកសាងនូវសមិទ្ធផលនានាក្នុងវត្តនេះឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់និងសម្រាប់ប្រជាពុទ្ធបរិស័ទធ្វើបុណ្យផ្សេងៗ ។

លោកអភិបាលរងខេត្តក៏បានបន្តថាជាមួយនឹងការថ្លែងនូវអំណរគុណនិងការកោតសរសើរនិងមោទនភាពដែលបានឃើញកម្លាំងសាមគ្គីធម៌ដ៏ប្រសើររវាងព្រះសង្ឃនិងពុទ្ធសាសនិកតែមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំ។

ពោលគឺរាជរដ្ឋាភិបាលបានផ្តល់នូវសិទ្ធិសេរីភាពយ៉ាងទូលំទូលាយដល់បងប្អូន ប្រជាពលរដ្ឋគ្រប់រូបក្នុងការគោរពប្រតិបត្តិខាងជំនឿសាសនានានានៅក្នុងប្រទេសកម្ពុជាយើង។

និងមានសាសនាផ្សេងៗទៀតតាំងនៅជាទីគោរពបូជាដែលសាសនា នីមួយៗសុទ្ធសឹងតែមានការប្រៀនប្រដៅអោយមនុស្សធ្វើជាអំពើកុសល ការគោរពធម៌វិន័យក៏មិនខុសពីការគោរ

ច្បាប់របស់រដ្ឋនិងសំដៅឲ្យមនុស្សស្គាល់អំពើបុណ្យបាបខ្លាចនិងស្អប់ខ្ពើមនូវអំពើទុច្ចរិតអបាយមុខផ្សេងៗដែលប្រាសចាកពីសីលធម៌និងវិន័យសាសនាដូចជាផ្ទុយនឹងច្បាប់របស់រដ្ឋដូចគ្នាដែរ។

ម្យ៉ាងវិញទៀតសាសនាទាំងឡាយដែលមាននៅក្នុងប្រទេសកម្ពុជា បច្ចុប្បន្នគឺមានសុខដុមរមនានឹងគ្នាយ៉ាងត្រជាក់ត្រជំប្រកបដោយសន្តិភាពទាំងផ្លូវកាយនិងផ្លូវចិត្តរូបរួមគ្នាក្នុងគោលដៅតែមួយតែសេចក្ដីសុខក្សេមក្សាន្តនិងចូលរួមអភិវឌ្ឍនៃសង្គមជាតិ ៕