កីឡា

Liverpool ថ្កោលទោសចំពោះការបំផ្លិចបំផ្លាញរថយន្តក្រុងរបស់ Manchester United

ប្រែសម្រួល៖បញ្ញា

Liverpool បានធ្វើការថ្កោលទោសចំពោះការធ្វីឲ្យខូចខាតរថយន្តក្រុងរបស់ Manchester United បន្ទាប់ពីត្រូវបានគេគប់ដបនៅតាមផ្លូវទៅកាន់ទីលានប្រកួត Anfield នៅមុនបើកការប្រកួតកាលពីថ្ងៃអាទិត្យ ទី ១៧ ខែធ្នូ។

ក្រុម Juergen Klopp បានអស់ឱកាសក្នុងការដណ្តើមយកចំណាត់ថ្នាក់កំពូលក្នុងក្របខ័ណ្ឌ Premier League បន្ទាប់ពីត្រូវបានក្រុម Manchester United តាមស្មើនៅ ទីចុងបញ្ចប់នៃការប្រកួត។

ក្លិបបាល់ទាត់ Liverpool បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ថា “ក្លិបបាល់ទាត់ Liverpool សូមធ្វើការថ្កោលទោសចំពោះទង្វើដែលបង្កឲ្យមានការខូចខាតដល់រថយន្តក្រុងរបស់ក្រុម Manchester United នៅក្នុងពេលមកដល់កីឡដ្ឋាន Anfield នាថ្ងៃរសៀលនេះ” ។

“យើងដឹងពីមូលហេតុនៃឧប្បត្តិហេតុនេះហើយឥឡូវនេះកំពុងមានសារបង្ហោះព្រោងព្រាតនៅលើអ៊ីនធឺណិត ហើយយើងកំពុងសហការជាមួយប៉ូលិសនៅ Merseyside ដើម្បីធ្វើការស៊ើបអង្កេតយ៉ាងពេញលេញទៅតាមនីតិវិធីដើម្បីនឹងឈានទៅកំណត់អត្តសញ្ញាណអ្នកដែលទទួលខុសត្រូវក្នុងឧប្បត្តិហេតុនេះ។

“បុគ្គលដែលត្រូវបានរកឃើញថាមានជាប់ពាក់ព័ន្ធនឹងត្រូវកំណត់ទោសកំហុសចំពោះសកម្មភាពហិង្សានេះ ហើយនឹងត្រូវប្រឈមចំពោះមុខច្បាប់ដោយឡែកក៏ត្រូវពិចារណាក្នុងការកំណត់ទោសទណ្ឌសម្រាប់ក្លិបទាំងមូលផងដែរ”។

បើយោងតាមវីដេអូដែលបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្ហាញថារថយន្តក្រុងរបស់ក្រុម Manchester United កំពុងធ្វើដំណើរនៅតាមបណ្តោយផ្លូវទៅកាន់កីឡដ្ឋាន Anfield ហើយនៅក្នុងពេលនោះក៏ត្រូវរងការវាយប្រហារដែលទំនងជាត្រូវនឹងអំបែងដបបណ្តាលឲ្យរថយន្តក្រុងរងការខូចខាត៕

ប្រភព៖ Reuters