អន្តរជាតិ

លោក ពូទីន ច្រានចោលការចោទប្រកាន់របស់ Biden ថារុស្ស៊ីមានផែនការវាយប្រហារណាតូ

ប្រែសម្រួល៖សហការី

មូស្គូ៖លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានច្រានចោលការចោទប្រកាន់ដែលមិនសមហេតុផលរបស់លោក ចូ បៃដិន ប្រធានាធិបតីអាមេរិកថារុស្ស៊ីនឹងវាយប្រហារណាតូ ប្រសិនបើខ្លួនឈ្នះសង្គ្រាមនៅអ៊ុយក្រែន ដោយបន្ថែមថារុស្ស៊ីមិនមានផែនការវាយប្រហារយោធាណាតូនោះទេ។

ការបង្កឲ្យមានសង្រ្គាមនៅអ៊ុយក្រែនបានធ្វើឲ្យមានវិបត្តិដ៏ចាក់ស្រេះដ៏ជ្រាលជ្រៅបំផុតក្នុងទំនាក់ទំនងរវាងទីក្រុងមូស្គូជាមួយនឹងលោកខាងលិចចាប់តាំងពីវិបត្តិមីស៊ីលគុយបាឆ្នាំ ១៩៦២។

លោក Biden បានព្រមានកាលពីឆ្នាំមុនថា ការប្រឈមមុខដាក់គ្នាដោយផ្ទាល់រវាងណាតូ និងរុស្ស៊ីនឹងបង្កឲ្យមានសង្គ្រាមលោកលើកទី ៣ ។

នៅក្នុងការស្នើសុំគណបក្សសាធារណរដ្ឋកុំឲ្យរារាំងជំនួយយោធានៅដើមខែនេះ លោក Biden បានធ្វើការព្រមានថា ប្រសិនបើលោក Putin ទទួលបានជ័យជម្នះលើអ៊ុយក្រែន នោះមេដឹកនាំរុស្ស៊ីនឹងមិនបញ្ឈប់ឡើយ ហើយនឹងបន្តវាយប្រហារប្រទេសណាតូជាបន្តទៀត។

លោកពូទីនបាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអាទិត្យ ថ្ងៃទី ១៧ ធ្នូ ដោយទូរទស្សន៍រដ្ឋ Rossiya ថា “វាមិនសមហេតុសមផលនោះទេតែខ្ញុំជឿថាលោក Biden ច្បាស់ជាយល់យ៉ាងដូច្នេះ” ដោយបន្ថែមថា Biden កំពុងបង្ហាញថាគាត់គិតខុសស្រឡះអំពីរុស្សីពិតជាត្រឹមត្រូវណាស់ដែលអាមេរិកតែងតែយល់ខុសលើ “គោលនយោបាយ” រុស្ស៊ី។

លោក ពូទីន បាននិយាយថាសម្រាប់ “រុស្ស៊ីមិនដែលមានបំណងកេងយកប្រាក់ ឬដើម្បីផលប្រយោជន៍ភូមិសាស្ត្រនយោបាយ ដាក់សម្ពាធសេដ្ឋកិច្ច ខាងនយោបាយ ឬយោធាដើម្បីយកប្រៀបលើប្រទេសណាតូ”នោះទេ ។

សម្ព័ន្ធភាពណាតូដឹកនាំដោយសហរដ្ឋអាមេរិកត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៤៩ ដើម្បីផ្តល់កិច្ចកាពារផ្នែកសន្តិសុខដល់លោកខាងលិចប្រឆាំងនឹងសហភាពសូវៀត។ បន្ទាប់ពីការដួលរលំរបបសហភាពសូវៀតឆ្នាំ ១៩៩១ ណាតូត្រូវបានពង្រីកខ្លួនដោយរួមបញ្ចូលប្រទេសមួយចំនួនដែលជាអតីតសហភាពសូវៀត និងវ៉ារស្សាវ៉ា។

លោកពូទីនបានបោះបង់ចោលការពង្រីកខ្លួនក្រោយសង្គ្រាមត្រជាក់របស់ណាតូម្តងហើយម្តងទៀតដែលធ្វើឲ្យបណ្តាប្រទេសបស្ចិមលោកបង្កើនឥទ្ធិពលរបស់ខ្លួនយ៉ាងក្រអឺតក្រទម។

យោងតាមមាត្រា ៥ នៃសន្ធិសញ្ញា NATO “រដ្ឋជាភាគីយល់ថារាល់ការវាយប្រហារប្រដាប់អាវុធណាមួយប្រឆាំងនឹងប្រទេសរបស់ពួកគេមួយ ឬច្រើននៅអឺរ៉ុប ឬនៅអាមេរិកខាងជើង នឹងត្រូវចាត់ទុកថាជាការវាយប្រហារប្រឆាំងនឹងពួកគេទាំងអស់គ្នា”។

លោកពូទីនបាននិយាយថា ការចូលរួមរបស់ប្រទេសហ្វាំងឡង់ទៅក្នុងអង្គការណាតូក្នុងខែមេសានឹងបង្ខំឲ្យរុស្ស៊ី “ប្រមូលផ្តុំកងទ័ពមួយចំនួន” នៅភាគខាងជើងប្រទេសលាតសន្ធឹងជិតព្រំដែនហ្វាំងឡង់។

  • សង្រ្គាមចាស់គំរិល?

ការបរាជ័យក្នុងការវាយបករបស់អ៊ុយក្រែននៅក្នុងឆ្នាំនេះ បានធ្វើឲ្យមានជាចម្ងល់សម្រាប់លោកខាងលិច និងក្នុងប្រទេសអ៊ុយក្រែន អំពីថាតើគោលដៅពិតប្រាកដរបស់អ៊ុយក្រែន និងលោកខាងលិច ក្នុងការកម្ចាត់កងកម្លាំងរុស្ស៊ីនៅអ៊ុយក្រែនខ្លាំងដល់កម្រិតណា?

មន្ត្រីក្រុងមូស្គូ និងលោកខាងលិចបាននិយាយម្តងហើយម្តងទៀតអំពី “សង្រ្គាមត្រជាក់ថ្មី” ដោយរុស្ស៊ី និងចិនឈរនៅម្ខាង ចំណែកអាមេរិកនិងលោកខាងលិចឈរនៅម្ខាងទៀត។

នៅក្នុងពេលដែលគេសួរអំពីគោលជំហរជាមូលដ្នានរបស់លោកខាងលិច លោកពូទីនបាននិយាយថា “លោកខាងលិចមានគោលជំហររួមគ្នា ពីព្រោះពួកគេមានគោលដៅប្រឆាំងជាមួយយើងតែម្នាក់”។

មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិក ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបាននិយាយកាលពីខែមុនថា លោក ពូទីន នឹងមិនបង្កើតសន្តិភាពនៅមុនពេលគាត់ដឹងពីលទ្ធផលបោះឆ្នោតនៅសហរដ្ឋអាមេរិកនៅក្នុងខែវិច្ឆិកាខាងមុខនេះនោះទេ ។

លោកពូទីនបាននិយាយថាលោកខាងលិចនៅមិនទាន់បានដឹងពីទំហំនៃការប្រែប្រួលដែលកើតឡើងដោយសារការដួលរលំរបបសហភាពសូវៀតឆ្នាំ ១៩៩១ ដែលលោកបាននិយាយថារុស្សីបានលប់ចោលមូលដ្ឋានមនោគមវិជ្ជាប្រឈមមុខដាក់គ្នារវាងរុស្ស៊ីនិងលោកខាងលិចរួចទៅហើយ។

លោកពូទីនជាអតីតចារកម្ម KGB ដែលបានឡើងកាន់អំណាចក្នុងឆ្នាំ ១៩៩៩ បានថ្លែងអំពីការចាប់អារម្មណ៍របស់គាត់ចំពោះពិភពលោកនៅក្នុងឆ្នាំ ២០០០ ថា “ខ្ញុំថាលោកខាងលិចពិតជាឆោតល្ងង់” ។

លោកពូទីនបានបន្តថា “ការពិតទៅបន្ទាប់ពីការដួលរលំសហភាពសូវៀតលោកខាងលិចគិតថារង់ចាំបន្តិចទៀតពួកគេអាចបំផ្លាញរុស្ស៊ីបានទាំងស្រុង” ។

លោក ពូទីន ចាត់ទុកការធ្វើសង្រ្គាមជាផ្នែកមួយនៃការតស៊ូប្រឆាំងនឹងអាមេរិក ដែលឥស្សរជនវិមានក្រឹមឡាំងនិយាយថា អាមេរិកមានគោលដៅបំបែកប្រទេសរុស្ស៊ីជាពី ដើម្បីដណ្តើមយកធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់របស់ខ្លួន ហើយបន្ទាប់មកងាកទៅចាត់ការចិនតាមក្រោយ។

លោកខាងលិចយល់ឃើញថារុស្ស៊ី និងចិនជាការគំរាមកំហែងសម្រាប់ខ្លួន តែគេនៅតែនិយាយថា ខ្លួនគ្មានផែនការបំផ្លាញរុស្ស៊ីទេ។ អ៊ុយក្រែន​និយាយ​ថា​ខ្លួន​មិន​បញ្ឈប់ការប្រយុទ្ធរហូត​ទាល់​តែ​ទាហាន​រុស្ស៊ី​ចុងក្រោយ​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​ទឹកដី​ខ្លួន៕

ប្រភព៖ Reuters/fh