សេដ្ឋកិច្ច

ពាណិជ្ជករកម្ពុជា-ជប៉ុន មកពីក្រុមហ៊ុន៨០ ស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់នាំចេញផលិតផល

ដោយៈសិរីមតី
ភ្នំពេញ៖ ព្រះរាជាណាចក្រកម្ពុជា បានធ្វើជាម្ចាស់ផ្ទះរៀបចំជំនួបពាណិជ្ជកម្មស្តីពីការជំរុញនាំចេញផលិតផលសក្តានុពលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ជំនួបពាណិជ្ជកម្មនេះ ជាផ្នែកមួយនៃពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា លើកទី១៦ ដែលបានប្រារព្ធធ្វើពីថ្ងៃទី១៥ខែធ្នូដល់១៨ខែធ្នូ នៅមជ្ឈ មណ្ឌល កោះពេជ្រ។

ឯកឧត្តម អ៊ុ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា៖កម្មវិធីជំនួបពាណិជ្ជកម្ម នេះមាន ការចូលរួមពីក្រុមហ៊ុនកម្ពុជា និងបរទេសចំនួនជាង ៨០ក្រុមហ៊ុន មកពីប្រទេសចិន ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ជប៉ុន ព្រមទាំងសហព័ន្ធស្រូវអង្ករកម្ពុជា សមាគម ពាណិជ្ជករជាតិ និងអន្តរជាតិ។

ក្រុមហ៊ុនទាំងនេះបានចូលរួមតាំងបង្ហាញនូវផលិតផលជាច្រើន រួមមាន៖ ស្រូវ-អង្ករ ដំឡូងមី ម្រេច ចេកអំបូងលឿង មៀនប៉ៃលិន ស្វាយចន្ទី អំបិល ស្ករត្នោត សំបុកទឹក មាត់ត្រចៀកកាំ ដំណាប់ស្វាយ ទឹកឃ្មុំ កាហ្វេ កាកាវ គ្រឿងទេស គ្រឿងសំណង់ និងសិប្បកម្មតម្បាញ ជាដើម។

ដោយឡែក ជាផ្នែកមួយនៃពិព័រណ៍ផលិតផលខ្មែរ និងទំនិញនាំចេញ-នាំចូលកម្ពុជា នាថ្ងៃទី១៦ ខែធ្នូ នៅសណ្ឋាគារកាំបូឌីយ៉ាណា កម្ពុជាក៏បានរៀបចំ “វេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ី” ក្នុងគោលបំណងផ្លាស់ប្តូរនិងស្វែងរកឱកាសចាប់ដៃគូពាណិជ្ជកម្ម ក៏ដូចជាស្វែងរកទីផ្សារសម្រាប់នាំចេញផលិតផល និងបង្កើនពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។វេទិកាធុរកិច្ច និងវិនិយោគ កម្ពុជា-ឥណ្ឌូណេស៊ីនេះ មានការចូលរួមពីពាណិជ្ជករ និងវិនិយោគិនកម្ពុជា និងឥណ្ឌូណេស៊ី ចំនួន១២០រូប ដែលរួមមាន៖ វិស័យស្រូវ-អង្ករ ដំឡូងមី ម្រេច មៀនប៉ៃលិន ស្វាយចន្ទី សំបុកត្រចៀកកាំ ស្ករត្នោត អំបិល ផលិតផលសូត្រ គ្រឿងទេស ថ្មក្រានីត កាហ្វេនិងកាកាវ ផលិតលកសិកម្ម និងម្ហូបអាហារផងដែរ។ នៅក្នុងវេទិកានេះដែរ ក៏មានវាគ្មិនមកពីក្រសួងពាណិជ្ជកម្ម ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងការបរទេសឥណ្ឌូណេស៊ី បានធ្វើបទការបង្ហាញអំពីឱកាស និងសក្តានុពល ពាណិជ្ជកម្មនិងវិនិយោគនៅកម្ពុជា និងឥណ្ឌូណេស៊ី ផងដែរ៕