សេដ្ឋកិច្ច

បណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងលោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club ទទួលបានពានអ្នកអប់រំឆ្នើម

ភ្នំពេញ៖បន្ទាប់ពីបានខិតខំប្រឹងប្រែងអស់រយ:ពេល១៤ឆ្នាំក្នុងបេសកកម្មបណ្ដុះបណ្ដាលកសាងសមត្ថភាពសហគ្រិនដែលជាកម្លាំងទ័ពសេដ្ឋកិច្ចជាតិ នាថ្ងៃទី១៤ ធ្នូនេះ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានផ្ដល់កិត្តិយសប្រគល់ជូនពាន​អ្នកអប់រំឆ្នើមជាផ្លូវការ​ជូន​ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ស្ថាបនិកវិទ្យាស្ថានស៊ីអ៊ីអូ និងលោកជំទាវ សូ សេរីវឌ្ឍនា អគ្គនាយិកា CEO Master Club ក្នុងកម្មវិធីរាត្រីសមោសរ​ជួបជុំម្ចាស់​អាជីវកម្មកម្ពុជា CEO Award 2023 ដែលជាមហាព្រឹត្តិការប្រចាំឆ្នាំរបស់ វិទ្យាស្ថានស៊ីអ៊ីអូ។

ការប្រគល់ពានអ្នកអប់រំឆ្នើមគឺជាការទទួលស្គាល់ស្នាដៃដ៏ឆ្នើមក្នុងការអប់រំបណ្តុះបណ្តាលធនធានមនុស្សឱ្យក្លាយទៅជាមូលធនមនុស្សដ៏មានប្រយោជន៍បំផុតសម្រាប់គ្រួសារ ស្ថាប័ន សង្គមជាតិ និងពិភពលោក ប្រកបដោយភាពប៉ិនប្រសប់ ច្នៃប្រឌិតខ្ពស់ និងមាននិរន្តភាព។ កន្លងមកនេះ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា ក៏ធ្លាប់ទទួលបានពាន​កិត្តិយស​ចំនួន២ប្រភេទពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជារួមមាន ពានកិត្តិយសលោកគ្រូធំឆ្នើម Best Guru Award នៅក្នុងឆ្នាំ២០១៩ និងពានស្ថាបនិកឆ្នើម Best Founder Award នៅក្នុងឆ្នាំ២០២២ខណៈដែលលោកជំទាវសូ សេរីវឌ្ឍនា ទទួលបាន ពាន អ្នកដឹកនាំឆ្នើម Best Leader Award ក្នុងឆ្នាំជាមួយគ្នាផងដែរ។

ក្នុងនាមជាសហគ្រិនឆ្នើមអ្នកដឹកនាំឆ្នើមស្ថាបនិកឆ្នើមឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានបង្កើតវិទ្យាស្ថានស៊ីអ៊ីអូសម្រាប់បណ្ដុះបណ្ដាលថ្នាក់បរិញ្ញាបត្រ ថ្នាក់​បរិញ្ញាបត្រ​រង ជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិ ដែលជួយនិស្សិតឱ្យក្លាយជា និស្សិតឆ្នើម បុគ្គលិកឆ្នើម អ្នកដឹកនាំឆ្នើម សហគ្រិនឆ្នើម និងក្លាយជាអ្នកមានចំណូល​ខ្ពស់ក្នុងវ័យ៣០ឆ្នាំ។ លើសពីនេះទៅទៀត វិទ្យាស្ថានស៊ីអ៊ីអូ តាមរយៈ CEO Master Club ដែលមានទស្សនៈវិស័យចង់ឃើញប្រទេសកម្ពុជា​ក្លាយជាប្រទេសអ្នកមានបាន​ឆាប់រហ័ស បាននឹងកំពុងធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការបង្វឹកសមាជិកពេញមួយជីវិតរបស់ខ្លួនដែលជាម្ចាស់អាជីវកម្ម ឱ្យមានសមត្ថភាព បម្លែងការ​ដឹកនាំគ្រប់គ្រង​ចាត់ចែង​អាជីវកម្មរបស់ខ្លួនពីតូចទៅធំ ពីលក្ខណៈហេងស៊យឬលក្ខណៈគ្រួសារទៅជាលក្ខណៈស្ដង់ដារ ហើយមានសក្តានុពលអាចពង្រីកអាជីវកម្មរបស់ខ្លួនទៅទូទាំងប្រទេសបាន ក៏ដូចជាពង្រីកខ្លួនទៅកាន់ពិភពលោកបានផងដែរ។

ក្នុងនាមជាគ្រូបង្វឹកឆ្នើមក្នុងរយៈពេល១៤ឆ្នាំ មកនេះ ឯកឧត្តមបណ្ឌិត អោម សេងបូរ៉ា បានបូជាទាំងពេលវេលា កម្លាំង កាយចិត្ត ប្រាជ្ញា ស្មារតី ដើម្បីបង្កើត កម្មវិធីបណ្តុះ​បណ្តាលដែលមានលក្ខណៈពិសេសនិងមានភាពច្នៃប្រឌិតខ្ពស់ ដើម្បីជួយដល់អ្នកសិក្សាដែលមានកម្រិតសិក្សាខុសគ្នាតំណែងតួនាទីខុសគ្នា វ័យខុសគ្នា អាចរៀនជាមួយគ្នា​បានប្រកបដោយភាពងាយស្រួល និង ប្រសិទ្ធ ភាពខ្ពស់។ ឯកឧត្តមពិតជាមានសេចក្តីពេញចិត្តរីករាយក្រៃលែង ដែលឯកឧត្តមបានឃើញសមាជិកពេញមួយជីវិត​របស់​លោក​មាន​ភាពរីកចម្រើនសុខដុម្យរមនា ទាំងនៅក្នុងភាពជាខ្លួនឯង ភាពជាគ្រួសារ ភាពជាស្ថាប័នអាជីវកម្ម ការពង្រីកទំនាក់ទំនងនៅក្នុងសង្គម ក៏ដូចជាការចូលរួមចំណែកកិច្ចការ​សង្គមនិងមនុស្សធម៌បានច្រើនជាងមុន។

រហូតមកដល់ពេលនេះ CEO Master Club នៃវិទ្យាស្ថានស៊ីអ៊ីអូ បានធ្វើការបណ្ដុះបណ្ដាលសហគ្រិនកម្ពុជាយើងបានចំនួនរាប់ម៉ឺននាក់ និងមានសមាជិកម្ចាស់​អាជីវកម្ម​ពេញ​មួយជីវិតចំនួន ១,៧៤៨នាក់ ទាំងនៅក្នុង និងនៅក្រៅប្រទេស ដែលពួកគាត់ទាំងអស់បានកាន់កាប់អាជីវកម្ម ប្រមាណ ៣,៤០០ក្រុមហ៊ុននិងបានចូលរួមបង្កើតប្រតិបត្តិការ​អាជីវកម្ម​ជាទឹកប្រាក់ប្រមាណ៣,៤០​០​លានដុល្លារក្នុង១ឆ្នាំ និងបានជួយបង្កើតការងាររកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋប្រមាណ១៧ម៉ឺននាក់ ទៀតផង។

ឯកឧត្តមបណ្ឌិតយល់ឃើញថា ការជួយជ្រោមជ្រែងម្ចាស់អាជីវកម្មរបស់យើងឱ្យជោគជ័យ គឺជាការជួយដល់សេដ្ឋកិច្ចជាតិរបស់យើងឱ្យមានភាពរីកចម្រើននិងរឹងមាំបាន​ឆាប់រហ័សព្រោះពួកគាត់បានចូលរួមចំណែកបង្កើតផលិតផលសេវាកម្មដែលជាតម្រូវ​កា​ររបស់សង្គមបានច្រើន បង្កើតការងារនិងប្រាក់ចំណូលជូនប្រជាពលរដ្ឋបានច្រើន បណ្តុះបណ្តាលធនធានមនុស្សនៅកន្លែងការ​ងារជាក់ស្តែងបានច្រើន បង្កើនប្រាក់ចំណូលជូនរដ្ឋតាមរយៈការបង់ពន្ធបានច្រើន និង ជាមូលដ្ឋានគ្រឹះសេដ្ឋកិច្ចក្នុងស្រុក​ដែលមិនអាច​ខ្វះបានគ្រប់​កាលៈទេសៈទាំងអស់។ ឯកឧត្តមបណ្ឌិតចាត់ទុក “សហគ្រិនល្អគឺជាជនស្នេហាជាតិ” ដែលពាក្យស្លោកនេះក៏ទទួលបានការគាំទ្រពីសំណាក់ពី សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕

សូមទស្សនាវីដេអូតាមរយៈតំណ Linkនេះhttps://www.facebook.com/ceomasterclub/videos/6966908093396703/