សន្ដិសុខសង្គម

ឆេះរោងចក្រផលិតអំពូលភ្លើង បំផ្លាញអស់សម្ភារជាច្រើន

ដោយ៖វិចិត្រ
ភ្នំពេញ៖អគ្គិភ័យឆាបឆេះ រោងចក្រផលិតអំពូលភ្លើង យ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យសម្ភារបានខូចខាតយ៉ាងច្រើនសន្ធឹកសន្ធាប់។គ្រោះអគ្គិភ័យនេះបានកើតឡើង នៅភូមិកប់គង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែធ្នូ។

មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា រោងចក្រផលិតខ្សែភ្លើងដែលឆេះនោះ ប្រភេទសំណង់ប្រក់សង្ក័សី ទំហំបណ្តោយ៣០ម៉ែត្រទទឹង២០ម៉ែត្រ យីហោ“ជ័រធីប្រាយធីង” ម្ចាស់ជាជនជាតិចិន។មុនកើតហេតុរោងចក្រខាងលើត្រូវបានកម្មករ សម្រាកមិនមានធ្វើការងារទេ។លុះដល់វេលាកើតហេតុស្រាប់តែឃើញមានភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅនៅផ្នែកខាងក្រោយនៃរោងចក្រ។

ភ្លាមនោះប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ចភ្លាមៗ។ក្រោយពីទទួលបានព័ត៌មានកម្លាំងជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍ ដោយចេញរថយន្តពន្លត់អគ្គិភ័យចំនួន១៩គ្រឿងជួយបាញ់ទឹកពន្លត់។ភ្លើងមិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋទេ។

មូលហេតុនៃការឆាបឆេះបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ចំណែកទំហំនៃការខូចខាតមន្ត្រីមូលដ្ឋានកំពុងបន្តនីតិវិធី៕