អន្តរជាតិ

ជប៉ុន និង អាស៊ាន ឯកភាពគ្នាលើកកម្ពស់សហប្រតិបត្តិការផ្នែកសន្តិសុខលំហសមុទ្រ

ប្រែសម្រួល៖សហការី

តូក្យូ៖ នៅថ្ងៃអាទិត្យទី ១៧ ធ្នូ មេដឹកនាំអាស៊ីអាគ្នេយ៍ និងជប៉ុនបានពិភាក្សាគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការដើម្បីពង្រឹង “សន្តិសុខលំហសមុទ្រ” ក្នុងគោលបំណងប្រឆាំងនឹងការអះអាងកាន់តែខ្លាំងឡើងរបស់ចិន។

ក្រុងប៉េកាំងបានទាមទារស្ទើរតែទាំងស្រុងនូវដែនសមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មដ៏សំខាន់ថែមទាំងមានដាក់ពង្រាយកងនាវានិងប្រើប្រាស់វិធីសាស្រ្តផ្សេងៗទៀតដើម្បីទាមទារស្ទើរតែទាំងស្រុងនូវដែនសមុទ្រចិនខាងត្បូងសម្រាប់ជារបស់ខ្លួនដែលធ្វើឲ្យតំបន់នេះក្លាយទៅជាតំបន់ជម្លោះនិងធ្វើឲ្យប្រទេសនាៗនៅទូទាំងតំបន់ក៏ដូចជាក្រុងវ៉ាស៊ីនតោនចូលរួមទប់ស្កាត់ការអះអាងរបស់ចិនផងដែរ។

ប្រទេសជប៉ុន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅថា អាស៊ាន បានឯកភាពគ្នាពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ដែនសមុទ្រដោយផ្អែកលើនីតិរដ្ឋ រួមទាំងសេរីភាពលំហសមុទ្រ និងសុវត្ថិភាពក្នុងការធ្វើនាវាចរណ៍ និងការហោះហើរពាណិជ្ជកម្មដោយគ្មានការារាំង។ សេចក្តីថ្លែងការណ៍រួមនឹងត្រូវប្រកាសបន្ទាប់ពីកិច្ចប្រជុំកំពូលនៅទីក្រុងតូក្យូ។

ចិនបាននិយាយថា ពួកគេនឹង “បង្កើនការយល់ដឹងអំពីបញ្ហាដែនសមុទ្រនិងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងចំណោមឆ្មាំសមុទ្រ និងភ្នាក់ងារអនុវត្តច្បាប់ពាក់ព័ន្ធ តាមរយ:ពង្រឹងកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពដែនសមុទ្រដើម្បីធានាដល់ការដោះស្រាយជម្លោះដោយសន្តិវិធីនិងមិនមានការគំរាមកំហែង ឬប្រើប្រាស់កម្លាំង​ស្រប​តាម​គោលការណ៍​ច្បាប់​អន្តរជាតិ​ដែល​ទទួល​ស្គាល់​ជា​សាកល”។

ជប៉ុន ដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់អាមេរិក ដែលមានជម្លោះទឹកដី និងជម្លោះផ្សេងទៀតជាមួយចិន កំពុងបង្កើនការចំណាយលើវិស័យការពារជាតិ និងបានពង្រីកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយបណ្តាប្រទេសនៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។

កាលពីថ្ងៃសៅរ៍ជប៉ុនបានប្រកាសថាខ្លួននឹងជម្រុញឲ្យមានទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយម៉ាឡេស៊ី និងសន្យាផ្តល់មូលនិធិចំនួន ៤០០ លានយ៉េនស្មើនឹង ២.៨ លានដុល្លារអាមេរិក សម្រាប់ឧបករណ៍ “ព្រមាន និងតាមឃ្លាំមើល” ។

កាលពីខែមុនជប៉ុនបានយល់ព្រមជួយហ្វីលីពីនទិញនាវាសម្រាប់ឆ្មាំឆ្នេរសមុទ្រ និងជួយផ្គត់ផ្គង់ប្រព័ន្ធរ៉ាដា ហើយប្រទេសទាំងពីរកំពុងពិភាក្សាគ្នាអំពីការដាក់ពង្រាយកងទ័ពរួមគ្នា។

កាលពីសប្តាហ៍មុនប្រទេសជប៉ុនបានសម្តែង “ការព្រួយបារម្ភ” អំពី “សកម្មភាពប្រកបដោយគ្រោះថ្នាក់” បន្ទាប់ពីមានការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងនាវាហ្វីលីពីន និងនាវាចិន នៅឯចំណុចថ្មប៉ប្រះទឹក ដែលមានការប៉ះទង្គិចគ្នាហើយកងនាវាចិនបានបាញ់ទឹកដាក់កងនាវាហ្វីលីពីន ។

កាលពីថ្ងៃសៅរ៍ លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍សាធារណៈ NHK របស់ប្រទេសជប៉ុនថា “ស្ថានភាពនៅសមុទ្រចិនខាងត្បូងមានការរីកចម្រើនកាន់តែខ្លាំងឡើងគួឲ្យកត់សម្គាល់” ។

ខុទ្ទការល័យប្រធានាធិបតីហ្វីលីពីនបានដកស្រង់សម្តីរបស់ប្រធានាធិបតីដែលនិយាយថា ប្រទេសចិនធ្វើការអះអាងកាន់តែច្រើនឡើងហើយបានបង្កបញ្ហាប្រឈមចំពោះប្រទេសជិតខាងរបស់ខ្លួននៅអាស៊ី អាគ្នេយ៍ហេតុនេះហើយក្រុងម៉ានីលត្រូវតែពង្រឹងកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅជាមួយនឹងក្រុងតូក្យូ ក្រុងវ៉ាស៊ីនតោន និងបណ្តាប្រទេសដែលមានគំនិតដូចគ្នាផ្សេងទៀតតាមរយ:ការធ្វើសមយុទ្ធរួមគ្នា៕

ប្រភព៖ AFP/fh