ព័ត៌មានជាតិ

ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា៖ការកើនឡើងអ្នកជំងឺតម្រងនោមជាកង្វល់ដ៏ធំមួយ

ដោយៈសិរីមតី
ភ្នំពេញ៖ចំនួនអ្នកជំងឺតម្រងនោមនៅប្រទេសកម្ពុជាមានការកើនឡើងជាលំដាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ​នេះជាក្តីកង្វល់ដ៏ធំមួយសម្រាប់ការអភិវឌ្ឍ​សង្គម​ជាតិព្រោះអ្នកដែលកើតជំងឺតម្រងនោមគ្មានការថែទាំព្យាបាលត្រឹមត្រូវនឹងវិវត្ត​ឈា​ន​ទៅ​រកជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។

នេះជាការលើកឡើងរបស់លោកសាស្ត្រាចារ្យ លឹម វឌ្ឍនា ប្រធានសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា នៅក្នុងសន្និបាតសមាគមគ្រូពេទ្យតម្រងនោម​កម្ពុជានា​ថ្ងៃទី១៦​ ខែធ្នូ ​ឆ្នាំ២០២៣ ​នៅសណ្ឋាគារសុខាភ្នំពេញ។

លោកបានបញ្ជាក់ថា៖«ជំងឺតម្រងនោម ទាមទារឱ្យមានការព្យាបាលច្រើន ដូចជាការលាងឈាមរហូតដល់ការផ្សាំតម្រងនោម។ពួកគេនឹងប្រឈមមុខនឹងបញ្ហាជាច្រើនក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ជាពិសេសគឺបញ្ហាហិរញ្ញវត្ថុ ហើយអ្នកជំងឺ នឹងក្លាយជាបន្ទុកសម្រាប់គ្រួសារក៏ដូចជាសង្គមជាតិទាំងមូល»។

លោកសាស្ត្រាចារ្យបានមានប្រសាសន៍ទៀតថា៖«ដោយសារមូលហេតុទាំងនេះ ទើបគ្រូពេទ្យរបស់យើង ជាពិសេស គ្រូពេទ្យផ្នែកតម្រងនោម ក្រោមការដាក់ចេញនូវគោលនយោបាយ ប្រកបដោយប្រសិទ្ឋភាព និងការចង្អុលបង្ហាញដ៏ឆ្លាតវៃរបស់រាជរដ្ឋា​ភិ​បាល ក៏ដូចជាក្រសួងសុខាភិបាល យើងបានខិតខំស្វែងរកមធ្យោបាយ និងដំណោះស្រាយដ៏ត្រឹមត្រូវ ដើម្បីជួយសម្រាលបន្ទុកដល់អ្នកជំងឺ និងក្រុមគ្រួសារជាពិសេស ដើម្បីចូលរួមដោះស្រាយបញ្ហានេះ ហើយយើងបានទទួលការជួយជ្រោមជ្រែង ដ៏ច្រើនសន្ធឹកសន្ធាប់​ពី​ដៃគូរបស់យើងគឺមិត្តជប៉ុន»។

ទាក់ទិននឹងបញ្ហានេះផងដែរ លោកលឹម វឌ្ឍនា បានសំណូមពរដល់សាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់​ឱសថបុរាណ​និងការប្រើ​ប្រាស់ថ្នាំ​ដោយ​ខ្លួនឯង​ដែលវាគឺជាកត្តាចម្បងមួយនាំឱ្យកើតជំងឺតម្រងនោមធ្ងន់ធ្ងរ។

លោកសាស្ត្រាចារ្យបានឱ្យដឹងថា៖តាមការសង្កេតរបស់លោក​ វាបានកើតឡើងជាញឹកញាប់នាពេលបច្ចុប្បន្ននេះ។ ហេតុដូច្នេះហើយ មុននឹងប្រើប្រាស់ថ្នាំណាមួយ យើងត្រូវពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិតឲ្យបានត្រឹមត្រូវ ដើម្បីជៀសវាងផលប៉ះពាល់របស់ថ្នាំ ដែលអាចឈានទៅដល់ការខូចសរីរាង្គ ឬរហូតទៅដល់ការបាត់បង់ជីវិត។

សម្រាប់សន្និសីទក្រោមប្រធានបទ«ជំងឺតម្រងនោមក្នុងប្រទេសកម្ពុជាក្រោយកូវីដ១៩៖ The Nephrology in Cambodia After Covid-19 Period »នាពេលនេះ គួរឱ្យចាប់អារម្មណ៍ និងមានអត្ថប្រយោជន៍ជាច្រើន។ គោលបំណងសំខាន់នៃការធ្វើបទបង្ហាញរបស់យើងគឺចង់ចែករំលែកចំណេះដឹងដល់សាធារណជន ជាពិសេស​ដល់វេជ្ជបណ្ឌិតទាំងអស់អំពីវិធីបង្ការ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺដែលមានជំងឺតម្រងនោមក្នុងគោលបំណងលើកកម្ពស់សុខមាលភាពរបស់ប្រជាជនកម្ពុជា»។

លោក សង្ឃឹមយ៉ាងមុតមាំថា៖សន្និបាតនេះនឹងក្លាយជាពេលវេលាដ៏ល្អ សម្រាប់យើងទាំងអស់គ្នាដើម្បីពិភាក្សា និង​ចែករំលែកចំណេះដឹង ទាក់ទងនឹងជំងឺតម្រងនោម​។យើងអាចសិក្សានិងពង្រឹងសមត្ថភាពរបស់យើងក្នុងការផ្តល់ការថែទាំនិងព្យាបាលអ្នកជំងឺកាន់តែប្រសើរឡើង។

លោក លឹម សុជន់ អគ្គលេខាធិការសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានមានប្រសាសន៍ឱ្យដឹងថា៖សមាគម បានត្រូវបង្កើត​ឡើងនា​ឆ្នាំ២០១៦ និងបានធ្វើសន្និបាត​ជារៀងរាល់ឆ្នាំ លើកលែងតែឆ្នាំ២០២០ និង២០២១ ដោយសារជំងឺកូវីដ ។គោលដៅធំនៃការរៀបចំសន្និបាតគឺចង់ឱ្យគ្រូពេទ្យនៅរាជធានីភ្នំពេញ​និងតាមបណ្ដាខេត្តទទួល​បាននូវ​ចំណេះដឹង បទពិសោធន៍ បច្ចេកទេសថ្មី​ៗ ​ការព្យាបាលទំំនើបៗ ដែលផ្តល់ជូនដោយគ្រូពេទ្យឯកទេសនិងក្រុមគ្រូពេទ្យជប៉ុន។ នៅពេលពួកគាត់ទទួលបានចំណេះដឹង ពួកគាត់អាចជួយព្យាបាល ណែនាំនិងផ្តល់ដំបូន្មានអំពីការថែទាំ ការគ្រប់គ្រង និងបង្ការជំងឺតម្រងនោម។

លោកបានរំលេចថា៖«ចំនួនអ្នកជំងឺខ្សោយតម្រងនោមមានការកើនឡើងជារៀងរាល់ឆ្នាំ។ នៅកម្ពុជាពីមុនមានមជ្ឈមណ្ឌល​លាង​ឈាម​តែមួយទេ​នៅមន្ទីរពេទ្យ​កាល់ម៉ែតតែ​ឥឡូវមានមជ្ឈមណ្ឌលលាងឈាមនៅភ្នំពេញជាច្រើនកន្លែងនិងនៅខេត្តសៀមរាប ខេត្តបាត់ដំបងនិងខេត្តមួយចំនួនទៀត»។

អគ្គលេខាធិការសមាគមគ្រូពេទ្យតម្រងនោមកម្ពុជា បានឱ្យដឹងទៀតថា៖មូលហេតុធំបណ្ដាលឲ្យមានជំងឺខ្សោយតម្រងនោមមានច្រើនតែមូលហេតុសំខាន់ចម្បងបីគឺ៖១-ជំងឺទឹកនោមផ្អែម៖ថ្ងៃក្រោយជំងឺនេះនឹងវិវត្តទៅជាជំងឺខ្សោយតម្រងនោមបើការព្យាបា​ល​​មិនបានត្រឹមត្រូវ ការវិវត្តទៅជាជំងឺខ្សោយតម្រងនោមកាន់តែលឿនតែបើមាន​ការព្យាបាលត្រឹមត្រូវ ការវិវត្តយឺត។២-ជំងឺលើស​សម្ពាធឈាម ៖ទាមទារឲ្យមានការគ្រប់គ្រងសម្ពាធឈាម និងព្យាបាលឲ្យបានត្រឹមត្រូវ ដែលវិធីនេះ មានសារៈ​សំខាន់​ក្នុងការ​ជួយ​​ពន្យារការវិវត្តទៅជាជំងឺតម្រងនោមដំណាក់កាលចុងក្រោយ។ ទី៣-ជំងឺតម្រងនោមខ្លួនឯងផ្ទាល់ ដែលក្នុងនោះមានជំងឺក្រួសតម្រងនោម ដុំគីសក្នុងតម្រងនោម និងទឹកនោមប្រៃជាដើម ។

លោកបានបន្ថែមថា៖ដើម្បីបង្ការជំងឺតម្រងនោម បើមានជំងឺទឹកនោមផ្អែមត្រូវគ្រប់គ្រងព្យាបាលនិងត្រួតពិនិត្យជាតិស្ករឲ្យបានត្រឹមត្រូវ​ បើករណីមានលើស​សម្ពាធឈាម​ត្រូវគ្រប់គ្រងឲ្យបានត្រឹមត្រូវ ។ករណីទឹកនោមប្រៃដំណាក់កាលដំបូងអាចព្យាបាលបាន ។និយាយរួម​ការព្យាបាលដោយប្រុងប្រយ័ត្ននិងត្រឹមត្រូវអាចជួយកាត់បន្ថយជំងឺ​តម្រងនោម ។

លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋនិងសាធារណជន ត្រួតពិនិត្យសុខភាព ឆែកសុខភាពជាប្រចាំ ដើម្បីចៀសវាងកុំឲ្យឈានទៅដល់ ជំងឺតម្រងនោម​ដែលនាំឲ្យ​មានការ​ខាតបង់​ពេល​វេលានិងថវិកា។

គួរជម្រាបថា៖ សន្និបាតសមាគមគ្រូពេទ្យតម្រងនោម​កម្ពុជា បានត្រូវធ្វើឡើងនា​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២៣ ​នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ។មានវាគ្មិនឯកទេសជនជាតិខ្មែរ និងជប៉ុន បានចូលរួមធ្វើបទបង្ហាញជាច្រើនទាក់ទងនឹង ការសិក្សាស្រាវជ្រាវ ការវិភាគ ការអនុវត្ត ការព្យាបាល ការបង្ការ និងការគ្រប់គ្រងជំងឺតម្រងនោម និងជំងឺដែល​នាំ​ឱ្យ​កើតជំងឺតម្រងនោម៕