សន្ដិសុខសង្គម

អាជ្ញាធរបញ្ជាក់ពីបាតុភាពដែលបានកើតឡើងពេលដេញភាស៊ីចំណតរថយន្តនៅខេត្តស្ទឹងត្រែង

ដោយ៖សុខុម

ស្ទឹងត្រែង៖ អាជ្ញាធរខេត្តស្ទឹងត្រែង នៅថ្ងៃទី១៥ ខែធ្នូ  ឆ្នាំ២០២៣ បានបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យមានបាតុភាពកើតឡើងក្នុងពេលដំណើរការដេញភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង សម្រាប់ឆ្នាំ២០២៤ ហើយឈានទៅដល់បណ្តេញបុគ្គលម្នាក់ចេញ បង្កឲ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម។

មន្រ្តីរដ្ឋបាលខេត្តស្ទឹងត្រែងបានឲ្យដឹងថា កន្លងមកមានបុគ្គលម្នាក់ឈ្មោះ ជា គួង ត្រូវបាន   គណៈកម្មការដេញថ្លៃភាស៊ីចំណតរថយន្តក្នុងក្រុងស្ទឹងត្រែងមិនបានអនុញ្ញាតឲ្យចូលរួមទេដោយមានបញ្ហាកន្លងមក។ ប៉ុន្តែក្រោយមកបុគ្គលនោះក៏បានចូលរួមហើយក៏ផ្ទុះការតវ៉ានៅពេលដេញថ្លៃដែលធ្វើឡើងនៅក្នុងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុយ៉ាងខ្លាំង រហូតកម្លាំងនគរបាលក្រុងស្ទឹងត្រែងបានសម្រេចនាំខ្លួនចេញទៅខាងក្រៅដើម្បីបញ្ចៀសការអុកឡុករំខានដល់ការដេញថ្លៃ។

មន្រ្តីដដែលបានឲ្យដឹងទៀតថា សម្រាប់ការដាក់ដេញថ្លៃយកភាស៊ីចំណតរថយន្តក្រុងស្ទឹងត្រែង ឆ្នាំ២០២៤ខាងមុខនេះគឺមានអ្នកដាក់ពាក្យចំនួន៥នាក់។ ប៉ុន្តែពេលដល់ថ្ងៃកំណត់ក្នុងចំណោមទាំង៥នាក់មានម្នាក់ឈ្មោះ ជា គួង ត្រូវបានគណៈកម្មាធិការបានហាមឃាត់មិនអនុញ្ញាតឲ្យចូលរួមទេ។

មន្រ្តីរដ្ឋបាលខេត្តបានបញ្ជាក់បន្ថែមទៀតថា  ចំពោះមូលហេតុដែលមិនអនុញ្ញាតឲ្យឈ្មោះ     ជាគួងចូលរួមក្នុងការដេញថ្លៃលើកនេះ គឺដោយសារតែគាត់ធ្លាប់បានដេញថ្លៃប្រមូលសំរាមរបស់សាលាក្រុងស្ទឹងត្រែងកន្លងមកមិនបានតាមកិច្ចសន្យា ដូចជាមានភាពយឺតយ៉ាវធ្វើឲ្យពលរដ្ឋរិះគន់និងទម្លាក់កំហុសទៅលើអាជ្ញាធរ។ សាលាក្រុងបានកោះហៅឈ្មោះជា គួងណែនាំជាច្រើនលើកច្រើនសា នៅតែមិនអនុវត្តទៅតាមកិច្ចសន្យាបែបបទរដ្ឋបាល។ម្យ៉ាងវិញទៀតភរិយារបស់លោកជា គួង ឈ្មោះឃឹមសុខណាតំណាងអ្នកវិនិយោគសត្តឃាតដ្ឋាននៅក្រុងស្ទឹងត្រែងមិនបានចូលខ្លួនមកដោះស្រាយចំពោះការអនុវត្តកាតព្វកិច្ចតាមកិច្ចសន្យាសាងសង់សត្តឃាតដ្ឋានថ្មីនោះទេ។

រីឯភាគីលោកជា គួងវិញគាត់បានលើកឡើងប្រាប់ក្រុមអ្នកសារព័ត៌មានថា បើមិនអនុញ្ញាតឲ្យគាត់ចូលរួមដេញថ្លៃទេ ចុះហេតុអ្វីលក់ពាក្យឲ្យទៅគាត់? លោកតវ៉ានិងទាមទារធ្វើបែបនេះគឺមានបំណងចង់ឲ្យមានការដេញថ្លៃមួយត្រឹមត្រូវពីទាបទៅខ្ពស់បានចំណេញប្រាក់ច្រើនទៅដល់រដ្ឋ។

ទាក់ទងករណីនេះលោកខេង ទិត្យសីហា ដែលជាប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តស្ទឹងត្រែងលោកបានបកស្រាយប្រាប់អ្នកយកព័ត៌មាន Cambodia Flash Newsថា តាមបែបបទរដ្ឋបាលបានប្រកាសឲ្យមានការចូលរួមដេញថ្លៃទៅតាមផ្លូវច្បាប់ពិតប្រាកដមែន។ ប៉ុន្តែនៅពេលដាក់ពាក្យហើយបើស្ថាប័នជំនាញរបស់រដ្ឋបានពិនិត្យទៅឃើញថា ឈ្មោះជា គួង នេះគឺរូបគាត់នៅជាប់កាតព្វកិច្ចក្នុងការដេញថ្លៃ កន្លងមកទើបធ្វើឲ្យគណៈកម្មការសម្រេចមិនអនុញ្ញាតឲ្យគាត់មានសិទ្ធិក្នុងការចូលរួមដេញថ្លៃនៅលើកនេះតទៅទៀតទេ៕