សេដ្ឋកិច្ច

ធនាគារពិភពលោកព្យាករកំណើនរបស់ប្រទេសថៃត្រឹម ២.៥% ក្នុងឆ្នាំនេះ និង ៣.២% នៅឆ្នាំក្រោយ

ប្រែសម្រួល៖សហការី

នៅថ្ងៃព្រហស្បតិ៍នេះធនាគារពិភពលោកបានថ្លែងឲ្យដឹង ថាកំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃត្រូវបានគេរំពឹងថានឹងកើនឡើងត្រឹមតែ ២.៥ ភាគរយនៅឆ្នាំនេះហើយនិងកើនឡើងដល់ ៣.២ ភាគរយនៅក្នុងឆ្នាំ ២០២៤ ដោយសារការងើបឡើងវិញផ្នែកវិស័យទេសចរណ៍ ការនាំចេញ និងការប្រើប្រាស់វិស័យឯកជនប្រកបដោយនិរន្តរភាព។

ការព្យាករលើកំណើនសម្រាប់ឆ្នាំ ២០២៣ និងឆ្នាំ ២០២៤ បានកាត់បន្ថយពី ៣.៤ ភាគរយ និង ៣.៥ ភាគរយតាមការប៉ាន់ស្មាននៅក្នុងខែតុលាជាបន្តបន្ទាប់។ ថៃដែលជាប្រទេសមានសេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​អាស៊ីអាគ្នេយ៍​ទទួលបានកំណើនត្រឹមតែ ២,៦ ភាគរយកាលពី​ឆ្នាំ ២០២២។

ធនាគារពិភពលោកបាននិយាយថា កំណើនសម្រាប់ប្រទេសថៃក្នុងឆ្នាំ ២០២៣ ត្រូវបានបង្អាក់ដោយការធ្លាក់ចុះនៃការនាំចេញ ក៏ដូចជាការបង្រួមសារពើពន្ធដែលកំពុងបន្ត។

ធនាគារកណ្តាលថៃបាននិយាយនៅក្នុងកម្មវិធីតាមដានសេដ្ឋកិច្ចរបស់ខ្លួនថា វិស័យទេសចរណ៍ និងការប្រើប្រាស់ឯកជននឹងក្លាយជាកត្តាជំរុញកំណើនដ៏សំខាន់ ខណៈពេលដែលការនាំចេញត្រូវបានគេរំពឹងថានឹងងើបឡើងវិញដោយសារតែការធ្វើពាណិជ្ជកម្មសកលប្រកបដោយអំណោយផល បើទោះបីជាសេដ្ឋកិច្ចចិនធ្លាក់ចុះក៏ដោយ។

ធនាគារពិភពលោកបានគូសបញ្ជាក់ថា វិស័យទេសចរណ៍ត្រូវបានព្យាករថានៅពាក់កណ្តាលឆ្នាំ ២០២៥ នឹងវិលត្រឡប់ទៅកាន់កម្រិតសម័យកាលដើមដូចដែលមិនទាន់មានជំងឺរាតត្បាតដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន ខណៈដែលកំណើនសេដ្ឋកិច្ចត្រូវបានព្យាករថានឹងកើនឡើងដល់ ៣.១ ភាគរយនៅក្នុងឆ្នាំ ២០២៥ ។

ធនាគារកណ្តាលថៃបាននិយាយថាកម្មវិធីកញ្ចប់ឌីជីថលដែលបានគ្រោងទុករបស់ប្រទេសថៃដែលមានសក្តានុពលស្មើនឹង ២.៧ ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP) អាចជំរុញកំណើនបន្ថែមទៀតចាប់ពី ០.៥ ទៅ ១ ភាគរយនៅក្នុងរយៈពេលពីរឆ្នាំក្នុងចន្លោះឆ្នាំ ២០២៤ និងឆ្នាំ ២០២៥ ប្រសិនបើត្រូវបានអនុវត្តប្រកបដោយជោគជ័យ។ .

ឱនភាពសារពើពន្ធអាចកើនឡើងដល់ ៤ ភាគរយទៅ ៥ ភាគរយសម្រាប់ផលិតផលក្នុងស្រុកសរុប    ខណៈដែលបំណុលសាធារណៈអាចឈានដល់ ៦៥ ភាគរយទៅ ៦៦ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ធនាគារពិភពលោកបាននិយាយថា ជម្លោះភូមិសាស្ត្រនយោបាយកាន់តែកើនឡើង និងតម្លៃប្រេងហក់ឡើងខ្ពស់ ដែលអាចនាំឲ្យមានការកើនឡើងអតិផរណាមួយផ្សេងទៀតនៅក្នុងប្រទេសថៃ ដោយសារតែការពឹងផ្អែកខ្ពស់លើការនាំចូលថាមពលដែលបង្កឲ្យមានហានិភ័យខ្ពស់៕

ប្រភព៖ Reuters