សេដ្ឋកិច្ច

ក្រុមហ៊ុន ADATA Technology ប្រកាសគម្រោងវិនិយោគប្រមាណ១០០លានដុល្លារអាម៉េរិកបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិកនៅប្រទេសកម្ពុជា

ដោយៈសិរីមតី
ភ្នំពេញ៖ក្រុមហ៊ុន ADATA Technology Co., Ltd នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ បានធ្វើសន្និសីទសារព័ត៌មាននៅសណ្ឋាគារ សូហ្វីតែល រាជធានីភ្នំពេញ ដើម្បីប្រកាសពីផែនការ​វិនិយោគរបស់ក្រុមហ៊ុនផ្ទាល់នៅលើទឹកដីកម្ពុជា។

លោកជំទាវ នឹម វណ្ណៈ អគ្គនាយិកាគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group និងជាទីប្រឹក្សាច្បាប់នៅកម្ពុជា និងលោក Chen Chien Wen ជាតំណាងក្រុមហ៊ុន ADATA Technology Co., Ltd បានអញ្ជើញចូលរួមក្នុងសន្និសីទសារពត៌មាននេះ។

នៅក្នុងសន្និសីទសារព័ត៌មាននោះ តំណាងក្រុមហ៊ុន ADATA Technology Co., Ltd. បានបង្ហាញពីផែនការវិនិយោគរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុននឹង​វិនិ​យោគ​ចំនួនទឹកប្រាក់ចំនួន១០០លានដុល្លារអាម៉េរិកនៅលើទឹកដីកម្ពុជាដើម្បីបង្កើតរោងចក្រកែច្នៃផលិតផលអេឡិចត្រូនិកដើម្បីផលិតប្រភេទ USB hard drive និងផលិត​ផ​ល​អេឡិចត្រូនិកផ្សេងទៀត ហើយក្រុមហ៊ុននឹងគ្រោងនាំចេញទៅកាន់អឺរ៉ុបដើម្បីពង្រីកទីផ្សារនិងបង្កើនការងារធ្វើសម្រាប់​ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនជំនាញនិងរាប់​សិប​កន្លែង​ក្នុងប្រទេសកម្ពុជា។

លើសពីនេះ ក្រុមហ៊ុន ADATA Technology Co., Ltd. នឹងលើកទឹកចិត្តដល់អ្នកផ្គត់ផ្គង់ឱ្យមកបណ្តាក់ទុន និងបង្កើតរោងចក្រនៅកម្ពុជា ជំរុញសកម្មភាពសាងសង់សួន​ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ និងបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ពេញលេញក្នុងប្រទេស កម្ពុជា ដែលនឹងបង្កើតការងារធ្វើរាប់ម៉ឺនមុខតំណែងបន្ថែមទៀតដែរ។

ក្រុមហ៊ុនក៏បានបង្ហាញពីមូលហេតុនៃការមកវិនិយោគនៅកម្ពុជាយ៉ាងដូច្នេះថាតាមការព្យាករណ៍របស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បញ្ជាក់ថា៖ អត្រាកំណើន​សេដ្ឋកិច្ច​របស់កម្ពុជាឈានដល់ ៦.១% ដែលធ្វើឱ្យកម្ពុជាអាចក្លាយជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចខ្ពស់បំផុតនៅក្នុងតំបន់អាស៊ាន។ ក្រៅពីនេះកម្ពុជាមិន​មានការគ្រប់​គ្រងការ​ផ្ទេររូបិយប័ណ្ណបរទេស មិនមានហានិភ័យគ្រោះធម្មជាតិធំៗ ទទួលបានគោលនយោបាយលើកលែងពន្ធលើការនាំចេញ ដែលជាឱកាសនឹងអនុញ្ញាតឱ្យក្រុមហ៊ុនបរទេស​អាចវិនិយោគពេញលេញបាន។ល។

ក្រុមហ៊ុន ADATA Technology Co., Ltd. ក៏បានប្រកាសនូវផែនការវិនិយោគលម្អិតរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាពីឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៧ ក្នុងនោះរួមទាំងផែនការសាង​សង់រោងចក្រកែច្នៃផលិតផលអេឡិចត្រូនិក និងសួនឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ផងដែរ។

បន្ទាប់ពីបានស្តាប់នូវផែនការលម្អិតនិងគួរឲ្យចាប់អារម្មណ៍របស់ក្រុមហ៊ុន ADATA Technology Co., Ltd. លោកជំទាវ នឹម វណ្ណៈ អគ្គនាយិការគ្រប់គ្រងទូទៅនៃ ក្រុមហ៊ុន ACE Group បានឲ្យដឹងថា៖ លោកជំទាវសូមស្វាគមន៍ចំពោះការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា ហើយក្រុមមេធាវីជំនាញក៏កំពុង​ដំណើរការ​នីតិវិធី​ច្បាប់ជូនក្រុមហ៊ុននេះដើម្បីដាក់ពាក្យសុំស្នើសុំអាជ្ញាប័ណ្ណវិនិយោគកាបូននោះដែរ ។

លោកជំទាវ នឹម វណ្ណៈមានប្រសាសន៍បន្តថា៖ « ការវិនិយោគរបស់ក្រុមហ៊ុន ADATA Technology Co., Ltd. នៅកម្ពុជា នឹងជំរុញនូវការអភិវឌ្ឍន៍បន្ថែមលើវិស័យ​វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់កម្ពុជា ជំរុញកំណើនសេដ្ឋកិច្ចជាតិ បង្កើតការងារធ្វើ និងបង្កើនប្រាក់ចំណូលជូនដល់ប្រជាជនកម្ពុជាគ្រប់កម្រិតថ្នាក់ផងដែរ»។

គួរឱ្យដឹងថា៖ក្រុមហ៊ុន ADATA Technology Co., Ltd បានបង្កើតនៅឆ្នាំ២០០១នៅកោះតៃវ៉ាន់ ជាមួយនឹងការបណ្តាក់ទុនប្រមាណជា៩៤,៥ លានដុល្លារអាម៉េរិក និងមាន​រោងចក្រធំៗនៅខេត្តស៊ូចូវ ប្រទេសចិន និងមានបណ្តាញនៅប្រទេសប្រេស៊ីលថែមទៀតផង។ បច្ចុប្បន្នក្រុមហ៊៊ុននេះជាក្រុមហ៊ុនផលិតបន្ទះឈីប(DRAM) និង SSD ធំជាងគេនៅទ្វីបបអាស៊ី និងបាន ឈរនៅលំដាប់លេខ២នៅទូទាំងពិភពលោក ក្នុងតម្លៃទីផ្សារប្រមាណជាង ៩៤៥លានដុល្លារសហរដ្ឋអាមេរិក៕