ព័ត៌មានជាតិ

បន្លែចម្រុះសាច់សត្វផលិតដោយវរសេនាតូចលេខ៥១៣មានដាក់លក់នៅផ្សារសហគមន៍

ដោយ៖បន្ទាយ / បន្ទាយមានជ័យ

មន្ត្រីយោធាបានអោយដឹងកាលពីថ្ងៃទី១០ខែធ្នូថា បណ្តាអង្គភាពចំណុះវរសេនាតូចថ្មើរជើងលេខ៥១៣ នៃកងពលតូចថ្មើរជើងលេខ៥១ បានដាំដុះបន្លែចម្រុះ និងការចិញ្ចឹមសត្វ តាមផែនការរបស់កងពលតូចថ្មើរជើងលេខ៥១  មានដាំបន្លែចម្រុះ ត្រីសាច់ ផលិតផលមួយចំនួនលើសតម្រូវការ ត្រូវបាននាំយកទៅលក់នៅទីផ្សារ សន្សំថវិកាជួយកសាងអង្គភាពនិងជួយឧបត្ថម្ភក្នុងកិច្ចការងារមនុស្សធម៌ផងដែរ។

នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ អង្គភាព វរសេនាតូចថ្មើរជើងលេខ៥១៣ កងពលតូចថ្មើរជើងលេខ៥១បានជំរុញតាមបណ្តាកងឯកភាពចំណុះ យកចិត្តទុកដាក់ដល់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ពហូបប្រចាំថ្ងៃ ឲ្យបានគ្រប់គ្រាន់ ឆ្ងាញ់ តាមផែនការរបស់ថ្នាក់លើ។

ជាពិសេសជួយសម្រួលដល់គ្រួសារកងទ័ព ដែលមានជីវភាពខ្វះខាត ផលិតផលលើសតម្រូវការ បានដាក់លក់នៅផ្សារសហគមន៍ ខេត្តបន្ទាយមានជ័យ ចូលរួមអនុវត្តតាមផែនការយុទ្ធសាស្រ្តលើកស្ទួយវិស័យកសិកម្មក្នុងស្រុក របស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ នៃរដ្ឋសភា ៕