អន្តរជាតិ

ចិនអះអាងថាការចរចារកសន្តិភាពជុំវិញជម្លោះមីយ៉ាន់ម៉ានៅភាគខាងជើងប្រទេសទទួលលទ្ធផលវិជ្ជមាន

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃចន្ទទី ១១ ធ្នូ ប្រទេសចិនបាននិយាយ ថា កិច្ចចរចារកសន្តិភាពត្រូវបានធ្វើឡើងជុំវិញជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ាទទួលបានលទ្ធផលជាវិជ្ជមានគួឲ្យកត់សម្គាល់ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់ជាច្រើនសប្តាហ៍រវាងរបបយោធា និងក្រុមប្រដាប់អាវុធជនជាតិភាគតិច។

លោក Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបាននិយាយថា “ប្រទេសចិនសាទរដោយបានឃើញភាគីជម្លោះនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ារៀបចំកិច្ចចរចារកសន្តិភាព និងទទួលបានលទ្ធផលជាវិជ្ជមាន” ។

អ្នកនាំពាក្យក្រុងប៉េកាំងបានថ្លែងថាចិន “ប្តេជ្ញាបន្តការគាំទ្រក្នុងការសម្របសម្រួលរហូតដល់បញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃនៅភាគខាងជើងប្រទេសនេះ”។

Mao បាននិយាយថា “យើងជឿជាក់ថា ការបន្ធូរបន្ថយស្ថានការណ៍នៅភាគខាងជើងមីយ៉ាន់ម៉ា បម្រើផលប្រយោជន៍ដល់គូភាគីទាំងអស់ក្នុងប្រទេសមីយ៉ាន់ម៉ា និងជាអំណោយផលក្នុងការរក្សាបាននូវភាពស្ងប់ស្ងាត់ និងស្ថិរភាពនៅតាមបណ្តោយព្រំដែនចិននិងមីយ៉ាន់ម៉ា”។

ភ្នាក់ងារសារព័ត៌មានAFP មិនអាចទាក់ទងអ្នកនាំពាក្យរបបយោធារបស់មីយ៉ាន់ម៉ា ដើម្បីសុំការធ្វើអត្ថាធិប្បាយបានទេ។

ការប៉ះទង្គិចគ្នាតែងតែកើតឡើងនៅទូទាំងរដ្ឋ Shan ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីសម្ព័ន្ធមិត្តប្រដាប់អាវុធនៃក្រុមជនជាតិភាគតិចចំនួន ៣ បានបើកការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលប្រឆាំងនឹងរបបយោធាកាលពីខែតុលា។

កងទ័ព Arakan (AA) ដែលជាកងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជនជាតិមីយ៉ាន់ម៉ាហៅកាត់ថា MNDAA និងកងទ័ពរំដោះជាតិ Ta’ang  ហៅថា TNLA បានរឹបអូសទីតាំងឈរជើងរបស់របបយោធារាប់សិបកន្លែងដែលជាទីក្រុងសំខាន់សម្រាប់ធ្វើពាណិជ្ជកម្មជាមួយនិងចិនក្នុងអ្វីដែលអ្នកវិភាគនិយាយថាជាកងកម្លាំងយោធាដ៏ធំបំផុតមួយហានប្រឈម​នឹង​របប​យោធា​ចាប់​តាំង​ពី​ពួកយោធា​បាន​ដណ្តើម​អំណាច​នៅ​ឆ្នាំ ២០២១។

កាលពីសប្តាហ៍មុន រដ្ឋមន្ត្រីការបរទេសរបស់របបយោធាបានជួបជាមួយលេខាធិការរងនៃគណៈកម្មាធិការបក្សខេត្តយូណានក្នុងទីក្រុងគុនមីងប្រទេសចិន ដែលជាកន្លែងពួកគេបានពិភាក្សាអំពី “សន្តិភាព និងស្ថិរភាពនៅតាមតំបន់ព្រំដែន” នេះបើយោងតាម ​​Global New Light of Myanmar ។

ទីក្រុងប៉េកាំងគឺជាសម្ព័ន្ធមិត្តដ៏សំខាន់មួយ និងជាអ្នកផ្គត់ផ្គង់អាវុធដល់របបយោធាមីយ៉ាន់ម៉ា ហើយបានបដិសេធមិនថ្កោលទោសរបបសឹកថាជារដ្ឋប្រហារនៅក្នុងឆ្នាំ ២០២១។

ការវាយលុកដោយសម្ព័ន្ធមិត្តរបស់ក្រុមប្រដាប់អាវុធជនជាតិភាគតិចបានធ្វើឲ្យរបបយោធាចុះខ្សោយនិងមានសភាពជ្រួលច្របល់។

បើយោងតាមរបាយការណ៏អង្គការសហប្រជាជាតិការប៉ះទង្គិចគ្នាកានតែរីករាលដាលខ្លាំងឡើងរហូតដល់ភាគខាងកើតប្រទេស និងខាងលិចប្រទេស ហើយបានបង្ខំឲ្យមនុស្សជាងកន្លះលាននាក់រត់ភៀសខ្លួនចេញពីផ្ទះរបស់ពួកគេ៕

ប្រភព៖ AFP