កម្សាន្ដ

មានភ្ញៀវទេសចរជាច្រើនបាននាំគ្នាទៅលេងកម្សាន្តនៅខេត្តព្រះវិហារ

ដោយ ៖ បន្ទាយ / ព្រះវិហារ

នៅតាមតំបន់គោលដៅទេសចរណ៍នានាក្នុងទឹកដីnSខេត្តព្រះវិហារ ក្នុងថ្ងៃធម្មតានិងចុងសប្តាហ៍មានភ្ញៀវទេសចរប្រមាណពី៣៥០០ទៅ៤៥០០នាក់បាននាំគ្នាទៅលេងកម្សាន្តសប្បាយ។ នេះបើយោងតាមលោកគង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារបានប្រាប់អ្នកយកព័ត៌មាន Cambodia Flash News (CFN) កាលពីព្រលប់ថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣នេះ។

លោកគង់ វិបុល បានអោយដឹងបន្តថា : ក្នុងរាល់ពេលឈប់សម្រាកឬថ្ងៃបុណ្យផង មានភ្ញៀវទេសចរឆ្លងកាត់ ហើយចូលទស្សនាគោលដៅទេសចរណ៍នានាក្នុងខេត្តព្រះវិហារចំនួនពី៤.០០០ទៅ៤.៥០០នាក់ក្នុង១សប្តាហ៍ ។ តែបើជាក្នុងថ្ងៃធម្មតាវិញ មានភ្ញៀវពី៣.៥០០ទៅ៤.០០០នាក់ក្នុង១សប្តាហ៍ ។

ផ្នែកព័ត៌មានទេសចរណ៍ខេត្តព្រះវិហារបានអោយដឹងថា គោលដៅទេសចរណ៍សំខាន់ក្នុងខេត្តនេះរួមមាន ដូចជា៖ គោលដៅទេសចរណ៍វប្បធម៌ បេតិកភណ្ឌមានដូចជាប្រាសាទព្រះវិហារនៅស្រុកជាំក្សាន្ត ប្រាសាទកោះកេរនៅស្រុកគូលែន ប្រាសាទព្រះខ័នកំពង់ស្វាយ(ព្រះអង្គមុខបួន)នៅស្រុកសង្គមថ្មី….។

ដោយឡែកនៅខែចូលឆ្នាំខាងមុខ ទើបសម្បូរភ្ញៀវទៅទស្សនានៅប្រាសាទព្រះខ័នកំពង់ស្វាយ(មុខបួន) ត្បិតអី រដ្ឋបាលខេត្តនិងមន្ទីរសាធារណការនិងដឹកជញ្ជូនបាននឹងកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូថ្មីពីប្រជុំជនស្រុកសង្គមថ្មីទៅឃុំរណសិរ្ស ។

ចំណែកគោលដៅទេសចរណ៍ធម្មជាតិ និងកែច្នៃឲ្យមានដូចជា ទឺកជ្រោះព្រះនិម្មិត(សុភមិត្ត) នៅឃុំកំពង់ស្រឡៅ២ស្រុកឆែប , ភ្នំត្បែងនៅស្រុកត្បែងមានជ័យនិងរមណីយដ្ឋានកែច្នែខ្លះទៀត ។

ប៉ុន្តែក្នុងរយ:ពេល៣ ថ្ងៃ(គិតពីថ្ងៃទី២៦ដល់ថ្ងៃទី២៨ ខែវិច្ចិកា ឆ្នាំ២០២៣) នៃឱកាសបុណ្យអុំទូក អកអំបុក..កន្លងមក  លោកគង់ វិបុល បានរំលឹក ដោយសោកស្តាយថា : ខេត្តនេះមានភ្ញៀវទេសចរជាតិ និងភ្ញៀវបរទេសព្រមទាំងបងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើដំណើកម្សាន្តនៅតាមរមណីយដ្ឋាននិងគោលដៅទេសចរណ៏នានាក្នុងខេត្តសរុបចំនួនត្រឹមតែ ១២.៩៥៣នាក់ ។

លោកបានចង្អុលបង្ហាញថា បើប្រៀបធៀបនឹងរយ:ពេលដូចគ្នា កាលពីឆ្នាំមុនៗ  ឆ្នាំនេះបានថយចុះចំនួន២៨,៤២ % ។

ក្នុងនេះមាន  ភ្ញៀវជាតិចំនួន១២៨៦៧ នាក់ ថយចុះចំនួន២៧,២០ %និងភ្ញៀវបរទេសចំនួន ៨៦ នាក់ ថយចុះចំនួន ៧១,៦២%៕