សេដ្ឋកិច្ច

គម្រោង Bay of Lights នឹងជួយខេត្តព្រះសីហនុ ឱ្យក្លាយជាគោលដៅទេស ចរណ៍ដ៏លេចធ្លោ

ដោយៈសិរីមតី
ខេត្តព្រះសីហនុ ៖គម្រោងអភិវឌ្ឍន៍ខ្នាតធំ Bay of Lights បានបើកសម្ពោធឲ្យប្រើប្រាស់ផ្លូវមេ ដែលជាសមិទ្ធផលថ្មីចុងក្រោយបង្អស់របស់ខ្លួន។ សមិទ្ធផលនេះ ប្រៀប​បាន​ជាការបោះជំហានឆ្ពោះទៅកាន់ដំណើរអភិវឌ្ឍន៍ដ៏វែងឆ្ងាយរបស់គម្រោងដែលមានគោលដៅចម្បងចូលរួមក្នុង​ការលើកកម្ពស់មុខមាត់​ខេត្តព្រះ​សីហនុ​លើ​ឆាក​អន្តរ​ជា​តិ។​

ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនៃគម្រោង Bay of Lights មានទំហំ៥០ហិកតាជាមួយការរំពឹងទុកថានឹងអាចបញ្ចប់ការសាងសង់ ត្រឹមឆ្នាំ២០៣០ ដោយក្នុងនោះ​នឹងមានការសាងសង់ទីតាំងកម្សាន្តជាច្រើនប្រភេទ រួមមាន រីសតមាត់ឆ្នេរ, កន្លែងវាយកូនហ្គោល ទីលាន ប្រណាំងរថយន្ត Go-Kart និងអគារតាំងបង្ហាញដ៏ទំនើបផងដែរ។ផែនការអភិវឌ្ឍន៍ដំណាក់កាលដំបូងនេះគឺស្របទៅតាមផែនការយុទ្ធសាស្ត្ររបស់កម្ពុជាដែលផ្ដោតសំខាន់លើការលើក កម្ពស់វិស័យទេសចរណ៍ ដោយក្នុងរយៈ​ពេល​៨​ខែដំបូងនៃឆ្នាំ ២០២៣ នេះ ភ្ញៀវទេសចរធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើង ១៨០% បញ្ជាក់ឲ្យឃើញថាកម្ពុជា ជាគោលដៅទេសចរណ៍ដែលកាន់​តែមានប្រជា​ប្រិយ​ភាពខ្លាំងឡើង។

ពិធីសម្ពោធផ្លូវមេ នាពេលថ្មីៗនេះ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពលោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ និងមានការចូលអម​ដំណើរ​ពី​សំណាក់​មន្ត្រី​ប្រចាំនៅមន្ទីររបស់ខេត្តជាច្រើនរូបផ្សេងទៀត។ ការអញ្ជើញចូលរួមជាអធិបតីនេះ សបញ្ជាក់ឲ្យឃើញពី សារៈសំខាន់នៃគម្រោងអភិវឌ្ឍន៍ Bay of Lights ក្នុងការចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចក្នុងតំបន់និងលើក កម្ពស់មុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញមួយក្នុងតំបន់។

លោក គង់ វីតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា៖តាមការប៉ាន់ស្មានថាភ្ញៀវទេសចរនឹងកើនឡើង​ដល់ខ្ទង់ ៥លាននាក់​នៅត្រឹម​ដំណាច់ឆ្នាំ២០២៣នេះ ។វត្តមានរបស់គម្រោង Bay of Lights គឺជាចំណែកដ៏សំខាន់មួយ ដោយការផ្ដល់ជូនដ៏សម្បូរបែបរបស់គម្រោងខ្នាតយក្សនេះ នឹងអាច​ជួយផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅទេសចរណ៍ដ៏ លេចធ្លោមួយសម្រាប់ភ្ញៀវទេសចរជុំវិញពិភពលោក។

ក្នុងឱកាសបើកសម្ពោធនេះ លោក Edward Lee នាយកគ្រប់គ្រងគម្រោង Bay of Lights បានសង្កត់ធ្ងន់ថា គម្រោងនេះ មិនមែនផ្ដោតតែលើការអភិវឌ្ឍសាងសង់នោះទេ ប៉ុន្តែក៏បានគិតគូរដល់ផលប្រយោជន៍របស់សហគមន៍ក្នុងតំបន់ផងដែរ។ក្រៅពីមានចក្ខុវិស័យក្នុងការក្លាយខ្លួនជាចំណុចស្នូលនៃការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ នៅត្រឹម​ឆ្នាំ២០៥០ គម្រោង Bay of Lights ក៏មានការរំពឹងទុកថានឹងអាចផ្ដល់ឱកាសការងាររាប់ម៉ឺនកន្លែង និងជាលំនៅដ្ឋានសម្រាប់ពលរដ្ឋចំនួន ១៣០ ០០០នាក់ ផងដែរ។

គម្រោងអភិវឌ្ឍន៍ Bay of Lights បានសហការយ៉ាងស្អិតរមួតជាមួយរដ្ឋាភិបាលខេត្តព្រះសីហនុ និងក្រុមហ៊ុនអភិវឌ្ឍន៍ Canopy Sands Development ហើយក៏បាន​ចាប់​ដៃគូ​ជាមួយក្រុមហ៊ុនសំណង់ខ្នាតយក្ស China Railway Engineering Group ផងដែរ។ កិច្ចសហការនេះ ជាកញ្ចក់ឆ្លុះបញ្ចាំងអំពីសក្ដានុពលនៃការសហការ​គ្នារវាងរដ្ឋា​ភិបាល​ជាមួយក្រុមហ៊ុនឯកជន ក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតធំ ដោយនេះមិនត្រឹមតែជាការចូលរួមចំណែកដ៏សំខាន់​ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ​នោះទេ ប៉ុន្តែក៏បង្ហាញអំពីសារៈសំខាន់នៃតម្លាភាព និងការអភិវឌ្ឍប្រកបដោយការយកចិត្តទុកដាក់ផងដែរ។

ការអភិវឌ្ឍឥតស្រាកស្រាន្តនៃគម្រោង Bay of Lights នឹងជាកាតាលីករដ៏សំខាន់មួយក្នុងការផ្លាស់ប្ដូរមុខមាត់ខេត្តព្រះសីហនុឲ្យក្លាយជាគោលដៅ ដ៏ទាក់ទាញទាំង​សម្រាប់ភ្ញៀវទេសចរ និងវិនិយោគិន។ គម្រោង Bay of Lights មានចក្ខុវិស័យវែងឆ្ងាយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តភាព លើកកម្ពស់ស្មារតី​សហគមន៍ និងចូលរួមចំណែកជំរុញកំណើនសេដ្ឋកិច្ចជាតិ ដើម្បីបង្កើតជាស្ដង់ដារមួយសម្រាប់គម្រោងអភិវឌ្ឍថ្មីៗក្នុងតំបន់។

Bay of Lights គឺជាគម្រោងអភិវឌ្ឍន៍លំដាប់ពិភពលោកដែលមានតម្លៃ ១៦ ពាន់លានដុល្លារអាមេរិក ដែលត្រូវបានបំផុតគំនិតដោយស្ថាបនិក​ទីប្រជុំ ជនប្រកបដោយ​និរន្តរភាព ដោយមានទីតាំងលើដែនដីនៃឈូងសមុទ្រ រាម។ តាមរយៈការប្ដេជ្ញាចិត្តចំពោះគោលការណ៍និរន្តរភាពនិងការផ្ដល់ជូននូវបទពិសោធន៍នៃការរស់ នៅ​ក្នុងទីក្រុង​ដ៏ឆ្នើម ​Bay of Lights មានគោលដៅក្នុងការចូលរួមចំណែកដល់វឌ្ឍនភាពយូរអង្វែងនិងការរីកចម្រើននៃទីក្រុងឆ្នេរ សមុទ្រព្រះសីហនុ និងបង្កើតសហគមន៍ដ៏ទាក់ទាញ និងរស់រវើកសម្រាប់ពលរដ្ឋក្នុងតំបន់៕