កម្សាន្ដ

តើសហគមន៍អេកូទេសចរណ៍អូរឫស្សីកណ្ដាលមានអ្វីប្លែកទេ?

ដោយ៖សុខុម

ស្ទឹងត្រែងៈដំណើរកម្សាន្តគឺជាជម្រើសមួយដ៏សំខាន់ដើម្បីសុវត្ថិភាពចំណាយតិចភ្លក់រសជាតិម្ហូបឆ្ងាញ់ៗហើយសប្បាយត្រូវតែគិតជាមុន។

សហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាលភ្ញៀវមកលេងធានាថាប្លែកមាត់អារម្មណ៍សប្បាយរីករាយសម្រាប់មនុស្សគ្រប់វ័យខុសពីតំបន់មាត់សមុទ្រ។

នៅមិនឆ្ងាយពីផ្លូវជាតិលេខ៧ក្រចេះ-ស្ទឹងត្រែងនោះគឺរមណីយដ្ឋានសហគមន៍អេកូទេសចរណ៍អូរឬស្សីកណ្តាលស្ថិតនៅក្នុងភូមិអូរច្រឡង់ឃុំអូរឬស្សីកណ្តាលស្រុកសៀមបូកខេត្តស្ទឹងត្រែង។បើនិយាយពីរមណីយដ្ឋាននេះគឺមានចម្ងាយ៨គីឡូម៉ែត្រប៉ុណ្ណោះពីអូរពងមាន់។

យើងអាចធ្វើដំណើរចូលតាមខ្លោងទ្វារវត្តមួយពីផ្លូវជាតិចូលតាមផ្លូវចាក់បេតុង៧០០ម៉ែត្រទៀតនឹងដល់ហើយ។ជាដំបូងត្រូវចំណាយថ្លៃទិញសំបុត្រ៥០០រៀលសម្រាប់ភ្ញៀវខ្មែរថ្លៃចូលទស្សនារមណីយដ្ឋាន។រថយន្តតូច៧០០០រៀលថ្លៃចតនិងម៉ូតូ២០០០រៀល។សម្រាប់មុខម្ហូបមានមាន់ដុតឬស្ងោជ្រក់ចាប់ពី៤០០០០ទៅ៦០០០០រៀល។ត្រីបំពងចាប់ពី១០០០០ទៅ២៥០០០រៀល។ម្ហូបសហគមន៍មានជាច្រើនមុខទៀតមិនថ្លៃសម្រាប់ភ្ញៀវចង់មកកម្សាន្តលេងនៅខេត្តស្ទឹងត្រែង។

រមណីយដ្ឋានអូរឬស្សីកណ្តាលកើតឡើងដោយមានការជ្រោមជ្រែងពីទេសចរណ៍ខេត្តនិងមានការគាំទ្រជួយដោយអង្គការក្រៅរដ្ឋាភិបាលកន្លងមកទើបដើរមកដល់សព្វថ្ងៃ។

ពេលទៅដល់យើងឃើញមានទីធ្លាធំទូលាយសម្រាប់ចតរថយន្តនិងម៉ូតូ។មានដើមឈើផ្តល់ម្លប់ដ៏សែនត្រជាក់ត្រឈឹងត្រឈៃ។មានទឹកហូរអាចអោយយើងងួតលេងបានសប្បាយរីករាយមិនថាចាស់ក្មេងទេ។មានខ្ចូសសម្រាប់អង្គុយទទួលទានអាហារ។មានស្ពានយោលមួយសប្រាប់ដើរឆ្លងពីម្ខាងទៅម្ខាង។

រមណីយដ្ឋានមួយមេះគឺបង្កប់ខ្លួនក្រោមដើមឈើលាយឡំទឹកហូរស្តាប់សម្លេងសត្វយំនិងសម្លេងភ្ញៀវហ៊ោកញ្ជ្រៀវពេលបុណ្យជាតិថ្ងៃឈប់សម្រាកឃើញមានភ្ញៀវច្រើនកុះករ។ម្យ៉ាងទៀតក៏មានអារម្មណ៍ស្រស់ស្រាយប្រកបដោយស្នាមញញឹមពេលមកដល់បន្សល់ទុកនូវរូបថតជាច្រើនក្រោយពេលត្រឡប់នៅផ្ទះវិញ។

ប៉ុន្តែបើក្រៅពីថ្ងៃបុណ្យជាតិដូចជាស្ងាត់បន្តិចហើយក៏នៅមានភ្ញៀវចេញចូលខ្លះដែរ។

អ្នកស្រីសោមសុខលាងប្រធានសហគមន៍បានប្រាប់យើងថាសេវាកម្មម្ហូបអាហារមានច្រើនមុខហើយតម្លៃក៏ថោកសមរម្យរង់ចាំទទួលភ្ញៀវក្នុងដំណើរកម្សាន្តមកកាន់ខេត្តស្ទឹងត្រែង។បើបានមកលេងពិតជាមិនខកបំណងឡើយ។

លោកអ៊ន់ប៉ោសឿនប្រធានមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែងបានលើកទឹកចិត្តនិងណែណាំទៅដល់សហគមន៍ក្នុងការបម្រើសេវាកម្មជូនភ្ញៀវអោយបានល្អ។ត្រូវចេះកែច្នៃមុខម្ហូបអោយមានរសជាតិឆ្ងាញ់។ចេះស្រឡាញ់បរិស្ថានអនាម័យទុកដាក់សំរាមអោយបានត្រឹមត្រូវគោរពតាមគោលការណ៍របស់មន្ទីរដើម្បីទាក់ទាញភ្ញៀវមកលេងកាន់តែច្រើន។ពេលមានភ្ញៀវមកលេងគឺមានការចំណាយសហគមន៍ក៏ទទួលបានប្រាក់ពីវិស័យទេសចរណ៍។សង្គមមានការរីកចំរើនក៏ជាការចូលរួមជួយសម្រាលបន្ទុកដល់រាជរដ្ឋាភិបាលផងដែរ៕