សេដ្ឋកិច្ច

CDC អនុម័តគម្រោងវិនិយោគ២១ ទុនវិនិយោគជាង៦១៩លានដុល្លារអាមេរិកនៅខែវិច្ឆិកា

ដោយៈសិរីមតី

ភ្នំពេញ៖ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីខែវិច្ឆិកា ឆ្នាំ២០២៣ បានអនុម័តគម្រោងថ្មីចំនួន ២១គម្រោង ដែលមានទុន​វិនិយោគសរុបប្រមាណជិត ៦១៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានប្រមាណជិត២ម៉ឺនកន្លែង។

CDC បានឱ្យដឹងកាលពីថ្ងៃទី៨ខែធ្នូឆ្នាំ២០២៣ គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែរួមមាន (១) គម្រោងសាងសង់វារីអគ្គិសនីស្ទឹងឫស្សីជ្រកណ្ដាល អានុភាព ៧០មេហ្កាវ៉ាត់ នៅស្រុកមណ្ឌលសីមា ខេត្តកោះកុង និងគម្រោង សាងសង់វារីអគ្គិសនីវាលថ្មកំបុត អានុភាព ១០០មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្តកោះកុង។ (២) គម្រោង វិនិយោគ អភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្គាវ៉ាត់ នៅស្រុក រំដួល ខេត្តស្វាយរៀង និង (៣) គម្រោងបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿង​បន្សំស្បែកជើង នៅខណ្ឌ ពោធិសែនជ័យ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា ក្នុងខែវិច្ឆិកា ឆ្នាំ២០០៣ ទុនវិនិយោគក្នុងស្រុកគ្របដណ្តប់ ៨២,៩០% នទុន វិនិយោគសរុប ខណ:ដែលទុន​វិនិយោគប្រមាណ ១៧,១០% មានប្រភពមកពីប្រទេសចិន៕