សេដ្ឋកិច្ច

១០ ខែដើមឆ្នាំនេះ ទុនវិនិយោគក្នុងវិស័យនេះ បានកើនដល់៥ ពាន់លានដុល្លារ

ដោយៈសិរីមតី
ភ្នំពេញ៖១០ខែឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្តល់លិខិតអនុញ្ញាតសាងសង់ទូទាំងប្រទេសមានជិត ៣ពាន់គម្រោង ជាមួយទុន វិនិយោគប្រមាណ ៥ ពាន់លាន ដុល្លារអាមេរិក ។នេះបើតាមប្រសាសន៍របស់លោក ផារ៉ា មង្គល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់​នៅក្នុងពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា អន្តរជាតិ កាលពីថ្ងៃទី៧ខែធ្នូ។

លោករដ្ឋលេខាធិការ បានបង្ហាញថា ក្នុងគម្រោងដែលត្រូវបានអនុញ្ញាតសាងសង់នោះ មានគម្រោងអគារខ្ពស់ៗ ចាប់ពី​៥ជាន់ឡើងមានចំនួន ១៤៦ គម្រោង ស្មើនឹង ១៥៤ អគារ បុរីលំនៅឋាននិងបណ្ដុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩ គម្រោង ស្មើនឹងជិត២ម៉ឺនខ្នង និងសំណង់​អគារពហុមុខងារមានចំនួន ១៨ គម្រោង ដោយទុន​វិនិយោគបាន​កើនឡើងទ្វេដង បើប្រៀបធៀបនិងរយៈពេលដូចគ្នា ជាមួយឆ្នាំ២០២២ ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមអ្នកសាងសង់កម្ពុជា បានលើកឡើងថា វិស័យសំណង់ និងអលនទ្រព្យ ដែលជាវិស័យមួយ បានជួយគាំទ្រដល់ការរីក​ចម្រើន​សេដ្ឋកិច្ចជាតិនោះ បានងើបឡើងវិញជាបណ្តើរៗហើយ ជាពិសេសតាម​រយៈរាជរដ្ឋាភិបាលថ្មីអាណត្តិទី៧ នៃរដ្ឋសភាក៏បានជួយជ្រោមជ្រែង និងជំរុញ ព្រមទាំងរក​ដំណោះ​ស្រាយ​ចំពោះសំណង់​មួយចំនួន ដែលនៅជាប់គាំង និងបានផ្អាកដំណើរការសាងសង់កន្លងមក ដោយសារវិបត្តិជំងឺកូវីដ១៩ ដែលបានធ្វើឱ្យសេដ្ឋកិច្ចសកលធ្លាក់ចុះ។

សូមជម្រាបផងដែរថា៖ពិព័រណ៍ឧស្សាហកម្ម សំណង់កម្ពុជា-អន្ដរជាតិ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ រយៈពេល ០៣ថ្ងៃត្រូវបានរៀបចំឡើង ដោយមាន​ក្រុមហ៊ុនជាតិ និង អន្ដរជាតិចំនួន ១៣៣ក្រុមហ៊ុន ដោយមានដាក់តាំងផលិតផល និងសម្ភារបរិក្ខារ ឧបករណ៍ និងគ្រឿងចក្រសំណង់គ្រប់​ប្រភេទរួមទាំង​អចលនទ្រព្យ និងបច្ចេកវិទ្យាទំនើបៗជាង១០០០ ប្រភេទ ផ្នែកសេវាកម្ម និងគម្រោងអភិវឌ្ឍអចលនវត្ថុជាច្រើនទៀតដែលមានស្តង់ប្រមាណ២៣៩ស្តង់ ៕