ព័ត៌មានជាតិ

នូវែលហ្សេឡង់ផ្តល់ជាង៣លានដុល្លារអាមេរិកលើការងារបោសសម្អាតមីននៅកម្ពុជា

ដោយ : សូផុន / បន្ទាយមានជ័យ

ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ ជំនួសមុខសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជារួមជាមួយលោកស្រីអាលីសារ ឆាកគើ (Ms Alissar Chaker ) តំណាងប្រចាំប្រទេសកម្ពុជានៃទីភ្នាក់ងារអភិវឌ្ឍន៍អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៤ ប្រចាំឆ្នាំ២០២៣។

លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានអោយដឹងថា : ក្នុងខេត្តនេះ នៅបណ្តាឆ្នាំចុងក្រោយ លទ្ធផលបោសសម្អាតមីនបានផ្ទៃដីប្រមាណ១.០០០ហិកតាក្នុង១ឆ្នាំៗ។ផ្ទៃដីនោះត្រូវបានផ្ទេរ ប្រគល់ដល់អាជ្ញាធរមូលដ្ឋាននិងគ្រួសារទទួលផលជាម្ចាស់ដីផ្ទាល់ដើម្បីពួកគាត់អាចយកទៅសាងសង់លំនៅឋាន ដាំដុះបន្លែបង្ការនិងដំណាំ ចិញ្ចឹមសត្វនិងអាស្រ័យផលផ្សេងៗសម្រាប់ផ្គត់ផ្គង់និងលើកកម្ពស់ជីវភាពគ្រួសារ។

លោកលោកបណ្ឌិត លី ធុជ បានលើកឡើងថា : សមិទ្ធផលទទួលបានពីការអនុវត្តគម្រោងបោសសម្អាតមីនដើម្បីលទ្ធផល ក្រោមការសម្របសម្រួលរបស់កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ(UNDP) ត្រូវបានទទួលស្គាល់ពីសហគមន៍សកម្មភាពមីនសកល។

ចាប់តាំងពីឆ្នាំ២០០៦ គម្រោងនេះបានរំដោះផ្ទៃដីមានមីនចំនួន ៣៤៨ គីឡូម៉ែត្រក្រឡា និងមានអ្នកទទួលផលចំនួន ១.១៨២.៩៨៦ នាក់។

ដោយឡែកសម្រាប់ការអនុវត្តគម្រោងបោសសម្អាតដំណាក់កាលទី៤ ចាប់ពីឆ្នាំ២០២០ ផ្ទៃដីប្រមាណ ១០៤ គីឡូម៉ែត្រក្រឡា ត្រូវបានបោសសម្អាត និងមានអ្នកទទួលផលចំនួន ១៦៣.៧២៨ នាក់ ដែលជាលទ្ធផលសម្រេចបានលើសគោលដៅកំណត់។

លោកបានបន្ថែមថា ចាប់ពីឆ្នាំ១៩៩២ ដល់ខែមិថុនា ឆ្នាំ២០២៣ កម្ពុជាបានបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោម ក្នុងទំហំផ្ទៃដីចំនួន ២.៧៦១ គីឡូម៉ែត្រក្រឡា ដែលផ្ទៃដីទាំងនេះត្រូវបានយកមកប្រើប្រាស់សម្រាប់វិស័យកសិកម្ម ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ការសាងសង់លំនៅឋាន និងគោលបំណងសេដ្ឋកិច្ច-សង្គមដទៃទៀត។

គេជឿជាក់ថា បញ្ចប់ឆ្នាំ២០២៣នេះ ផ្ទៃដីបោសសម្អាតរួចនឹងកើនឡើងរហូតដល់ ២.៩៥០ គីឡូម៉ែត្រក្រឡា។

សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំនេះ ក៏មានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ លោកJonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា  រដ្ឋាភិបាលនៃប្រទេសណូវែលហ្សឺឡង់ បានផ្តល់បន្ថែមនូវហិរញ្ញប្បទានចំនួន៥ លានដុល្លារនូវែលហ្សេឡង់ស្មើនឹងជាង ៣,១ លានដុល្លារអាមេរិក ក្នុងគម្រោងបោសសម្អាតមីនដើម្បីលទ្ធផលដំណាក់កាលទី៤ ៕