សេដ្ឋកិច្ច

សាច់បង្កកឥតច្បាប់ជិត ៤០ម៉ឺនគីឡូក្រាម បានត្រូវបង្ក្រាបនៅរាជធានីភ្នំពេញ

ដោយៈសិរីមតី
ភ្នំពេញ៖ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ម៉ុត ដារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣​ក្រុមការងារ​អន្តរាគមន៍​បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ចុះត្រួតពិនិត្យទីតាំងស្តុកសាច់សត្វបង្កកមួយកន្លែងនៅភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ក្រុមការងារបានរកឃើញ សាច់បង្កក គ្មានឯកសារច្បាប់ ក្នុងនោះមាន គ្រឿងមាន់ សាច់មាន់ សាច់ជ្រូក និងក្របី សរុប ២ ម៉ឺន ៤ ពាន់ ៤២៤ កេស ស្មើ ៣សែន ៧ ម៉ឺន និង ៧៨៧ គីឡូក្រាម ។ នេះបើតាមការឱ្យដឹងរបស់លោក ហ៊ុន សារ៉ា​ត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វនិងសុខភាពសាធារណៈបសុខព្យាបាលដែលជាអ្នកដឹកនាំដោយផ្ទាល់​នូវ​ប្រតិ​បត្តិ​ការ​ឆែកឆេរនេះ។

លោក ហ៊ុន សារ៉ាត់ បានបន្តថា សាច់សត្វបង្កកទាំងនេះត្រូវបាននាំចូលពីបរទេសមកស្តុកទុកនៅក្នុងឃ្លាំងដោយពុំទាន់មានឯកសារបញ្ជាក់ច្បាស់លាស់ ហើយ​ក្រុមការងារ​បានស្នើសុំព្រះរាជអាជ្ញាបិទឃ្លាំងបង្កកសាច់សត្វខាងលនេះ ជាបណ្ដោះអាសន្នដោយតម្រូវឱ្យម្ចាស់ទីតាំងរកឯកសារ​ពាក់ព័ន្ធទៅបំភ្លឺនៅ​អគ្គនាយក​ដ្ឋាន​សុខ​ភាព​សត្វ​និង​ផលិត​ក​ម្មសត្វ ។

គួរជម្រាបជូនថា សាច់បង្កកខុសច្បាប់ បាន និងកំពុងក្លាយជាភាពស្មុគស្មាញយ៉ាងខ្លាំងចំពោះអ្នកពាក់ព័ន្ធ ព្រោះវាត្រូវបានជនមិនសុច្ចរិតប៉ុន្មាននាក់លួចលាក់​នាំចូលដោយ​គ្មាន​ការត្រួតពិនិត្យ និងបានធ្វើឱ្យវិស័យចិញ្ចឹមសត្វក្នុងស្រុក​ដួលរលំជាបន្តបន្ទាប់ ហើយក៏ត្រូវបានគេគិតនិងបារម្ភដែរថា វាកំពុងគំរាមកំហែងយ៉ាងខ្លាំងចំពោះ​សុខភាព​សាធា​រណៈ ពីព្រោះត្រូវបានគេជឿជាក់ថា សាច់បង្កកខុសច្បាប់ទាំងនោះគឺជាសាច់ខូចគុណភាព ហួសកាលបរិច្ឆេទបរិភោគ ឬជាសាច់សត្វមានជំងឺដែល​ត្រូវគេ​កម្ទេច​ចោលហេតុនេះពួកគេនាំយកមកលក់ថោកៗជាងថ្លៃដើមផលិតយ៉ាងឆ្ងាយ ។

គួរបញ្ជាក់ថា៖ក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋាន​សុខភាពសត្វ និងផលិតកម្មសត្វ តែងតែសហការជាមួយស្ថាប័នពាក់ព័ន្ធ បង្ក្រាប​បានជាបន្តបន្ទាប់និងចាប់សត្វរស់ សាច់សត្វ ស៊ុតសត្វ និងផលិតផលធ្វើពីសាច់សត្វ៕