ព័ត៌មានជាតិ, សុខភាព

រយៈពេល៩ឆ្នាំមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោក និងមើលថែសុខាភាពប្រជាជនកម្ពុជារាប់លាននាក់

ដោយៈសិរីមតី
ភ្នំពេញ៖មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ កាលពីថ្ងៃទី២ខែធ្នូ ឆ្នាំ២០២៣ បានប្រារព្ធខួប៩ឆ្នាំនៃការដំណើរការរបស់ខ្លួននៅព្រះរាជាណាចក្រកម្ពុជា នាសណ្ឋាគារហ្គាឌិន ស៊ីតធី រាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត នីវ៉ាត់ អិនថារ៉ាវិឈាន (NIWAT INTARAWICHIAN) អគ្គនាយកមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញបាន​ថ្លែងថា៖អស់រយៈពេល ៩ឆ្នាំមកហើយដែលមន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ បានមើលថែសុខាភាពប្រជាជនកម្ពុជារាប់​លាននាក់ និងផ្ដល់សេវាថែទាំសុខភាពលំដាប់ពិភពលោក ព្រម​ទាំងវេជ្ជសាស្ដ្រដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យ បាងកក ប្រទេសថៃ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ជាសមាជិកនៃ Bangkok Dusit Medical Services (BDMS) ដែលជាបណ្ដាញមន្ទីរពេទ្យក៏​មានកិត្យានុភាព​បំផុតមួយ​នៅប្រទេសថៃ និងក្នុងតំបន់អាស៊ីប៉ាស៊ី ។

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញទទួលបានការគាំទ្រពីស្រទាប់មហាជនក្នុងស្រុក និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍ ដែលមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាតែងតែនឹកគិតនិងស្វែងរកដើម្បីពិគ្រោះ ពិភាក្សា និងព្យាបាលដោយទំនុកចិត្ត ដោយមិនចាំបាច់ទៅព្យាបាលនៅក្រៅស្រុកនោះឡើយ។ មិនត្រឹមតែប៉ុណ្ណោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញជាមន្ទីរពេទ្យក្នុងស្រុកដំបូងគេ ដែលត្រូវបានទទួលស្គាល់ដោយ JCI បីដងជាប់ៗគ្នាតាំងពីឆ្នាំ ២០១៧ មក។

មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញជាមន្ទីរពេទ្យដែលមានស្តង់ដារស្របតាមមាត្រាដ្ឋានអន្ដរជាតិ មានក្រុមគ្រូពេទ្យពោរពេញដោយជំនាញច្បាស់លាស់ ឧបករណ៍ទំនើប គោរពនូវ​គោលការណ៍សុវត្ថិភាពនិងឯកជនភាពខ្ពស់របស់អ្នកជំងឺ ហើយ​ធ្វើការយ៉ាងស្អិតរមួតជាមួយដៃគូធានារ៉ាប់រងដល់ទៅជាង ១០០ ទូទាំងប្រទេស។ ត្បិតតែយើង​ធ្វើ​បានយ៉ាង​ល្អក៏ពិត​មែន អំឡុងពេល ៩ ឆ្នាំមកនេះ ប៉ុន្ដែវាមិនទាន់គ្រប់គ្រាន់នោះទេសម្រាប់យើង យើងខ្ញុំនៅតែបន្ដខិតខំប្រឹងប្រែងលើគុណភាពសេវាកម្មរបស់យើង ឲ្យស្រប​តាម​គោលការណ៍ 5G របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញនោះគឺ៖ វេជ្ជបណ្ឌិតល្អ(Good Doctor),គិលានុបដ្ឋាកល្អ(Good Nurse), បដិសណ្ឋារកិច្ចល្អ (Good Hospitality), បច្ចេក​វិទ្យា​ល្អ(Good Technology)និង បច្ចេកវិទ្យាពត៌មានល្អ(Good IT )ដើម្បីនៅបន្ដជាមន្ទីរពេទ្យវ័យឆ្លាត( Smart Hospital)ដែលជាដៃគូដ៏ទុក​ចិត្តរបស់​អ្នកជំងឺ​គ្រប់​រូប​។

លោកវេជ្ជបណ្ឌិត នីវ៉ាត់  បានឱ្យដឹងទៀតថា៖មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ មានក្រុមគ្រូពេទ្យជំនាញ និងសហការគ្នាខ្ពស់ជាមួយវេជ្ជបណ្ឌិតពីមន្ទីរពេទ្យបាងកកធានានូវជំនាញក្នុងការវះកាត់ទូទៅការវះកាត់ខួរក្បាលការវះកាត់ឆ្អឹងខ្នង ការវះកាត់បេះដូង ការវះកាត់ត្រគៀកនិងជង្គង់ការវះកាត់ទំនើបដែលបន្សល់នូវស្លាកស្នាមតូច។អ្នកជំងឺនឹងមានការជាសះស្បើយឆាប់រហ័ស។សេវា​កម្មសង្គ្រោះបន្ទាន់របស់យើងត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ដល់ការសង្គ្រោះនិងថែទាំអាយុជីវិតដល់អ្នកជំងឺ។ មន្ទីរពេទ្យ រ៉ូយ៉ាល់ ភ្នំពេញ ​ជាមន្ទីរពេទ្យតែមួយ​គត់ដែលផ្ដល់ការព្យាបាលលំដាប់ពិភពលោកនៅរាជធានីភ្នំពេញ។

លោកវេជ្ជបណ្ឌិត ណារីនតារ៉ា ប៊ូនចុងចារើន( Narintara Boonjongcharoen)នាយកប្រតិបត្តិក្រុមទី៦នៃ BDMS បានថ្លែងថា៖ក្រុម BDMS មានមោទនភាពដែលជិត២០ ឆ្នាំមកមកនេះ BDMS Group Thailand បានបង្កើតនិងដំណើរការ មន្ទីរពេទ្យរ៉ូយ៉ាល់រតនៈ នៅខេត្តសៀមរាប និងបន្ទាប់មកមន្ទីរពេទ្យ Royal Phnom Penh នៅភ្នំពេញ ក្រោមការជួយជ្រោម​ជ្រែង​ពីរាជរដ្ឋាភិបាលកម្ពុជា។ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ បានទទួលការជឿទុកចិត្ត និងការគាំទ្រយ៉ាងសម្បើមពីប្រជាជនកម្ពុជា ជនបរទេស និងទេសចរជំនួយអន្តរជាតិ និងក្រុមហ៊ុន​ធានា​រ៉ាប់រងអន្តរជាតិ ស្វែងរកការព្យាបាលប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារអន្តរជាតិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

លោកវេជ្ជបណ្ឌិត បានមានប្រសាសន៍ឱ្យដឹងថា៖មន្ទីរពេទ្យ បានពង្រីកសមត្ថភាពបន្ថែមទៀត ដោយទទួលបានឧបក​រ​ណ៍វេជ្ជសាស្ត្រកម្រិតខ្ពស់បន្ថែម ឧទាហរណ៍ យើងនឹង​មាន 3 tesla MRI កម្រិតខ្ពស់ក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤។ យើងនឹងមានអ្នកឯកទេសផ្នែកវះកាត់តូចបំផុត អ្នកឯកទេសបេះដូងថ្មី អ្នកឯកទេសត្រគាក និងជង្គង់ អ្នកឯកទេស​ខួរក្បាល និងឆ្អឹងខ្នង និងអនុឯកទេសជាច្រើនសម្រាប់តម្រូវការរបស់អ្នកជំងឺរបស់យើង។

ជាទីមោទនៈ មន្ទីរពេទ្យទទួលបានភាពខុសប្លែកគួរឱ្យកត់សម្គាល់ជាមន្ទីរពេទ្យដំបូង និងតែមួយគត់ក្នុងព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលបានទទួលការ​ទទួលស្គាល់​ពីគណៈកម្មការ​អន្តរជាតិ JCI ដ៏មានកិត្យានុភាព ដោយសម្រេចបាននូវការទទួលស្គាល់ដ៏ល្អឥតខ្ចោះលើគុណភាព និងសុវត្ថិភាពអ្នកជំងឺនេះ បីដងជាប់គ្នាក្នុងឆ្នាំ ២០១៧, ២០២០ និងថ្មីៗនេះ​ក្នុង​ខែវិច្ឆិកា ឆ្នាំ ២០២៣។

មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញគឺជាផ្នែកមួយនៃBDMSដែលជាអ្នកផ្តល់សេវាថែទាំសុខភាពឯកជនដ៏ធំបំផុតនៅក្នុងប្រទេស​ថៃ និងជាក្រុមមន្ទីរពេទ្យឈានមុខគេមួយ​នៅអាស៊ីប៉ាស៊ីហ្វិក ។បច្ចុប្បន្នក្រុម BDMS មានមន្ទីរពេទ្យចំនួន ៥៧ និងក្រុមហ៊ុនមិនមែនមន្ទីរពេទ្យចំនួន ៧ នៅក្នុងបណ្តាញរបស់យើង ដែលរួមមានរួមមានមន្ទីរ​ពេទ្យបាងកក,មន្ទីរពេទ្យព្យាថៃ( Phyathai Paolo),Samitevej និង មន្ទីរពេទ្យ BNH ។

ឯកឧត្ដម ស៊ិក ប៊ុណ្ណា រដ្ឋលេខាធិការ តំណាងឯកឧត្ដមសាស្ត្រាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលជាពិសេស ក្រសួងសុខាភិបាល បានកសាងភាពជាដៃគូរឹងម៉ាំរវាងវិស័យសុខា​ភិបាលសាធារណៈនិងឯកជន ប្រកបដោយភាពជឿជាក់ដើម្បីធ្វើឱ្យសុខភាព​ប្រជាជននិងការអភិវឌ្ឍ​សង្គមសេដ្ឋកិច្ចកម្ពុជាកាន់តែល្អប្រសើរ។

ឯកឧត្ដមរដ្ឋលេខាធិការ បានបញ្ជាក់ថា៖ រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ ផ្តល់អាទិភាព និងលើកកម្ពស់វិស័យសេវាសុខាភិបាល ដែលក្នុងនោះរួមមានការលើកកម្ពស់​សុខភាព និងសុខមាលភាពរបស់ប្រជាពលរដ្ឋ ដែលជាគោល​ដៅយុទ្ធសាស្ត្រកាត់បន្ថយការឈឺ សុខភាពបន្តពូជ សុខភាពមាតា និងទារកព្រមទាំងពង្រឹងគុណភាព សមត្ថភាពជំនាញ និងសេវាកម្ម​វេជ្ជសាស្ត្រ៕