uncategorized

ថ្មម៉ាបមួយដុំធំធ្លាក់ពីលើរថយន្តធ្វើឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់

ដោយ:សុខុម
ក្រចេះ ៖ក្មេងស្រីម្នាក់បានទទួលរងរបួសធ្ងន់ធ្ងរហើយត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីរថយន្តដឹកថ្មម៉ាបធ្វេសប្រហែសធ្លាក់ថ្មទៅលើផ្លូវជាតិត្រូវក្មេងនៅត្រង់ចំណុចភូមិកាប៉ូមួយសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះកាលពីថ្ងៃទី ៣ខែធ្នូឆ្នាំ២០២៣។


ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្ត ម៉ាកវេអងផ្លូវ៥ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ៣F-២៣០៧ សណ្តោងរ៉ឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ៤A-៨៩៦០ ដឹកថ្មម៉ាបបានធ្វើដំណើរតាមផ្លូវជាតិក្រចេះស្នួល។មកដល់ចំណុចកើតហេតុថ្មម៉ាបមួយដុំរមៀលធ្លាក់ពីលើរថយន្តទៅលើផ្លូវបណ្ដាលឲ្យប៉ះក្មេងស្រី ម្នាក់ឈ្មោះ វឿន ស៊ូយ៉ុង អាយុ៥ឆ្នាំរស់នៅភូមិកាប៉ូ១ សង្កាត់អូរឫស្សី ក្រុងក្រចេះពេលកំពុងដើរដោយថ្មើជើង។ពេលកើតហេតុភ្លាមអ្នកបើកបររថយន្តដឹកថ្មមិនស្គាល់អត្តសញ្ញាណបានរត់គេចខ្លួន។រថយន្ដបង្កត្រូវសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការនគរបាល ស្រុកចិត្របុរី ជាបណ្ដោះអាសន្ន។


សូមរំលឹកថាករណីរដុំថ្មម៉ាបធ្លាក់ពីលើរថយន្តខាងលើនេះតាមផ្លូវជាតិក្រចេះស្នួលតែងតែកើតមានជាញឹកញាប់ហើយអាជ្ញាធរក៏បានជូនដំណឹងទៅខាងក្រុមហ៊ុនដឹកថ្មឲ្យមានការប្រុងប្រយ័ត្ននិងទទួលខុសត្រូវខ្ពស់។ក៏ប៉ុន្តែនៅតែបង្កហេតុបណ្ដាលឲ្យគ្រោះថ្នាក់ប៉ះពាល់ដល់អ្នកដទៃទៀត៕