កម្សាន្ដ

សហគមន៍សម្រស់កោះហានគឺជាជម្រើសដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្តនិងបោះតង់សម្រាកលម្ហែកាយ

ដោយ៖សុខុម

ស្ទឹងត្រែង៖សហគមន៍អេកូទេសចរសម្រស់កោះហាន មានទេសភាពស្រស់បំព្រងអមទៅដោយកោះខ្សាច់តូចធំ មានព្រៃព្រឹក្សាលតាវល្លិដុះមីរដេរដាស ពណ៌ខៀវស្រងាត់និងគ្រប     ដណ្តប់ទៅដោយផ្ទៃទឹកថ្លាឈ្វេងលាយឡំជាមួយផ្ទាំងថ្មកំបោរ និងខ្យល់ជំនោរបក់រំភើយៗពីធម្មជាតិ។

សហគមនន៍នេះគឺស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ ក្នុងទឹកដីឃុំកោះស្នែង ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ ទីនោះកន្លងមកដោយសារតែមានការរៀបចំចូលរួមកែច្នៃអភិវឌ្ឍន៍ពីសំណាក់សហគមន៍ អង្គការ ក៏ដូចជាប្រជាពលរដ្ឋទូទៅ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន គឺបានប្រែក្លាយជាជម្រើសដ៏ល្អបំផុតសម្រាប់ដំណើរកម្សាន្ត ជាពិសេសសម្រាប់ជិះទូក បោះតង់សម្រាកលម្ហែកាយនារដូវប្រាំង។

សហគមន៍នេះតែងទទួលបានការកោតសរសើរមិនដាច់ពីមាត់ពីសំណាក់ភ្ញៀវទេសចរជាតិនិងអន្តរជាតិដែលបានទៅលេងកម្សាន្តព្រមទាំងបានទៅឃើញនឹងភ្នែកដោយផ្ទាល់ពីសម្រស់ធម្មជាតិនិងការទទួលបដិសណ្ឋារកិច្ចដល់ភ្ញៀវ ពីការផ្តល់សេវាកម្មទូទៅដែលមាននៅក្នុងតំបន់នោះ។

អ្នកដែលចង់ធ្វើដំណើរទៅទស្សនានៅសហគមន៍នោះមុននឹងទៅដល់គឺគេត្រូវធ្វើដំណើរឆ្លងកាត់ស្ពានសេកុងតាមបណ្តោយផ្លូវជាតិលេខ៧ស្ទឹងត្រែងព្រំដែនកម្ពុជា-ឡាវដែលមានចម្ងាយប្រមាណជា២៤គីឡូម៉ែត្រតែប៉ុណ្ណោះ។

នៅពេលគេធ្វើដំណើរទៅនោះឃើញមានស្ពានដ៏វែងមួយឆ្លងកាត់ទន្លេសេកុងដែលជាចំណងដៃមិត្តភាពកម្ពុជាចិនហើយស្ពានមួយនេះផងដែរអ្នកស្រុកហៅថាស្ពានសេកុង។នៅអមតាមសងខាងផ្លូវជាតិលេខ៧គេឃើញមានផ្ទះប្រជាពលរដ្ឋវាលស្រែនិងផលដំណាំជាច្រើននៅតាមដងផ្លូវ។ពេលទៅដល់ផ្លូវចូលគេនឹងឃើញមានផ្លាកសញ្ញាបង្ហាញផ្លូវប្រាប់ពីសហគមន៍ទេសចរណ៍សម្រស់កោះហាននៅខាងឆ្វេងដៃ។ធ្វើដំណើរជាបន្តតាមផ្លូវក្រួសក្រហមមិនយូរប៉ុន្មាននឹងបានទៅដល់មាត់ទន្លេមេគង្គដែលមានកន្លែងសម្រាប់ចតរថយន្តឬម៉ូតូនៅលើទីធ្លាធំទូលាយ។

ភ្ញៀវជាតិនិងអន្តរជាតិពេលទៅដល់ទីនោះតែងតែមានការណែនាំពីលោកសេង សុធា អតីតគឺជាអ្នកសម្របសម្រួលដ៏សំខាន់មួយរូបជាមួយនឹងសហគមន៍នៅឃុំកោះស្នែង។ លោកសុធានឹងប្រាប់ពីទីតាំងសំខាន់ៗរួមទាំងសេវាកម្មផ្សេងៗក្នុងដំណើរកម្សាន្តមួយនេះ។

សហគមន៍កោះស្នែងគឺមានទូកជាច្រើនគ្រឿងដែលសហគមន៍ត្រៀមរង់ចាំរួចជាស្រេចដើម្បីទទួលសម្រាប់បើកជូននៅពេលភ្ញៀវចង់ទៅទស្សនាពីតំបន់ណាមួយនៅទីនោះ។

លោកសេងសុធាបានរៀបរាប់ឲ្យដឹងថាបច្ចុប្បន្ននេះ គឺជាពេលវេលាដ៏ល្អបំផុតនៅក្នុងដំណើរកម្សាន្តមិនថាភ្ញៀវជាតិនិងអន្តរជាតិទេ។ ពួកគេគឺអាចមកកាន់ទីនេះបានហើយសហគមន៍ក៏មានសេវាកម្មបម្រើជូនគ្រប់ពេលវេលា។ ក្រៅពីនោះមានអាហារគ្រប់គ្រាន់សម្រាប់លក់ជូនភ្ញៀវក្នុងតម្លៃមួយសមរម្យដែលអាចទទួលយកបានទៀតផង។

លោកសេងសុធាបានរៀបរាប់ឲ្យដឹងបន្តថាក្នុងដំណើរកម្សាន្តដ៏រីករាយភ្ញៀវអាចទស្សនាតំបន់ទេសភាពព្រៃលិចទឹកដ៏ស្រស់ស្អាត។ ជិះទូកមើលផ្ទាំងថ្មកំបោរ ទស្សនាសត្វស្លាប និងសត្វទន្លេមេគង្គ ងូតទឹកថ្លាដូចកញ្ចក់ហូរតាមចន្លោះព្រៃលិចទឹក ផ្ទាំងថ្មធំៗ ឆ្នេរខ្សាច់ ឬឈើផុសចេញពីទឹក ។មើលកោះខ្សាច់ស្តាប់សំឡេងទឹកហូរ លាយឡំសត្វយំពីរោះរណ្តំនិង ចូលរួមសកម្មភាពនេសាទ ឫសកម្មភាពកសិកម្មផ្សេងៗ របស់សហគមន៍នៅតាមកោះ។ បោះតង់ និងជិះទូកកៃយ៉ាក់ក្នុងព្រៃលិចទឹក។បោះតង់សំរាកលម្ហែលើឆ្នេរខ្សាច់ ដ៏ស្រស់ស្អាត ឬអុំទូកកៃយ៉ាក់តាមទឹកជួរតូចៗចន្លោះផ្ទាំងថ្ម និងពើងថ្ម លិចទឹកទន្លេមេគង្គនៅរដូវប្រាំង គឺចាប់ពីខែវិច្ឆិការហូតដល់ខែ មិថុនា។ អ្នកធ្វើដំណើរកម្សាន្តអាចស្នាក់នៅផ្ទះសហគមន៍ និង ភ្លក់រសជាតិនៃមុខម្ហូបក្នុងភូមិ។ ពួកគេអាចបង្ហោះគោមនៅពេលយប់ ស្ទូចត្រី។នៅពេលភ្ញៀវមកដល់ទីនេះ នឹដែលអាចនឹងទទួលបាននូវ បទពិសោធពីជីវិតពិត របស់ សហគមន៍តាមជនបទ រៀនសូត និងឈ្វេងយល់ពីវប្បធម៌ ប្រពៃណី ម្ហូបអាហារក្នុងសហគមន៍  ជីវភាពប្រចាំថ្ងៃរបស់អ្នកភូមិ។

ក្រៅពីនេះភ្ញៀវក៏អាចសម្រាកបោះតង់មើលថ្ងៃលិច ថ្ងៃរះនៅតាមកោះសាកថ្មជីវិតតាមបែបធម្មជាតិ។ សហគមន៍មួយនេះក៏មានការយកចិត្តទុកដាក់អភិរក្សពីមន្ត្រីឧទ្យានុរក្សនៃក្រសួង  បរិស្ថានផងដែរ។

ដំណើរកម្សាន្តមួយនេះបានដិតជាប់ក្នុងក្រអៅបេះដូងនិងបានស្គាល់ពីធម្មជាតិពិតដែលបានបន្សល់ទុកនៅរូបថតជាច្រើនជាអនុស្សាវរីយ៍ពេលដែលពួកគេបានចាកចេញត្រឡប់ពីដំណើរកម្សាន្តនៅទីនោះទៅវិញ៕