សេដ្ឋកិច្ច

ធនាគារកម្ពុជា និងវៀតណាម ដាក់ឱ្យប្រើប្រាស់ការទូទាត់តាមឃ្យូអរកូតឆ្លងដែន

ដោយៈសិរីមតី
ភ្នំពេញ៖ធនាគារជាតិនៃកម្ពុជា និង ធនាគាររដ្ឋវៀតណាម ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៣​បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទូទាត់តាមឃ្យូអរកូតឆ្លងដែន​រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម ដើម្បីសម្រួលដល់ការទូទាត់ថ្លៃទំនិញនិងសេវាកម្មផ្សេងៗនិងលើកកម្ពស់ការទូទាត់រូបិយវត្ថុជាតិ(ប្រាក់រៀល)ឱ្យកាន់ តែទូលំទូលាយនិងជំរុញបរិយាបន្នហិរញ្ញវត្ថុនៅក្នុងតំបន់ស្របតាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

ទាក់ទងនឹងកិច្ចព្រមព្រៀងនេះ បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍ថា “បន្ទាប់ពីការដាក់ឱ្យ​ប្រើប្រាស់ការទូទាត់​ឆ្លងដែន​តាមឃ្យូអរកូតជាមួយនឹងព្រះរាជាណាចក្រថៃបានជោគជ័យ ធនាគារអេស៊ីលីដា បានបន្តពង្រីកបន្ថែមនូវប្រព័ន្ធទូទាត់ឆ្លងដែនតាមឃ្យូអរកូតនេះ ជាមួយនឹង​ប្រទេស​សមាជិកអាស៊ានចំនួន ២ បន្ថែមទៀត រួមមាន សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងសាធារណរដ្ឋសង្គមនិយមវៀតណាម បន្ទាប់ពីមានការអនុញ្ញាត​ពីធនាគារជាតិ នៃ កម្ពុជា។

លោកបណ្ឌិតបានបញ្ជាក់ថា៖ជាមួយនឹងប្រតិបត្តិការទូទាត់ឆ្លងដែន រវាងសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះរាជាណាចក្រកម្ពុជា ធនាគារ អេស៊ីលីដា និង ធនាគារ Bank for Investment and Development of Vietnam (BIDV) ត្រូវបានជ្រើសរើស ជាធនាគារទំនាក់ទំនង (Sponsoring Bank) សម្រាប់ការទូទាត់ឆ្លងដែនតាមឃ្យូអរកូត (QR Code) នៅប្រទេសកម្ពុជា និងវៀតណាម ក្នុងគោលដៅលើកកម្ពស់ការទូទាត់ប្រាក់រៀលឱ្យកាន់តែទូលំទូលាយក្នុង ថ្នាក់តំបន់ និងដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ ស្រប​តាមសមាហរណកម្មសហគមន៍សេដ្ឋកិច្ចអាស៊ាន។

លោកបណ្ឌិតប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា បានបន្ថែមទៀតថា៖«ឥឡូវនេះកម្ពុជានិងវៀតណាមរីករាយជាមួយនឹងការទូទាត់ប្រាក់តាមQR codeបាន​យ៉ាង​ងាយស្រួល រហ័សនិងមានសុវត្ថិភាព។អតិថិជនរបស់ធនាគារនៅប្រទេសកម្ពុជា ដែលមានគណនីប្រាក់រៀល ហើយធ្វើដំណើរទៅប្រទេសវៀតណាម អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ ដោយប្រើកម្មវិធីធនាគារចល័តតាមរយៈទូស័ព្ទរបស់ធនាគារកម្ពុជាណាមួយ ឬតាមប្រព័ន្ធបាគង ដោយគ្រាន់ តែចុចលើមុខងារ ស្កែនឃ្យូអរ (QR) ហើយធ្វើការស្កែន វៀត ឃ្យូអរកូត (Viet QR Code) របស់អាជីវករ វៀតណាម។ ដូចគ្នានេះផងដែរ អតិថិជនរបស់ធនាគារនៅប្រទេសវៀតណាម​ដែលធ្វើដំណើរ​មកកាន់ប្រទេសកម្ពុជាក៏អាចទូទាត់ថ្លៃទំនិញ ឬសេវាកម្មផ្សេងៗ តាមរយៈ ខេអេចឃ្យូអរ ( KHQR ) ដោយបើកកម្មវិធីធនាគារចល័ត តាមរយៈទូរស័ព្ទរបស់​ធនាគារ​វៀតណាមណាមួយ ហើយស្កែនខេអេចឃ្យូអរ (KHQR) របស់អាជីវករនៅកម្ពុជា។”

គួរឱ្យដឹងថា៖ធនាគារ អេស៊ីលីដា ភីអិលស៊ី មានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួនបួន (៤) គឺ៖ ១) វិទ្យាស្ថាន ពាណិជ្ជសាស្រ្ត អេស៊ីលីដា ២) អេស៊ីលីដា ស៊ីឃ្យួរឹធី ភីអិលស៊ី ៣) ធនាគារ អេស៊ីលីដា ឡាវ លីមីធីត និង ៤) ស្ថាប័នមីក្រូហិរញ្ញវត្ថុ អេស៊ីលីដា មីយ៉ាន់ម៉ា ព្រមទាំងមានការិយាល័យតំណាងនៅសាធារណរដ្ឋសហភាពមីយ៉ានម៉ា។ គិតត្រឹម​ដំណាច់ ខែកញ្ញា ឆ្នាំ២០២៣នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួនជាង ៩,៤០ប៊ីលានដុល្លារអាមេរិក សមតុល្យឥណទានសរុបចំនួន ៦,៥៧ប៊ីលាន ដុល្លារអាមេរិក និងប្រាក់បញ្ញើសន្សំសរុបចំនួន ៦,៩២ប៊ីលានដុល្លារអាមេរិក និងមានអតិថិជនប្រមាណជាង៤,៤៣លាននាក់។ធនាគារ អេស៊ីលីដាមានចំនួនអ្នកប្រើប្រាស់ អេស៊ីលី ដា ម៉ូបាល ៣,១៣លាននាក់ និងមានដៃគូអាជីវកម្ម ចំនួន ៣១១.១៦៦ គិតត្រឹមដំណាច់ខែកញ្ញាឆ្នាំ២០២៣៕