ព័ត៌មានជាតិ, សុខភាព

ទិវាពិភពលោកអេដស៍ផ្ញើសារថា:ការប្រយុទ្ធនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺនៅមិនទាន់ដល់ទីបញ្ចប់ទេ

ដោយ:សិរីមតី/ភ្នំពេញ: អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នាព្រឹកថ្ងៃទី២ ខែធ្នូ បានប្រារព្ធធ្វើទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ដើម្បីរំលឹកដល់ ពិភពលោកថាការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់​ទេ។

លោកបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ (NAA) ព្រមទាំងអ្នកតស៊ូមតិ អ្នកស្ម័គ្រចិត្ត ក្រុមយុវជននិងមហាជនប្រមាណ ៦០០នាក់ បានចួលរួមការរត់ប្រណាំង ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍របស់ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) ដែលប្រព្រឹត្តិទៅនៅ​សួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួតបឹង។យុទ្ធនាការនេះក៏មានក្បួនដង្ហែ ដោយមានប៉េងប៉ោង ផ្ទាំងរូបភាព ននិងបដាអប់រំអំពីជំងឺអេសស៍។

យោងតាមអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះមានគោលបំណងដើម្បីរំលឹក និង អបអរសាទេរ ក៏ដួចជាផ្តល់ កិត្តិយសដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ព្រមទាំង ផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួម ប្រជាជនទូទាំងពិភព​លោក​ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ ជំងឺអេដស៍។

ខណៈពេលដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ជាសកលកំពុងប្រឈមនឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះថ្នាក់ខ្ពស់នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណ ជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ហើយការឆ្លើយតបនឹងមេ រោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាពខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមានចំណូលទាបនោះទេ។

លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រង កម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា « ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍គឺមិនទាន់ដល់ទីបញ្ចប់ទេ! យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍ »។

ទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃទី ១ ខែធ្នូ បានផ្តល់ឳកាសឱ្យអ្នកតស៊ូមតិ ក្នុងការឆ្លើយតបនូវមេរោគអេដស៍/ជំងឺអេដស៍ នាំយកការយល់ដឹង ការឆ្លើយតបជាសកលក្នុងការប្រយុទ្ធនឹងការមាក់ងាយ និងការរើសអើង ដែលជាឧបសគ្គរារាំង ដល់អ្នករស់នៅជាមួយមេរោគអេដស៍ក្នុងការស្វែងរកសេវាធ្វើតេស្តឈាម និងព្យាបាល។ ជាមួយគ្នានេះផងដែរការជំរុញឱ្យរដ្ឋាភិបាលទូទាំងពិភពលោកធានាឱ្យបាន នូវធនធានថវិកា ឆន្ទៈនយោបាយ ក្នុងការប្រយុទ្ធប្រឆាំងនឹងមេរោគអេដស៍/ជំងឺអេដស៍។នៅក្នុងទិវាពិភពលោកប្រយុទ្ធនឺងជំងឺអេដស៍ពិភពលោកទាំងមូលត្រូវតែចងចាំថា-អេដស៍មិនទាន់ ដល់ទីបញ្ចប់ទេ។


អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុងផ្តល់សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង១.៩លាននាក់ក្នុង៤៥ ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀនតំបន់អាស៊ីប៉ាស៊ីហ្វិកនិងអឺរ៉ុប៕