អន្តរជាតិ

ហ្វីលីពីនកំពុងតាមដានទូកចិនជាង១៣៥គ្រឿងចូលលុកលុយដែនសមុទ្រចិនខាងត្បូងដោយខុសច្បាប់

ប្រែសម្រួល៖សហការី​

នៅថ្ងៃអាទិត្យ ទី ៣ ខែធ្នូ ឆ្មាំសមុទ្រហ្វីលីពីន (PCG) បានប្រកាសថា កងឆ្មាំសមុទ្ររបស់ខ្លួនកំពុងឃ្លាំមើល “វត្តមានខុសច្បាប់” របស់នាវាកងជីវពលចិនជាង ១៣៥ គ្រឿងដែលកំពុងចូលលុកលុយនៅត្រង់ចំណុចថ្មប៉ប្រះទឹកក្នុងដែនសមុទ្រចិនខាងត្បូង។

ដើម្បីជាការឆ្លើយតបឆ្មាំសមុទ្រហ្វីលីពីន បាននិយាយថា មេបញ្ជាការបស់ខ្លួនបានបញ្ជាឲ្យពួកគេចេញល្បាតនៅជុំវិញតំបន់ថ្មប៉ប្រះទឹក Whitsun ដែលក្រុងម៉ានីលហៅថា ថ្មប៉ប្រះទឹក Julian Felipe ដែលជាតំបន់សេដ្ឋកិច្ចផ្តាច់មុខ (EEZ) របស់ប្រទេសហ្វីលីពីន។

“PCG ប្តេជ្ញាដោយឥតងាករេដើម្បីរក្សាការការពារសន្តិសុខសុវត្ថិភាព និងបរិស្ថានសមុទ្រក្នុងដែនសមុទ្ររបស់ខ្លួនដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាពដែលស្ថិតក្នុងដែនសម្តកិច្ចនិងក្រោមយុត្តាធិការរបស់ប្រទេសហ្វីលីពីននៅតំបន់ភាគខាងលិចនៃសមុទ្រហ្វីលីពីន ” ។

សមុទ្រហ្វីលីពីនក្នុងតំបន់ខាងលិច គឺជាពាក្យក្រៅផ្លូវការរបស់ក្រុងម៉ានីល សម្រាប់កំណត់អត្តសញ្ញាណដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដែលស្ថិតក្នុងរង្វង់ EEZ ប្រវែង ២០០ ម៉ាយ។

មកដល់ពេលនេះនៅមិន​ទាន់មាន​ការ​ធ្វើអត្ថាធិប្បាយ​ដើម្បីបកស្រាយអំពីហេតុការណ៏នេះភ្លាមៗ​ពី​ស្ថានទូត​ចិន​ប្រចាំ​ក្រុង​ម៉ានីលនោះនៅឡើយ​ទេ។

តុលាការអន្តរជាតិបានធ្វើអសុពលភាពចំពោះការទាមទាររបស់ចិនសម្រាប់ការគ្រប់គ្រងផ្ទៃសមុទ្រទំហំ៩០ ភាគរយនៃផ្ទៃសមុទ្រចិនខាងត្បូងនៅក្នុងឆ្នាំ ២០១៦ ក៏ប៉ុន្តែក្រុងប៉េកាំងនៅតែរឹងរូសមិនទទួលស្គាល់សេចក្តីសម្រេចនោះទេ។ ប្រទេស​ចិន​បាន​សាងសង់​កោះ​សិប្បនិមិត្តនៅ​ក្នុង​ដែនទឹកដែលមាន​ជម្លោះ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ដោយ​បាន​ដាក់ពង្រាយ​យន្តហោះនៅ​លើ​កោះ​មួយ​ចំនួនផងដែ​រ។

ប្រទេសមួយចំនួនដូចជា តៃវ៉ាន់ ម៉ាឡេស៊ី វៀតណាម និងប្រ៊ុយណេ សុទ្ធតែបានធ្វើការទាមទារផ្នែកខ្លះនៃសមុទ្រចិនខាងត្បូងនេះ៕

ប្រភព៖ Reuters