បច្ចេកវិទ្យា

Amazon ចុះកិច្ចព្រមព្រៀងជាមួយ SpaceX ក្នុងការបាញ់បង្ហោះផ្កាយរណប Kuiper ទៅក្នុងគន្លង

ប្រែសម្រួល៖ សហការី

ក្រុមហ៊ុន Amazon ទើបតែសម្រេចចិត្តចុះកិច្ចសន្យាជាមួយនឹងក្រុមហ៊ុន SpaceX ដែលជាដៃគូប្រកួតប្រជែងដ៏ធំបំផុតរបស់ខ្លួនដែលមានលោក Elon Musk ជាអ្នកដឹកនាំក្នុងគោលបំណងបាញ់បង្ហោះផ្កាយរណបសម្រាប់ជួយផ្តល់នូវពន្លឺឲ្យកាន់តែច្បាស់នៅលើប្រព័ន្ធអ៊ីនធឺណិតរបស់ខ្លួនដែលគេហៅថាជាការផ្លាស់ប្តូរបច្ចេកវិទ្យាមួយដែលលោក Jeff Bezos ជាស្ថាបនិករបស់ Amazon ធ្លាប់សុបិនថានឹងប្រើប្រាស់រ៉ុក្កែតផ្ទាល់ខ្លួន Blue Origin របស់គាត់បង្ហោះនៅលើលំហអវកាសក្នុងខណៈដែល SpaceX បានបង្កើតវាបានដោយជោគជ័យហើយទទួលបានកេរ្តរ៏ឈ្មោះជាតារាអ៊ីនធឺណិត។

ក្នុងអំឡុងពេលលោក Musk និងលោក Bezos ល្បីក្នុងការប្រកួតប្រជែងគ្នាជាសាធារណៈនោះហើយក៏ធ្លាប់មានប្រវត្តិលេងសើចដោយបើកចំហលើការប្រកួតប្រជែងលើបណ្តាញផ្សព្វផ្សាយសង្គមក៏ដោយ លោក Musk តែងតែនិយាយបែបលេងសើចអំពីលោក Bezos និងក្រុមហ៊ុន Blue Origin របស់លោក Bezos ថាមិនមានអ្វីដែលគួឲ្យភ្ញាក់ផ្អើលនោះទេក្នុងនាមជាដៃគូប្រជែងលើអាជីវកម្មងាកមករួមដៃគ្នានៅក្នុងពិភពបាញ់បង្ហោះរ៉ុក្កែតទៅក្នុងលំហអវកាសនោះ។ ផ្កាយរណបរបស់ក្រុមហ៊ុន Amazon មួយចំនួនដែលគ្រោងនឹងបាញ់បង្ហោះដោយរ៉ុក្កែតដ៏ធំមួយដែលផលិតដោយក្រុមហ៊ុន Blue Originមានឈ្មោះថា New Glenn ដែល​ត្រូវ​បាន​ពន្យារ​ពេលអស់​ជា​ច្រើន​ឆ្នាំអាចនឹង​ដាក់​ឲ្យ​ដំណើរការ​ជា​លើក​ដំបូង​បង្អស់នៅក្នុង​ឆ្នាំ​ក្រោយ។

នៅក្នុងការចេញផ្សាយព័ត៌មានកាលពីថ្ងៃសុក្រក្រុមហ៊ុន Amazon បានប្រកាសចុះកិច្ចព្រមព្រៀងនេះ ដោយនិយាយថាក្រុមហ៊ុនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុន SpaceXដើម្បីបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនជាមួយគ្រាប់រ៉ុក្កែត SpaceX Falcon 9 ចំនួនបី ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុងពេលឆាប់ៗនៃពាក់កណ្តាលឆ្នាំ ២០២៥។

ក្រុមហ៊ុន Amazon កំពុងធ្វើការដើម្បីបង្កើតក្រុមផ្កាយរណបអ៊ីនធឺណេតរាប់ពាន់គ្រឿង ដែលមានឈ្មោះថា Project Kuiper ដែលគ្រោងនឹងបញ្ជូនបន្តនូវបណ្តាញទំនាក់ទំនងផ្កាយរណបសម្រាប់សេវាអ៊ីនធឺណិតនៅជុំវិញភពផែនដី។ ហើយវានឹងក្លាយជាការប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងសេវាកម្មអ៊ីនធឺណិត Starlink របស់ SpaceX ដែលមានផ្កាយរណបជាង ៥,០០០ រួចមកហើយដែលបានបង្ហោះចូលទៅក្នុងគន្លង។

មហាសេដ្ឋីប្រាក់ពាន់លាន លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុនAmazon 

ទោះជាក្រុមហ៊ុន Amazon មានគម្រោងធំៗបែបណាក៏ដោយក៏នៅតែរត់តាមពីក្រោយដៃគូប្រជែង Starlink របស់ SpaceX ដដែល។ ក្រៅពីនេះគេសង្កេតឃើញមានផ្កាយរណបគំរូពីរផ្សេងទៀតផងដែរ ដែលត្រូវបានបាញ់បង្ហោះកាលពីខែតុលា ដោយប្រើប្រាស់រ៉ុក្កែតដែលផលិតដោយ United Launch Alliance ដែលគេស្គាល់ថាជារបស់ក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Boeing និង Lockheed Martin ។

ក្រុមហ៊ុនដែលបង្កើតដោយលោក Jeff Bezos បានជាប់ចំណាត់ថ្នាក់នៅក្នុងខែមេសា ឆ្នាំ ២០២២ នៅពេលដែលគាត់បានចុះហត្ថលេខាលើកិច្ចសន្យាដែលមានតម្លៃរាប់ពាន់លានដុល្លារដើម្បីបាញ់បង្ហោះផ្កាយរណប Kuiper នៅលើរ៉ុក្កែត ៧៧ ដែលកសាងឡើងដោយក្រុមហ៊ុន Blue Origin ដែលជាក្រុមហ៊ុនបណ្តាក់ទុនបង្កើតឡើងដោយលោក Bezos ភ្ទាល់ខ្លួនផ្សេងមួយទៀតហើយដូចជាមាន ULA និងអ្នកផ្តល់សេវាបាញ់បង្ហោះនៅអឺរ៉ុប Arianespace ផ្សេងទៀតផងដែ។

ប៉ុន្តែ​កិច្ច​សន្យា​ដំបូង​បង្អស់មួយនេះ​​នៅមានរឿងចាក់ស្រេះដោះមិនចេញដោយសាមានជាប់បណ្តឹងរបស់​ម្ចាស់​ភាគហ៊ុន​។

បណ្តឹងរបស់មូលនិធិ Cleveland Bakers និង Teamsters Pension Fund ដែលបានប្តឹងកាលពីខែសីហានោះ មានខ្លឺមសាថានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Amazon “មានចេតនាបំពានលើទំនួលខុសត្រូវជាមូលដ្ឋានរបស់ខ្លួន” ដោយទាមទារឲ្យក្រុមហ៊ុន Amazon បោះបង់ជម្រើសក្នុងការប្តូរទៅបាញ់បង្ហោះផ្កាយរណប Project Kuiper ដោយរ៉ុក្កែតដែលបង្កើតឡើងដោយ SpaceX ។បណ្តឹងនេះធ្វើឡើងដោយ “អ្នកផ្តល់សេវាដំបូងបង្អស់ដែលគេជឿថាជាបណ្តឹងដ៏មានឥទ្ធិពលមួយ” ។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បាននិយាយនៅក្នុងពេលនោះថា “ការទាមទារនៅក្នុងបណ្តឹងនេះគឺមិនមានឥទ្ធិពលអ្វីទាំងអស់យើងរង់ចាំចំណាត់ការស្របតាមនីតិវិធីនៃច្បាប់” ។

មហាសេដ្ឋីប្រាក់ពាន់លានដុល្លារ លោក Elon Musk ស្ថាបនិកក្រុមហ៊ុន SpaceX

នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃសុក្រក្រុមហ៊ុន Amazon បានគូសបញ្ជាក់ថាកិច្ចព្រមព្រៀងមុននេះ “បានផ្តល់នូវសមត្ថភាពយ៉ាងពេញលេញសម្រាប់ការបាញ់បង្ហោះផ្កាយរណបភាគច្រើនរបស់យើង ហើយការបាញ់បង្ហោះបន្ថែមត្រូវធ្វើជាមួយ SpaceX ដែលនឹងផ្តល់នូវសមត្ថភាពក្នុងកម្រឹតមួយខ្ពស់ថែមទៀតដើម្បីជួយជំរុញកិច្ចប្រតិបត្តិការឲ្យមានដំណើរការស្របតាមកាលវិភាគដើម្បីបង្កើតក្រុមផ្កាយរណបអ៊ីនធឺណេតរាប់ពាន់គ្រឿង ឲ្យបានកាន់តែច្រើននិងកាន់តែមានប្រសិទ្ធភាពនិងប្រកបដោយគុណភាពខ្ពស់” ។

បើទោះ​បី​ជា​ក្រុមហ៊ុនមុន​អាច​បាញ់​បង្ហោះ​ផ្កាយ​រណប​ទាំងនោះ​បាន​មុន​ក៏ដោយក៏ក្រុមហ៊ុន Amazon នៅ​តែមានទំនួលខុសត្រូវ​ក្នុងការធានាឲ្យ​ផ្កាយ​រណប​​រណប Kuiper មានដំណើរការប្រកបដោយវិបុលភាពនិងនិរន្តរភាព។

នៅក្នុងបទសម្ភាសន៍មួយកាលពីខែមុន លោក Rajeev Badyal អនុប្រធានផ្នែកបច្ចេកវិទ្យាសម្រាប់ Project Kuiper បានប្រាប់ CNN ថា គំរូដើមរបស់ផ្កាយ​រណប Kuiper ទទួលបានជោគជ័យទាំងស្រុងហើយ។

Badyal បាននិយាយថា “រហូតមកដល់ពេលនេះអ្វីៗគ្រប់យ៉ាងដែលយើងបានធ្វើការសាកល្បងនៅលើដីនោះយើងទទួលបានលទ្ធផលល្អដូចគ្នានៅក្នុងការបាញ់បង្ហោះនៅលើលំហអវកាស” ។

លទ្ធផលដ៏ល្អប្រសើទាំងនោះជាការបើកផ្លូវឲ្យក្រុមហ៊ុន Amazon ចាប់ផ្តើមធ្វើការបាញ់បង្ហោះផ្កាយរណបវង់ប្រតិបត្តិការបន្ថែមទៀតទៅកាន់គន្លងគោចរ។ លោក Badyal បាននិយាយថាក្រុមហ៊ុនមានគម្រោងចាប់ផ្តើមសាកល្បងផ្តល់សេវាកម្មដល់អតិថិជនឲ្យបានឆាប់នៅចុងឆ្នាំ ២០២៤ខាងមុខនេះ ៕

ប្រភព៖ CNN