កម្សាន្ដ

រដ្ឋមន្ត្រីដែនដីស្នើឲ្យមន្ត្រីជំនាញពាក់ព័ន្ធនិងអាជ្ញាធរខេត្តត្រូវជំរុញការងារអភិវឌ្ឍន៍ឆ្នេរសមុទ្រ

ដោយ៖ កំពត

កែប៖ ប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានក្រើនរម្លឹកដល់មន្ត្រីជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរខេត្តជាប់សមុទ្រត្រូវឯកភាពគ្នាឈានទៅកំណត់គោលដៅ ព្រមទាំងលើកទឹកចិត្តពលរដ្ឋ ក៏ដូចជាវិស័យឯកជនឱ្យរួមគ្នាអភិវឌ្ឍន៍តំបន់ឆ្នេរ។ សកម្មភាពនេះជាផ្នែកសំខាន់ដើម្បីរក្សាធនធានសមុទ្រ និងទាក់ទាញទេសចរឱ្យមកលម្ហែកម្សាន្ត។

កាលពីព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ នៅសាលប្រជុំសាលាខេត្តកែបមានរៀបចំពិធីប្រកាស និងប្រគល់ពានជូនម្ចាស់ជ័យលាភីប្រឡងប្រណាំងឆ្នេរខ្សាច់កម្សាន្តស្អាតលើកទី៤ និងព្រែកកម្សាន្តស្អាតលើកទី១ ប្រចាំឆ្នាំ២០២៣។

លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាបានមានប្រសាសន៍ថា ធនធានតំបន់ឆ្នេរបានផ្តល់ប្រយោជន៍ច្រើនយ៉ាងដល់បងប្អូនប្រជានេសាទក្នុងការចិញ្ចឹមជីវិតប្រចាំថ្ងៃ។ ទន្ទឹមនឹងនោះ ការរៀបចំតំបន់ឆ្នេរដើម្បីទាក់ទាញទេសចរក៏ជាឱកាសរកប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋបានមកពីវិស័យឧស្សាហកម្មគ្មានផ្សែងផងដែរ។ ពេលសកម្មភាពទេសចរណ៍រស់រវើកក្នុងតំបន់ណាមួយនោះជាសក្តានុពលបន្ថែមដើម្បីជួយជំរុញដល់ការនាំចេញផលិតផលនានានៅនឹងកន្លែង ។

លោកឧបនាយករដ្ឋមន្ត្រីបានណែនាំថា មន្ត្រីជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តជាប់មាត់សមុទ្រទាំង៤ត្រូវសហការគ្នាក្នុងការផ្សព្វផ្សាយពីសារប្រយោជន៍នៃកិច្ចអភិវឌ្ឍប្រកបដោយចីរភាពនៅតាមតំបន់ឆ្នេរបំណងលើកកម្ពស់ធនធានធម្មជាតិតំបន់ឆ្នេរផង និងសក្តានុពលដើម្បីបានជ្រាបអំពីវិស័យទេសចរណ៍ទៅកាន់ពិភពលោកផង។ ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តទាំង៤នៃតំបន់ឆ្នេរសមុទ្រកម្ពុជាបានដាក់ពាក្យជាបេក្ខភាពឆ្នេរស្អាតចំនួន៣០ និងបេក្ខភាពព្រែកស្អាតចំនួន៣២ ដើម្បីចូលរួមប្រឡងប្រណាំង៕