បច្ចេកវិទ្យា

ជនជាតិដើមភាគតិចនៅខេត្តមណ្ឌលគិរីនៅតែប្រកាន់ខ្ជាប់ប្រពៃណីសែនប្រភពទឹកលើកំពូលភ្នំរ៉ាដាងដើម្បីសុំសេចក្តីសុខសប្បាយ

ដោយ៖សុខុម

មណ្ឌលគិរី៖ មកដល់សព្វថ្ងៃនេះជនជាតិដើមភាគតិចក្នុងខេត្តមណ្ឌលគិរីគឺនៅតែបន្តជួបជុំគ្នារៀបចំពិធីសែនប្រភពទឹកលើកំពូលភ្នំរ៉ាដាងក្នុងគោលបំណងសុំការសណ្តោសប្រោសប្រណីពីម្ចាស់ទឹកម្ចាស់ដីបារមីអ្នកថែរក្សាព្រៃព្រឹក្សាអារក្ខអ្នកតាសុំខមាទោសដល់អ្នកភូមិកុំឱ្យមានជំងឺតម្កាត់ផ្សេងៗកើតឡើង។

ពិធីរៀបចំខាងលើនេះតែងតែធ្វើឡើងជារៀងរាល់ឆ្នាំដោយឆ្នាំនេះរៀបចំធំជាងឆ្នាំមុនៗមានប្រជាពលរដ្ឋចំនួន៧ភូមិបានចូលរួមហើយការរៀបចំនោះក៏មានកាប់ក្របីដើម្បីសែននៅកំពូលភ្នំរ៉ាដាងស្ថិតក្នុងភូមិពូលូង សង្កាត់រម្យនា ក្រុងសែននោរម្យ ខេត្តមណ្ឌលគិរី។

ជនជាតិដើមភាគតិចព្នងបានរៀបរាប់ឲ្យដឹងថាភ្នំរ៉ាដាងគឺជាកន្លែងប្រភពទឹកដ៏សំខាន់ជាអណ្ដូងទឹកបុរាណមានអាយុកាលរាប់ពាន់ឆ្នាំសម្រាប់ប្រជាពលរដ្ឋយកទៅប្រើប្រាស់។ប្រភពទឹកនេះបានហូរកាត់រហូតទៅដល់ស្រុកកោះញែកធ្លាក់មកតាមទន្លេស្រែពក។

ជនជាតិដើមភាគតិចបានឲ្យដឹងថាកាលពីសម័យសង្គ្រាមដែលទ័ពអាមេរិកកាំងទម្លាក់គ្រាប់ប្រជាពលរដ្ឋនៅម្ដុំភ្នំរ៉ាដាងបានគេចផុតមិនមានគ្រោះថ្នាក់អ្វីឡើយ។ភ្នំមួយនេះក៏ជាទីសក្ការបូជារបស់អ្នកភូមិតាំងពីយូរលង់តរៀងមកដែរ។

ចាប់តាំងពីមានការឈូសឆាយកាប់ព្រៃធ្វើឱ្យប៉ះពាល់តំបន់ភ្នំរ៉ាដាងរហូតមានការប្ដឹងផ្ដល់គ្នាដល់តុលាការ។ អ្នកភូមិចាត់ទុកថាសកម្មភាពកាប់រុករានទន្រ្ទានឈូសឆាយព្រៃយកធ្វើជាកម្មសិទ្ធិនៅតំបន់នេះធ្វើឲ្យប៉ះពាល់ដល់ទីសក្ការបូជាបារមីអ្នកតាខឹងសម្បាឲ្យអ្នកភូមិមានជំងឺឈឺស្លាប់ដូចជាអ្នកខ្លះចងកសម្លាប់ខ្លួននិងជំងឺតម្កាត់ផ្សេងៗជាដើម។ នៅឆ្នាំនេះអណ្ដូងទឹកបុរាណដែលប្រើប្រាស់រាល់ថ្ងៃបានប្រែពណ៌ខុសប្លែកពីធម្មតា។

ហេតុដូច្នេះហើយទើបបានជាប្រជាពលរដ្ឋជាច្រើនមកពីភូមិផ្សេងៗគ្នាបានរៃអង្គាសប្រាក់ក្នុងមួយគ្រួសារ៥ម៉ឺនរៀលដើម្បីរៀបចំពិធីសែនសុំខមាទោសដល់ម្ចាស់ទឹកម្ចាស់ដីអ្នកថែរក្សាបារមីព្រៃព្រឹក្សានៅភ្នំរ៉ាដាង។

ពិធីនេះតែងតែធ្វើឡើងភាគច្រើននៅមុនពេលចូលឆ្នាំខ្មែរ។ដោយឡែកឆ្នាំនេះបានធ្វើឡើងក្នុងខែវិច្ឆិកា។ មានកាប់មាន់ជ្រូកក្របីស្រាពាងប្រគំភ្លេងតាមប្រពៃណីជនជាតិដើមភាគតិច។

ការរៀបចំពិធីនេះគឺជាប្រពៃណីមួយដែលមិនអាចឲ្យអ្នកភូមិខកខានបានឡើយគឺពួកគាត់នៅតែបន្តរក្សាប្រពៃណីរហូតតទៅ។

ដោយឡែកអាជ្ញាធរដែលបានចូលរួមក្នុងកម្មវិធីនេះបានលើកឡើងថាអាជ្ញាធរក៏ដូចជា ស្ថាប័នពាក់ព័ន្ធមិនបានរំខានដល់ការរៀបចំប្រពៃណីរបស់ជនជាតិដើមភាគតិចនេះទេ។អ្វីៗដែលរៀបចំនេះគឺជាទំនៀមទម្លាប់តាំងពីដូនតាមកហើយបងប្អូនជនជាតិដើមភាគតិចមានសិទ្ធិរក្សាទំនៀមទម្លាប់ប្រពៃណីរបស់ខ្លួនតរហូតទៅ។

អាជ្ញាធរជំរុញលើកទឹកចិត្តដល់អ្នកភូមិពេលមានជំងឺឈឺថ្កាត់ផ្សេងៗសូមកុំភ្លេចទៅរកពេទ្យព្យាបាលនៅមណ្ឌលសុខភាពនិងមន្ទីរពេទ្យ។រាល់ការដោះស្រាយផ្សេងៗត្រូវអនុវត្តទៅតាមផ្លូវច្បាប់ចៀសវាងមានទោស៕