កម្សាន្ដ

តោះទៅទស្សនាល្អាងភ្នំឈ្ងោកនៅស្រុកថាឡាបរិវ៉ាត់នាថ្ងៃចុងសប្តាហ៍

ដោយ៖សុខុម

ស្ទឹងត្រែង៖សហគមន៍អេកូទេសចរភ្នំជម្រកសត្វឬអ្នកខ្លះហៅថាភ្នំឈ្ងោកមានទេសភាពស្អាតគួរឲ្យចង់គយគន់ហើយថែមទាំងមានល្អាងរូងភ្នំសំខាន់ៗលាយឡំនឹងទេសភាពប្លែកភ្នែកទៀតផង។

នៅទីនោះក៏ជាជម្រើសល្អមួយសម្រាប់អ្នកចូលចិត្តផ្តិតយករូបភាពទេសភាពធម្មជាតិដើម្បីទុកជាអនុស្សាវរីយ៍ទៀតផង។

តំបន់ទេសចរមួយនេះគឺស្ថិតនៅភូមិឆ្វាំងឃុំសំអាងស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែងដែលមានចម្ងាយប្រមាណ៥០គីឡូម៉ែត្រពីក្រុងស្ទឹងត្រែង។

មុនយើងទៅដល់ទីនោះដោយគ្រាន់តែចេញដំណើរឆ្លងស្ពានមិត្តភាពកម្ពុជាចិនហៅថាស្ពានមេគង្គតាមផ្លូវជាតិលេខ៩ស្ទឹងត្រែងព្រះវិហារ។ពេលកំពុងធ្វើដំណើរទៅនោះយើងនឹងឃើញមានផ្ទះប្រជាពលរដ្ឋប្រកបមុខរបរកសិកម្មផលដំណាំជាច្រើន។បើសិនជាយើងកំពុងធ្វើដំណើរមិនយូរប៉ុន្មានក៏ឃើញមានផ្លាកសញ្ញាបង្ហាញផ្លូវដែលរៀបចំដោយមន្ទីរទេសចរណ៍ខេត្តនៅខាងស្ដាំដៃជាប់នឹងផ្លូវជាតិតែម្ដង។ទៅដល់ទីនោះយើងគ្រាន់តែបន្តដំណើរតាមផ្លូវលំកាត់ចំការអ្នកស្រុកនោះនឹងទៅដល់សហគមន៍ភ្លាម។

សហគមន៍អេកូទេសចរភ្នំជម្រកសត្វរង់ចាំទទួលភ្ញៀវគ្រប់ពេល។ទីនោះអាចបោះតង់ជិះកង់មើលព្រៃ។ឆ្លងស្ពានតឿ៥០០ម៉ែត្រនិងឡើងលើកំពូលភ្នំមើលទេសភាពជុំវិញ។កាន់តែពិសេសទៀតនោះគឺមានល្អាងជាច្រើនដែលអាចឱ្យយើងចូលទៅមើលបានដូចជាល្អាងអូនបងល្អាងទឹកចេញជាដើម។

ទេសភាពនៅទីនោះយើងអាចផ្តិតរូបភាពទុកជាអនុស្សាវរីយ៍។តែកុំភ្លេចកុម៉ង់មាន់ដុតម្ហូបសហគមន៍ផងដើម្បីជួយដល់ពួកគាត់បានប្រាក់ចំណូល។

សព្វថ្ងៃនេះសហគមន៍មានតួនាទីយ៉ាងសំខាន់ក្នុងការបំពេញការងារយ៉ាងយកចិត្តទុកដាក់ខិតខំថែរក្សាបរិស្ថាន។បម្រើសេវាកម្មផ្សេងៗជូនភ្ញៀវផងតាមចិត្តចង់ទៅនិងការពារសុវត្ថិភាពឱ្យភ្ញៀវ៕