អន្តរជាតិ

ជនសង្ស័យ២នាក់និងក្មេងជំទង់ម្នាក់ត្រូវចាប់ខ្លួនពីបទប៉ុនប៉ងប្លន់ប្រាក់ ៨១,០០០ ដុល្លារ

ប្រែសម្រួល៖សហការី

​កាលពី​ថ្ងៃ​សៅរ៍ ទី១៨ វិច្ឆិកា មាន​បុរស​២​នាក់​និង​ក្មេង​ជំទង់​ម្នាក់ជាជនសង្ស័យត្រូវបានប៉ូលិស​​ចាប់ខ្លួនដោយជាប់​ពាក់ព័ន្ធ​នឹង​ករណី​សមគំនិត​ក្នុង​សកម្មភាពប្លន់មួយកន្លែង​។

កាលពីថ្ងៃអាទិត្យមន្រ្តីប៉ូលិសបានធ្វើសេចក្តីប្រកាសព័ត៌មានថាមានជនរងគ្រោះម្នាក់ដែលជាបុរសមានអាយុ ៣៣ ឆ្នាំបានទទួលបានដំណឹងលើបណ្តាញ Telegram ពីជនអនាមិកថានឹងផ្តល់ការជួញដូររូបិយបណ្ណគ្រីបតូសម្រាប់ដោះដូរជាសាច់ប្រាក់​ដោយប្រាប់ឲ្យជនរងគ្រោះឲ្យធ្វើតាម​ការ​ណែនាំរបស់ខ្លួនហើយ​ក្នុងខណ:ពេលនោះជនរងគ្រោះក៏​បានធ្វើតាមដោយឲ្យជនរងគ្រោះទៅ​ជួប​យុវជន​វ័យ​១៦​ឆ្នាំ​ម្នាក់​នៅតាម​វាលស្រែ​ហើយក៏ណែនាំឲ្យជនរងគ្រោះប្រគល់​ប្រាក់​ចំនួន​៨១.០០០​ដុល្លារ​សិង្ហ​បុរីដល់​យុវជន​នោះ​។

នៅក្នុងខណៈ​ពេលដែលជនរងគ្រោះកំពុង​រាប់​លុយក្នុងគោលបំណង​ប្រគល់ឲ្យទៅយុវជនដែលជាជន​សង្ស័យ​នោះគេក៏បាន​ឆក់យក​កាបូប​ដែល​មាន​លុយ​រួចហើយ​គេចខ្លួន​បាត់​តែម្តង។ ជន​រង​គ្រោះក៏​បាន​ដេញ​តាមពីក្រោយហើយបាន​ឃាត់​យុវជន​នោះបាន  តែក្មេងនោះ​បាន​ទាញ​កាំបិត​ចុង​ស្រួច​ចេញមកក្នុងបំណងចាក់សម្លាប់ជនរងគ្រោះតែជាសំណាងល្អ​ក្រោយមកយុវជននោះមិនដាច់ចិត្តចាក់សម្លាប់ជនរងគ្រោះហើយក៏បានទម្លាក់កាំបិតនោះ​ចោលទៅ។ យុវជន​រូប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ឃាត់ខ្លួន​រួមទាំង​មនុស្ស​ប្រុស​២​នាក់និង​ស្រ្តី​ម្នាក់ថែមទៀតដែល​ត្រូវបាន​ប៉ូលិស​ចាប់ខ្លួនដោយមានការសង្ស័យថាមានជាប់ពាក់ព័ន្ធក្នុងករណីនេះ ។ ចំណែកលុយត្រូវបានប៉ូលិសរឹបអូសបានមកវិញទាំងអស់។

នៅក្រោយ​ពេល​សួរ​ចម្លើយដំបូងនិង​ដោយ​មាន​ជំនួយ​ពី​កាមេរ៉ាសុវត្ថិភាពរបស់​ប៉ូលិស  ​ប៉ូលិសក៏​បាន​កំណត់​អត្តសញ្ញាណ​បុរស​ពីរ​នាក់​ផ្សេង​ទៀត​ដែល​គេ​ជឿ​ថាជាប់​ពាក់ព័ន្ធ​នឹង​ករណី​នេះ។ ហេតុការណ៍នេះបានឈានទៅដល់ការចាប់ខ្លួនបុរសអាយុ ៣៣ ឆ្នាំម្នាក់នៅជិតផ្លូវ Circuit Road និងបុរសអាយុ ២៧ ឆ្នាំម្នាក់ទៀតនៅតាមបណ្តោយផ្លូវអង្គម៉ូគី ផ្លូវលេខ ៩ នៅថ្ងៃបន្ទាប់ផងដែ។

បុរសអាយុ ៣៣ ឆ្នាំនិងក្មេងប្រុសអាយុ ១៦ ឆ្នាំនឹងត្រូវធ្វើការចោទប្រកាន់ដោយតុលាការនៅថ្ងៃចន្ទពីបទសមគំនិតក្នុងអំពើប្លន់។ ចំណែកការស៊ើបអង្កេតលើបុរសអាយុ ២៧ ឆ្នាំកំពុងបន្តនិតិវិធី។

ប៉ូលិស​បាន​និយាយ​ថា​៖ “​ពលរដ្ឋ​ត្រូវ​បាន​ណែនាំ​កុំ​ឲ្យ​យក​លុយ​ច្រើន​តាម​ខ្លួននៅតាមទីសាធារណៈ​”។

“នៅក្នុងពេលដែលប្រឈមមុខនឹងសកម្មភាពប្លន់ សាធារណជនត្រូវតាំងស្មារតីស្ងប់ស្ងាត់ ប្រយ័ត្នសុវត្ថិភាពលើរូបរាងកាយ និងចំណាំលក្ខណៈប្លែកៗរបស់ជនល្មើសរួចរួសរាន់ប្តឹងប៉ូលិសឲ្យបានឆាប់តាមតែអាចធ្វើទៅបាន”៕

ប្រភព៖ CNA