កម្សាន្ដ

មណ្ឌលកម្សាន្តខ្សែរ៉កខេត្តកែបជាទីពេញនិយមសម្រាប់ទេសចរទៅលម្ហែ

ដោយ៖សហការី

កែប៖ មណ្ឌលកម្សាន្តខ្សែរ៉កជាផលិតផលទេសចរណ៍ថ្មីមួយដែលពោរពេញដោយភាពទាក់ទាញរបស់ខេត្តកែបមានទីតាំងនៅលើចង្កេះភ្នំទល់មុខឆ្នេរខ្សាច់រូបសំណាកស្រីស។ ទីនេះ ភ្ញៀវអាចមើលឃើញសមុទ្រ និងស្រូបយកខ្យល់អាកាសបរិសុទ្ធប្រកបដោយផាសុកភាព មានដើមឈើធំៗរំលេចទេសភាពពណ៌បៃតងយ៉ាងស្រស់ត្រកាល។ កន្លែងកម្សាន្តមានភាពអនាម័យ ពិសេសអាចជិះខ្សែរ៉កលេងកម្សាន្តថែមទៀតផង។

កញ្ញា ស្រី គា ភ្ញៀវមកពីខេត្តតាកែវ  បានរៀបរាប់ថា នាងធ្លាប់មកលេងខេត្តកែបជាញឹកញយតែមិនជិនណាយទេព្រោះខេត្តនេះមានការអភិវឌ្ឍ និងសម្បូរកន្លែងទេសចរណ៍ប្លែកៗ។ ជាក់ស្តែង មណ្ឌលកម្សាន្តខ្សែរ៉កពិតជាមានភាពទាក់ទាញខ្លាំង ពិសេសសម្រាប់អ្នកចូលចិត្តថតរូបអនុស្សាវរីយ៍។

លោក វាសនា ទេសចរមកពីខេត្តសៀមរាបបានបង្ហាញអារម្មណ៍ផ្ទាល់ខ្លួនថា នេះជាលើកដំបូងក្នុងជីវិត ដែលលោកបានជិះខ្សែរ៉ក។ សកម្មភាពទាំងឡាយបានធ្វើឱ្យលោករំភើបរីករាយ និងមានអាម្មណ៍ប្លែកខុសពីដំណើរកម្សាន្តទៅតំបន់នានា។

លោក បុត្រ អ្នកមើលថែភ្ញៀវជិះខ្សែរ៉កបានប្រាប់ឱ្យដឹងថា សេវាកម្មជិះខ្សែរ៉កជាផ្នែកសំខាន់សម្រាប់ទាក់ទាញទេសចរឱ្យមកកម្សាន្តខេត្តកែប។  ក្រោយពីបានបើកអស់រយ:ពេលជាង១ខែកន្លងមកនេះ មណ្ឌលកម្សាន្តខ្សែរ៉កមានភ្ញៀវមកលម្ហែកើនឡើងជារៀងរាល់ថ្ងៃ ពិសេសថ្ងៃចុងសប្តាហ៍ ។

សូមញ្ជាក់ថា ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះរៀបចំពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ នាដើមខែធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ “ទាំងអស់គ្នាដើម្បីទេសចរណ៍”។ ទីតាំងប្រារព្ធពិធី និងសម្រាប់លេងកម្សាន្ត រួមមាន នៅលើឆ្នេរ២.៧០០ម៉ែត្រក្បែរផ្សារក្តាម ឆ្នេរខ្សាច់រូបសំណាកស្រីស និងបរិវេណខាងមុខសាលាខេត្ត៕