សេដ្ឋកិច្ច

សម្តេចធិបតី៖ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ

ដោយៈសិរីមតី
ភ្នំពេញ៖ចាប់ពីដើមឆ្នាំ២០២៥ទៅ ដីមិនប្រើប្រាស់ក្រោម៥ហិកតា នឹងត្រូវទទួលបានការលើកលែងពន្ធ។នេះបើតាមការបញ្ជាក់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩ នាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ។

សម្តេចធិបតី បានបន្តថា៖ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធអចលនទ្រព្យ។

សម្តេចបានគូសបញ្ជាក់ថា៖ «ការលើកលែង និងលក្ខខណ្ឌបន្ធូរបន្ថយពន្ធលើដីមិន​ប្រើប្រាស់ ជាការបញ្ច្រៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ»។

សម្តេចនាយករដ្ឋមន្ត្រី អះអាងថា គោលដៅនៃការដាក់ពន្ធ គឺធ្វើយ៉ាងម៉េចកុំឱ្យដីទុកចោលធំពេក ដោយសម្តេចណែនាំឱ្យម្ចាស់ដីយកដីទៅប្រើប្រាស់​ដើម្បីបង្កើន​សកម្មភាព​សេដ្ឋកិច្ច ​ជាជាងការទុកចោលឱ្យនៅទំនេរ។

សម្តេចបាន​បញ្ជាក់ថា៖ «ពន្ធលើដីធ្លីមិន​ប្រើ​ប្រាស់ស្រប​តាមគោលការណ៍​ខាងលើ​នឹងចាប់ផ្តើមអនុវត្តពីដើម​ឆ្នាំ២០២៥ គឺទុក​១៣ខែជាអន្តរកាលជាពិសេសសម្រាប់អ្នក​ដែលមាន​ដីធំ លើសពី​៥ហិចតា​»។

ដោយឡែកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា« រដ្ឋាភិបាលនីតិកាលថ្មី អាណាត្តិទី៧នេះ គឺមិនមានការ​បង្កើត​ពន្ធថ្មីនោះទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ហើយពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ»។

សម្តេចធិបតីបានបន្តថា កន្លងមករាជរដ្ឋាភិបាលអាណត្តិមុនៗ បានសម្រេចលើកលែងពន្ធជាច្រើន ដូចជា ការលុបចោលពន្ធសត្តឃាត ពន្ធលើរបបម៉ៅការ ពន្ធសារ​ពើពន្ធ​លើលិខិតរដ្ឋបាល លិខិតតុលាការ និងឯកសារអត្រានុកូលដ្ឋាន ពន្ធលើមធ្យោបាយដឹកជញ្ជូន (ផ្នែកចក្រយានយន្តត្រាក់ទ័រ និងគ្រឿងយន្តប្រហាក់ប្រហែល) និងពន្ធ​លើលិខិតអនុញ្ញាត្តិបង្កើតក្រុមហ៊ុន។សម្តេចបន្តថា ពន្ធទាំងនេះ គឺជាពន្ធដែលរដ្ឋាភិបាលបានសម្រេចលុបចោល៕