សេដ្ឋកិច្ច

ទីផ្សារខុនដូនាឆ្នាំ ២០២៣ មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំមុនៗ

ដោយៈសិរីមតី
ភ្នំពេញ៖«ទីផ្សារខុនដូនាឆ្នាំ ២០២៣ នេះគឺហាក់មានភាពល្អប្រសើរធៀបជាមួយនឹងឆ្នាំ ២០២០, ២០២១ និង ២០២២ ហើយយើងសង្ឃឹមថាឆ្នាំ ២០២៤ នឹងមាន​កំណើន​ល្អប្រសើរជាងនេះទៅទៀត» ។ នេះជាការលើកឡើងរបស់លោក ខន គង្គា នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia។

នៅក្នុងសន្និបាតធុរកិច្ចប្រចាំឆ្នាំនារសៀលថ្ងៃទី១១ខែវិច្ឆិកា លោកខន គង្គា បានលើកឡើងថា៖«ប្រសិនបើយើងធៀបទីផ្សារអចលនទ្រព្យកម្ពុជា ជាមួយនឹងទីផ្សារអចលន​ទ្រព្យក្នុង​តំបន់និងពិភពលោក យើងឃើញ​ថា​កម្ពុជា​ជាទីផ្សារ​ដែល​មាន​សក្តានុពលខ្ពស់ត្បិតតម្លៃអចលនទ្រព្យនៅប្រទេសរបស់យើងស្ថិតក្នុងតម្លៃ​សមរម្យ មានកំណើន​សេដ្ឋកិច្ច​និង​ស្ថិរភាពសង្គមនិងនយោបាយបរិកាសវិនិយោគ​មានភាព​ទាក់ទាញ ដែល​សុទ្ធសឹងជាកត្តាជំរុញកំណើនប្រកបដោយចីរភាពក្នុងរយៈពេលវែង។ យើងមាន​ជឿ​ជាក់យ៉ាងខ្លាំងទៅលើ​ទីផ្សារខុនដូក្នុងរយៈពេលវែងដោយ​សារ​យើងសង្កេតឃើញថាប្រាក់ចំណូលនិងរបៀបរស់នៅរបស់ប្រជា​ជន​​កម្ពុជា​កំពុងបន្តកើន​ឡើងវិជ្ជមាន​ជា​លំដាប់ »។

ចំណែកលោក Marcus Chu នាយកប្រតិបត្តិERAប្រចាំនៅសិង្ហបុរីនិងអាស៊ីប៉ាស៊ីហ្វិក បានថ្លែងថា៖ វិស័យ​​អចលនទ្រព្យកម្ពុជា នៅឆ្នាំ២០២៤ រំពឹងថា នឹងរើបឡើងវិញ ដោយសារ​កំណើនទេសចរ ហើយអចលនទ្រព្យ​មានតម្លៃទាបនិងល្អជាងបណ្តាប្រទេសផ្សេងៗ និងតម្រូវការអចលនទ្រព្យនៅតែមានហើយមានឱកាសចំណេញ។

គួរឱ្យដឹងថា៖ក្រុមហ៊ុន ERA Cambodiaគឺជាក្រុមហ៊ុនមានឯកទេសផ្ដល់សេវាទិញ-លក់ ខុនដូ ដ៏ល្បីឈ្មោះ​លំដាប់ថ្នាក់អន្តរជាតិមានប្រភពដើមពីសហរដ្ឋអាមេរិក។ ជាមួយ​​នឹង​ភាពជោគជ័យដែលសម្រេចបានជាបន្តបន្ទាប់ក្រុមហ៊ុននាថ្ងៃទី១១ខែវិច្ឆិកា ឆ្នាំ២០២៣បានរៀបចំសន្និបាតធុរកិច្ចប្រចាំឆ្នាំ(Annual Busi​n​e​s​s Conference) ខួបលើកទី៥ ដើម្បីអបអរសាទរ​វត្តមាន​ប្រតិ​បត្តិការ​លក់របស់ក្រុមហ៊ុនដែលបានឈរជើងយ៉ាងរឹងមាំនៅក្នុងទីផ្សារ និងការសម្រេចបានសមិទ្ធផលធំៗ​ជាច្រើនក្នុងវិស័យ​អចលន​ទ្រព្យលើសេវាកម្មលក់ខុនដូ ដែល​ក្រុមការងារ ក៏ដូចជាភ្នាក់ងារសម្រេចបាន, ព្រមទាំងការដាក់ចេញផែនការពង្រីកវិសាលភាពរបស់ក្រុមហ៊ុនសម្រាប់ឆ្នាំបន្តបន្ទាប់ ស្របពេលដែលទីផ្សារខុនដូកំពុង​បង្ហាញ​សញ្ញាវិជ្ជមានឡើងច្រើនជាលំដាប់។

លោក ខន គង្គា បានមានប្រសាសន៍ថា៖ ERA Cambodiaប្រារព្ធកម្មវិធី សន្និបាតជារៀងរាល់​ឆ្នាំនៅថ្ងៃទី ១១ ខែ១១ ក្នុងគោលបំណង​ដើម្បី​អបអរសាទរដល់ភ្នាក់ងារឆ្នើមរបស់ពួកយើង ក៏ដូចថ្លែងអំណរគុណដល់អតិថិជនដែលបានប្រើប្រាស់សេវាកម្ម ERA CAMBODIA និងមានការផ្តល់ជូននូវ ប្រូម៉ូសិន ពិសេសៗដល់​អតិថិជនដែលបានចូលរួមកម្មវិធីនេះផងដែរ ។ ការលើកទឹកភ្នាក់ងាររបស់​យើងគឺឆ្លុះពីទស្សនវិជ្ជា​របស់​យើង​ថា «ភាពជោគជ័យរបស់ភ្នាក់ងារយើង គឺ ជាភាព​ជោគជ័យទាំងមូលរបស់ក្រុមហ៊ុន» ដូច្នេះការយកចិត្តទុកដាក់ទៅលើការលើទឹកចិត្តភ្នាក់ងាររបស់យើងគឺការសំខាន់។ ដូច​គ្នាផងដែរ ភាពជោគជ័យរបស់អតិថិជនគឺគាត់​ទទួល​បានដៃគូដែលល្អបំផុតដើម្បីផ្តល់សេវាកម្មអចលនទ្រព្យ ប្រកបដោយទំនុកចិត្តក្នុងការ​ដែលពួកគាត់​ប្រើប្រាស់​សេវា​កម្ម ​ERA Cambodia ។

កម្មវិធី ERA Cambodia Annual Business Conference នាឆ្នាំនេះ ទទួលពីការឧបត្ថម្ភគម្រោងដៃគូសហ​កា​រដូចជា Urban Village, Picasso, La Vista One, Le Condé BKK1 និង Time Square 302 BKK1 ដែលសុទ្ធសឹងជាគម្រោងខុនដូខ្នាតអន្តរជាតិនិងកំពុងពេញនិយមពីសំណាក់អតិថិជនផងដែរ ហើយអ្វីកាន់តែពិសេស​គឺរាល់​អតិថិជន​ដែលទិញគម្រោងទាំងអស់នេះតាមរយៈភ្នាក់ងារជំនាញERA CAMBO​D​I​A នឹងទទួលបាន PROMTION ពិសេសៗបន្ថែមផងដែរ ។ បន្ថែមពីនេះ ក្រុមហ៊ុន ERA Cambodia ក៏បានចុះអនុស្សារណៈយោគយល់គ្នាជាមួយនឹងស្ថាប័នកំពូលមកពីអាមេរិក Residential Real Estate Council ដើម្បីសហការគ្នាជាដៃគូយុទ្ធសាស្រ្តក្នុងការលើកតម្កើង​វិស័យអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែខ្ពស់និងអាចប្រកួតប្រជែងបានក្នុងកម្រិតអន្តរជាតិ ។ កត្តាដែលជំរុញឱ្យគម្រោងលំដាប់អន្តរជាតិធំៗធ្វើការសហ​ការនិងគាំទ្រ ERA Cambodia ក៏ព្រោះតែក្រុមហ៊ុន ERA ជាក្រុមហ៊ុនលំដាប់អន្តរជាតិមានបទពិសោធន៍ជាង ៥០ ឆ្នាំ ហើយសម្រាប់ក្រុមហ៊ុន ERA Cambodia ផ្ទាល់គឺជាក្រុមហ៊ុនដែល​មាន​វិជ្ជាជីវៈ ​និងជំនាយយ៉ាងពិតប្រាកដលើវិស័យខុនដូ ដែលធ្វើឱ្យអតិថិជននិងគម្រោងជាដៃគូមានទំនុកចិត្តខ្ពស់និងបន្តសហប្រតិបត្តិការនិងគាំទ្រមកលើ ERA Cambodia ។

នាយកប្រតិបត្តិក្រុមហ៊ុន ERA Cambodia បានឱ្យដឹងថា៖រយៈពេល ៥ ឆ្នាំ ដែលបានឈរជើងយ៉ាងរឹងមាំប្រកបដោយទំនុកចិត្តជូនអតិថិជន ក្រុមហ៊ុន ERA Cambodia បាននិងកំពុងធ្វើការជាមួយនឹងគម្រោងជាង ៥០ នៅកម្ពុជា។ ក្នុងនោះសរុបតម្លៃនៃគម្រោងដែលក្រុមហ៊ុនសហការលក់ទាំងអស់ គឺខ្ទង់ពាន់លានដុល្លារអាមេរិកក្រុមហ៊ុន ដែលអាចទាញយកការកត់សម្គាល់បានថាក្រុមហ៊ុន ERA Cambodia គឺជាភ្នាក់ងារដ៏ឆ្នើមស្ទើរតែគ្រប់គម្រោងទាំងអស់ដែលបានសហការលក់។

ERA Cambodia ត្រូវបានទទួលស្គាល់ដោយមោទនភាពថាជាក្រុមហ៊ុនលំដាប់កំពូលលេខ១ជាមួយនឹងភ្នាក់ងារដ៏ឆ្នើម ក្នុងការលក់ និងការធ្វើទីផ្សារខុនដូនៅកម្ពុជា។ ERA Cambodia ជាក្រុមហ៊ុន ERA ដែលមានវ័យក្មេងជាងគេទីពីរនៅអាស៊ីប៉ាស៊ីហ្វិក។ តែទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនរបស់យើងបាននិងកំពុងរីក​តែចម្រើន​យ៉ាងឆាប់​រហ័ស និង​ជាលំដាប់ ហើយក៏កំពុងតែក្លាយជាក្រុមហ៊ុនដែលមានភ្នាក់ងារឆ្នើមជាច្រើន ក្នុងរយៈពេលដ៏ខ្លី។

មកទល់នឹងពេលនេះ យើងមានភ្នាក់ងារលក់ជាង ២,០០០ នាក់ ដែលបម្រើសេវាកម្មជូនដល់អតិថិជន នៅរាជធានីខេត្តចំនួន ៣ ផ្សេងៗគ្នាក្នុងប្រទេសកម្ពុជា ដែល​មាន​ដូចជាខេត្តព្រះសីហនុ និងខេត្តសៀមរាប និងរាជធានីភ្នំពេញ។ក្រុមហ៊ុនមានគោលបំណងបន្តបង្កើនចំនួនភ្នាក់ងារលក់របស់យើងឱ្យឈានទៅដល់៥,០​០​​០នាក់ក្នុង​រយៈពេល៣ឆ្នាំខាងមុខនេះ។ស្របពេលប្រទេសកម្ពុជាកំពុងតែមានទីផ្សារដ៏រីកចម្រើននិងមានសក្ដា​នុពលបំផុត ដែលចាំបាច់តម្រូវអោយមានភ្នាក់ងារ​អចលនទ្រព្យ​ដែលមានជំនាញវិជ្ជាជីវៈជាច្រើនបន្ថែមទៀត ដើម្បីឱ្យសមស្របទៅនឹងទីផ្សារក្នុងស្រុក៕