សន្ដិសុខសង្គម

សមត្ថកិច្ចឡោមព័ទ្ធឃាត់ខ្លួនប្រុសស្រីរាប់សិបនាក់ក្នុងក្លិបកម្សាន្តមួយកន្លែងនៅភ្នំពេញ

ដោយ៖សុខុម

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនក១០ នៃអគ្គស្នងការនគរបាលជាតិ ឆ្មក់បង្រ្កាបក្នុងក្លិបកម្សាន្តមួយកន្លែងឃាត់ខ្លួនប្រុសស្រីរាប់សិបនាក់មានទាំងជនបរទេស និងដកហូតសម្ភារប្រភេទថ្នាំជក់ជាច្រើន (ហៅបាឡូន) និងបំពង់បឹតជាច្រើនបំពង់នៅវេលាម៉ោង ១និង៤០នាទីយប់ឈានចូលថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវ៣០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រតិបត្តិការខាងលើនេះដោយមានការសម្របសម្រួលពីលោកសុត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។

មន្ត្រីចុះបង្ក្រាបបានឲ្យដឹងថាដោយយោងតាមបទបញ្ជាស៊ើបអង្កេតឃើញនៅទីតាំងក្នុងក្លិបកម្សាន្តខាងលើមួយនេះ មានបង្កប់ទៅដោយប្រភេទថ្នាំជក់ ហៅបាឡូន និងបំពង់ជាច្រើនទៀត ដែលពួកគេនាំគ្នាជក់ ហើយរាំលេងកម្សានក្នុងក្លិបកម្សាន្តខាងលើនោះ។ នៅវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រ ខាងកម្លាំងប្រឆាំងបទល្មើសគ្រឿងញៀនក១០ នៃអគ្គស្នងការនគរបាលជាតិ ដឹកនាំកម្លាំងឆ្មក់ចូលបង្រ្កាបនិងឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ មានខ្មែរនិងបរទេសផងដែរ យកទៅធ្វើការសួរនាំ។

បន្ទាប់មកកម្លាំងជំនាញ ក៏បានបិទទីតាំងក្លិបកម្សាន្តខាងលើនេះ ជាបណ្ដោះអាសន្ន៕