អន្តរជាតិ

ជនជាតិឥណ្ឌូណេស៊ីម្នាក់ប្រើថង់ប្លាស្ទិកដាក់សំរាមហែលឆ្លងសមុទ្រចូលប្រទេសសិង្ហបុរី

ប្រែសម្រួល៖សហការី

សិង្ហបុរី៖ បុរសជនជាតិឥណ្ឌូណេស៊ីម្នាក់ត្រូវបានអាជ្ញាធរសិង្ហបុរីហាមមិនឲ្យចូលក្នុងប្រទេសរបស់គេដោយ កន្លងមកគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសខ្លួនចេញពីទឹកដីសិង្ហបុរីដោយសាការលបលួចចូលប្រទេសសិង្ហបុរីខុសច្បាប់អន្តោប្រវេសន៍។

ក្រោយមកគាត់ក៏បានលួចត្រឡប់មកសិង្ហបុរីវិញដោយខុសច្បាប់ម្តងទៀតគឺគាត់បានហែលទឹកចាប់ពីប្រទេសម៉ាឡេស៊ីមកដោយប្រើថង់ប្លាស្ទិកដាក់សំរាមសម្រាប់បណ្ដែតខ្លួនហែលឆ្លងសមុទ្រទៅកាន់ប្រទេសសិង្ហបុរីដោយខុសច្បាប់ជាថ្មីម្តងទៀត។

បុរសជនជាតិឥណ្ឌូណេស៊ីឈ្មោះ Muhammad Izal អាយុ ៣៤ ឆ្នាំត្រូវបានអាជ្ញាធរសិង្ហបុរីចាប់ខ្លួនម្តងទៀតហើយត្រូវបានកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ ទី ២ ខែវិច្ឆិកា ឱ្យជាប់គុកចំណួន ១៥ ខែនិងត្រូវពិន័យដោយវាយនឹងថ្នាំងអំពៅចំនួន ៧ ដង។

គាត់បានសារភាពថាគាត់បានលបលួចចូលប្រទេសសិង្ហបុរីដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ និងចូលមកក្នុងប្រទេសសិង្ហបុរីដោយគ្មានការអនុញ្ញាតនៅក្រោយពេលដែលគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសចេញពីទឹកដីរបស់គេកាលពីខែឧសភាឆ្នាំ ២០២២។

យោងតាមឯកសារតុលាការរបស់ប្រទេសសិង្ហបុរី Izal ត្រូវបានចោទប្រកាន់ដោយតុលាការសិង្ហបុរីពីបទល្មើសអន្តោប្រវេសន៍ចំនួនបួនករណី។

គាត់ត្រូវបានចោទប្រកាន់លើកចុងក្រោយនៅក្នុងខែសីហា ឆ្នាំ ២០២១ពីបទលួចចូលប្រទេសសិង្ហបុរីដោយគ្មានលិខិតឆ្លងដែនត្រឹមត្រូវ និងពីបទលួចត្រឡប់មកសិង្ហបុរីវិញដោយខុសច្បាប់បន្ទាប់ពីគាត់ត្រូវបានអាជ្ញាធរសិង្ហបុរីនិរទេសខ្លួនចេញពីប្រទេសរបស់គេ។

គាត់ត្រូវបានតុលាការកាត់ទោសកាលពីខែកញ្ញា ឆ្នាំ ២០២១ ហើយត្រូវបានកាត់ទោសឲ្យជាប់គុកមួយឆ្នាំ និងត្រូវវាយនិងថ្នាំងអំពៅចំនួន ៦ ដង។

នៅក្រោយពេលដែល Muhammad Izal ត្រូវបានដោះលែងពីពន្ធនាគារនៅក្នុងខែមេសា ឆ្នាំ ២០២២ Izal ត្រូវបានគេបញ្ជូនខ្លួនទៅកាន់អាជ្ញាធរអន្តោប្រវេសន៍ និងត្រួតពិនិត្យ (ICA) ដើម្បីធ្វើមាតុភូមិនិវត្តន៍ត្រឡប់ទៅប្រទេសកំណើតវិញ។

នៅមុនពេល Izal ត្រូវបាននិរទេសក្នុងថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២ គាត់ត្រូវបានអាជ្ញាធរជូនដំណឹងជាលាយលក្ខណ៍អក្សរមួយច្បាប់ដោយប្រាប់គាត់ថាគាត់ត្រូវបានហាមឃាត់មិនឱ្យត្រឡប់ចូលទឹកដីរបស់ប្រទេសសិង្ហបុរីវិញទេហើយលិខិតជូនដំណឹងនេះមានប្រសិទ្ធភាពចាប់ពីថ្ងៃនិរទេសគាត់ចេញពីទឹកដីរបស់ប្រទេសសិង្ហបុរី។លិខិតជូនដំណឹងនោះមានបញ្ជាក់ថាមុននឹងធ្វើដំណើរមកកាន់ប្រទេសសិង្ហបុរីវិញគាត់ត្រូវស្នើសុំការអនុញ្ញាតជាលាយលក្ខណ៍អក្សរជាមុនពីអាជ្ញាធរអន្តោប្រវេសន៍របស់ប្រទេសសិង្ហបុរីដើម្បីទទួលបានសិទ្ធិចូល ឬរស់នៅក្នុងប្រទេសសិង្ហបុរីនាថ្ងៃអនាគត។

Muhammad Izal ​ក៏​ត្រូវ​បាន​គេ​ជូន​ដំណឹងផងដែរ​ថា​ការ​អនុវត្តផ្ទុយនឹងសេចក្តីជូនដំណឹងនេះនឹង​ត្រុវចាត់ទុកជាអំពើល្មើសច្បា់ដែលនាំ​ឱ្យ​មាន​ការចាប់ខ្លួនជាថ្មីនិង​កាត់​ទោស​​ឲ្យជាប់​ពន្ធនាគារ​ពី​មួយ​ឆ្នាំ​ទៅ​បី​ឆ្នាំ​ដោយយោងទៅតាមស្ថានទម្ងន់​​ទោសជាក់ស្តែង។

​ Izal បាន​ទទួល​ស្គាល់​ការ​ជូន​ដំណឹង​នេះហើយបាន​ផ្តិត​មេដៃ​ទុកជាសក្ខីកម្មបន្ទាប់មកគាត់ត្រូវ​បាន​អាជ្ញាធររបស់ប្រទេសសិង្ហបុរីនិរទេស​ត្រឡប់​ទៅកាន់​ប្រទេស​ឥណ្ឌូនេស៊ី​វិញ​នៅ​ថ្ងៃ​ទី ២៨ ខែ​ឧសភា ឆ្នាំ ២០២២។

ក្រោយពីបានស្នាក់នៅប្រទេសកំណើតរបស់ខ្លួនបានប្រាំពីរខែ Izal ក៏សម្រេចចិត្តវិលត្រឡប់មកប្រទេសសិង្ហបុរីវិញដើម្បីស្វែងរកការងារធ្វើដោយខុសច្បាប់។

គាត់បានជិះកាណូតពី Batam ចេញពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ Stulang Laut នៃតំបន់ Johor Bahru ក្នុងប្រទេសម៉ាឡេស៊ី។

Muhammad Izal បានចំណាយពេលពីរយប់នៅទីនោះនៅមុនពេលចាកចេញទៅកាន់ឆ្នេរសមុទ្រមួយកន្លែងហើយក៏សម្រេចចិត្តហែលឆ្លងសមុទ្រទៅកាន់កោះ Pulau Ubin ដែលជាទឹកដីរបស់ប្រទេសសិង្ហបុរី។

យោងតាមឯកសារ​តុលាការរបស់ប្រទេសសិង្ហបុរី​បាន​បង្ហាញ​ថា​ Izal បាន​ប្រើ​ថង់ប្លាស្ទិកដាក់​សំរាម​ពណ៌​ខ្មៅ​សម្រាប់​បណ្តែតខ្លួនតាម​ទឹក​។

នៅក្រោយពេលទៅដល់កោះ Pulau Ubin Izal ដែលជាទឹកដីរបស់ប្រទេសសិង្ហបុរីIzal បានសម្រាកកន្លះម៉ោងមុនបន្តហែលទឹកឆ្ពោះទៅកាន់ឆ្នេរ Changi ។

Izal បានចូលទៅក្នុងប្រទេសសិង្ហបុរីដោយមិនដឹងខ្លួនដោយខុសនឹងច្បាប់អន្តោប្រវេសន៍នៅក្នុងប្រទេសសិង្ហបុរីគាត់បានស្នាក់នៅដោយខុសច្បាប់អស់រយៈពេលប្រហែល ១០ ខែ រហូតដល់ថ្ងៃទី ២៣ ខែតុលាឆ្នាំនេះ Muhammad Izal ត្រូវបានចាប់ខ្លួនដោយភ្នាក់ងា ICA ប្រចាំតំបន់ Woodlands Road ក្នុងខណៈពេលដែលគាត់មិនអាចបង្ហាញលិខិតឆ្លងដែនស្របច្បាប់សម្រាប់បញ្ជាក់ពីភាពស្របច្បាប់ក្នុងការស្នាក់នៅក្នុងប្រទេសសិង្ហបុរី។

Muhammad Izal ត្រូវបានបញ្ជូនខ្លួនទៅកាន់សាខាការិយាល័ភ្នាក់ងាស៊ើបអង្កេតរបស់ ICA ហើយត្រូវបានពិតនិត្យស្នាមម្រាមដៃដើម្បីពិនិត្យមើលទៅលើប្រវត្តិរបស់បុគ្គលដែលមាន “កំណត់ត្រាមិនល្អ” ក្រោមឈ្មោះ Muhammad Izal ដែលជាឈ្មោះរបស់គាត់ ។

ដើម្បីជាមធ្យោបាយឲ្យមានការអាណិតអាសូរក្នុង​ការ​បន្ធូរ​បន្ថយទោសគាត់ក៏​បាន​និយាយ​ថា គាត់​ទទួលស្គាល់កំហុសរបស់គាត់ហើយគាត់មានការសោកស្តាយយ៉ាងខ្លាំងចំពោះការប្រព្រឹតផ្ទុយនឹងច្បាប់របស់ប្រទេសសិង្ហបុរីក៏ប៉ុន្តែដោយសារតែគាត់​មាន​កូន និង​ឪពុក​ម្តាយមានជំងឺដែលជាមូលហេតុបង្ខំឲ្យគាត់ឆ្លងដែនមករកកាងារធ្វើដោយខុសច្បាប់៕

ប្រភព៖ CNA