អន្តរជាតិ

ក្រុមជនជាតិភាគតិចមីយ៉ាន់ម៉ាបានរឹបអូសយកទីតាំងឈរជើងបន្ថែមទៀត

ប្រែសម្រួល៖ រតនា

ក្រុមប្រដាប់អាវុធជនជាតិភាគតិចមីយ៉ាន់ម៉ាបានរឹបអូសយកប៉ុស្តិ៍មួយចំនួននៅថ្ងៃសៅរ៍ (ទី 4 ខែវិច្ឆិកា) ខណៈដែលពួកគេបានបើកការវាយលុករបស់ពួកគេប្រឆាំងនឹងរបបយោធានៅភាគខាងជើងនៃប្រទេស។

ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទូទាំងផ្នែកដ៏ធំនៃរដ្ឋ Shan ភាគខាងជើងក្បែរព្រំដែនចិនក្នុងសប្តាហ៍នេះ ដោយបង្ខំមនុស្សជាង 23,000 នាក់ចេញពីផ្ទះរបស់ពួកគេ នេះបើយោងតាមអង្គការសហប្រជាជាតិ។

កងទ័ពសម្ព័ន្ធភាពប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) កងទ័ពរំដោះជាតិ Ta’ang (TNLA) និងកងទ័ព Arakan (AA) បាននិយាយថា ពួកគេបានដណ្តើមយកបានប៉ុស្តិ៍ជាច្រើន និងទីប្រជុំជនចំនួនបួន ហើយបានបិទផ្លូវពាណិជ្ជកម្មសំខាន់ៗទៅកាន់ប្រទេសចិន។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ក្រុមយុទ្ធជន TNLA កាលពីថ្ងៃសៅរ៍បានរឹបអូសយកប៉ុស្តិ៍ពីរដែលគ្រប់គ្រងដោយកងជីវពលគាំទ្រយោធានៅជិតទីក្រុង Lashio ដែលជាទីប្រជុំជនធំជាងគេនៅភាគខាងជើងរដ្ឋ Shan និងជាផ្ទះរបស់បញ្ជាការភាគឦសានរបស់យោធា។

MNDAA បាន​និយាយ​ថា ខ្លួន​បាន​ដណ្តើម​យក​ប៉ុស្តិ៍​យោធា​ចំនួន​បី​បន្ថែម​ទៀត​ទៅ​ភាគ​ខាង​កើត។

របបយោធាមិនទាន់ធ្វើអត្ថាធិប្បាយលើការប៉ះទង្គិចគ្នាកាលពីថ្ងៃសៅរ៍ទេ ប៉ុន្តែកាលពីថ្ងៃព្រហស្បតិ៍ អ្នកនាំពាក្យម្នាក់បានច្រានចោលថាជា “ការឃោសនា” អះអាងថា សម្ព័ន្ធភាពបានដណ្តើមកាន់កាប់ទីក្រុងជាច្រើនក្នុងរដ្ឋ Shan ។

របបយោធាកាលពីថ្ងៃសៅរ៍បាននិយាយថា កងទ័ពឯករាជ្យ Kachin (KIA) ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិចមួយផ្សេងទៀតដែលមានមូលដ្ឋាននៅក្នុងរដ្ឋ Kachin ជិតខាងបានចូលរួមការវាយប្រហារលើកងកម្លាំងរបស់ខ្លួន ហើយថាខ្លួននឹងសងសឹក៕

ប្រភព៖ AFP/rj