អន្តរជាតិ

យន្តហោះចម្បាំងចិនបានបាញ់អណ្តាតភ្លើងជះលើឧទ្ធម្ភាគចក្រSikorsky Cyclone ដែលហោះតាមនាវាចម្បាំង HMCS Ottawa របស់កាណាដា

ប្រែសម្រួល៖សហការី

កាលពីថ្ងៃអាទិត្យសប្តាហ៍មុន យន្តហោះចម្បាំងរបស់ចិនបានបាញ់ភ្លើងនៅចំពីមុខឧទ្ធម្ភាគចក្រយោធាកាណាដាលើដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូង មន្ត្រីយោធាកាណាដាបាននិយាយថាជាប្រតិបត្តិការដែលខ្វះការប្រុងប្រយ័ត្នហើយអាចបណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រ Sikorsky Cyclone ដែលកំពុងហោះហើរតាមពីលើនាវាចម្បាំងអូតាវ៉ាដែលជាប្រភេទនាវាចម្បាំងតម្រូវឲ្យមានឧទ្ធម្ភាគចក្រហោះហើរតាមពីលើ។

លោក នាយឧត្តមសេនីយ៍ Rob Millen ដែលជាមន្ត្រីទ័ពអាកាសបាននិយាយថា “ហានិភ័យចំពោះឧទ្ធម្ភាគចក្រក្នុងករណីនោះ គឺអណ្តាតភ្លើងអាចជះទៅលើដៃចង្កូត ឬម៉ាស៊ីន ដូច្នេះយើងចាត់ទុកថាមិនមានសុវត្ថិភាព និងមិនមានវិជ្ជាជីវៈប្រកបដោយស្តង់ដារ ” ។

ឧបទ្ទវហេតុនេះគឺជាលើកទី ២ ក្នុងចំណោមឧបទ្ទវហេតុដែលបានជួប្រទះកន្លងមកដែលឧទ្ធម្ភាគចក្ររបស់ក្រុងអូតាវ៉ាប៉ះជាមួយនឹងយន្តហោះចម្បាំង J-11 របស់កងទ័ពរំដោះប្រជាជនចិននៅលើដែនទឹកអន្តរជាតិកាលពីថ្ងៃទី ២៩ ខែតុលា ដោយយន្តហោះចម្បាំងចិនបានហោះចូលទៅជិតក្នុងចម្ងាយ ១០០ ហ្វីតពីឧទ្ធម្ភាគចក្រ។​លោក  Millen បានប្រាប់ CNN នៅក្នុងបទសម្ភាសន៍មួយយ៉ាងដូច្នេះ។

លោកបានថ្លែងថា យោធាកាណាដា និងយោធាប្រទេសផ្សេងទៀតក៏បានឃើញយន្តហោះរបស់ចិនហោះចូលទៅកៀកនឹងឧទ្ធម្ភាគចក្រ Sikorsky Cyclone ជាច្រើនដងគឺជាសកម្មភាពបង្កហេតុដែលគេកម្របានឃើញសកម្មភាពបែបនេះកើតឡើងចំពោះឧទ្ធម្ភាគចក្រនេះណាស់។

 

ឧប្បត្តិហេតុដំបូងគឺនៅលើដែនទឹកអន្តរជាតិនៅខាងក្រៅខ្សែទឹកចម្ងាយ ៣៤ ម៉ាយពីខ្សែទឹកកោះ Paracel ភាគខាងជើងនៃសមុទ្រចិនខាងត្បូង។ ទីពីរក៏នៅលើដែនទឹកអន្តរជាតិនៅខាងក្រៅខ្សែទឹក ចម្ងាយ២៣ ម៉ាយពីកោះ Paracels ។ នាវាចម្បាំងរបស់ក្រុងអូតាវ៉ាកំពុងប្រតិបត្តិការនៅក្នុងដែនទឹកអន្តរជាតិចម្ងាយ ១០០ ម៉ាយល៍ ភាគខាងកើតនៃកោះប៉ារ៉ាសែល។

ឧទ្ធម្ភាគចក្រកាណាដាកំពុងប្រតិបត្តិការស្វែងរកនាវាមុជទឹកដែលបានរកឃើញកាលពីមុននៅពេលដែលឧបទ្ទវហេតុកើតឡើង។

លោក Millen បានបញ្ជាក់ថា គាត់កំពុងបើកឧទ្ធម្ភាគចក្រកាណាដានៅមុនថ្ងៃនោះ នៅពេលដែលយន្តហោះ J-11 របស់ចិនបានស្ទាក់ចាប់វានៅចម្ងាយកៀកបំផុត ខណៈពេលដែលវាហោះត្រង់ក្នុងរយៈកម្ពស់ ៣,០០០ ហ្វីតពីលើទឹក ក្នុងគោលដៅបកក្បាលត្រឡប់ទៅទីក្រុងអូតាវ៉ាវិញ ដែលជាសញ្ញាមួយបង្ហាញថាឧទ្ធម្ភាគចក្រមិនមានចេតនាបង្កអរិភាពជាមួយយន្តហោះចិននោះទេ។

នៅក្នុងការជួបគ្នាលើកមុននោះលោក Millen បាននិយាយថា យោធាចិនបានហោះឆ្វែលជុំវិញឧទ្ធម្ភាគចក្ររបស់គាត់។

Millen បាននិយាយថា វាបានបង្កឲ្យឧទ្ធម្ភាគចក្ររបស់គាត់ហោះច្របូកច្របល់គេចចេញពីយន្តហោះរបស់ចិនដែលមានចេតនាបង្កគ្រោះថ្នាក់ដល់ឧទ្ធម្ភាគចក្រ Copter ។

“ខ្ញុំមានអារម្នណ៏ថាមិនស្រួលដោយសារស្ថិតនៅក្នុងសភាពផុយស្រួយដែលអាចបង្កឲ្យមានគ្រោះថ្នាក់។

Millen បាននិយាយថា គាត់បានគេចចេញពីការប្រឈមមុខដាក់គ្នាដោយហោះបន្ទាបខ្លួនចុះដល់រយៈកម្ពស់ ២០០ ហ្វីត គឺជារយៈកម្ពស់ដែលឧទ្ធម្ភាគចក្រនៅអាចហោះហើរបាន ប៉ុន្តែវា “មិនស្រួលនោះទេសម្រាប់យន្តហោះចម្បាំងដែលហោះដេញតាមក្នុងល្បឿនដ៏លឿននោះ” ។

មេបញ្ជាការកងទ័ពអាកាសរបស់កាណាដា បាននិយាយថា ក្រុមនាវិកនៃកងទ័ពអាកាសរបស់គាត់បានហ្វឹកហាត់ពីរបៀបឆ្លើយតបទៅនឹងការស្ទាក់ចាប់បែបនេះ ដូចដែលបានកើតឡើងកាលពីថ្ងៃអាទិត្យ ហើយនឹងបន្តហោះហើរលើដែនទឹកអន្តរជាតិលើសមុទ្រចិនខាងត្បូងជាបន្តទៅទៀត។

CNN កំពុងទាក់ទងអាជ្ញាធរចិន ដើម្បីសុំការធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុចុងក្រោយនេះ។

ប្រទេសចិនបានទាមទារយុត្តាធិការជាប្រវត្តិសាស្ត្រនៅលើដែនទឹកនៃសមុទ្រចិនខាងត្បូងទាំងស្រុងហើយចាប់តាំងពីឆ្នាំ ២០១៤ ចិនបានសាងសង់ថ្មប៉ប្រះទឹកតូចៗ និងបន្ទះខ្សាច់ចូលទៅក្នុងកោះសិប្បនិមិត្តដែលត្រូវបានពង្រឹងធំជាមួយនឹងប្រព័ន្ធកាំជ្រួច ផ្លូវរត់ និងប្រព័ន្ធសព្វាវុធ ដែលបង្កឱ្យមានការតវ៉ាពីប្រទេសផ្សេងៗទៀត។ ប្រជុំកោះ Paracels ដែលហៅថា ប្រជុំកោះ Xisha ដោយប្រទេសចិន ស្ថិតនៅភាគខាងជើងនៃសមុទ្រចិនខាងត្បូង ខាងកើតទីក្រុង Da Nang នៃប្រទេសវៀតណាម និងភាគខាងត្បូងនៃកោះ Hainan របស់ប្រទេសចិន។

ផ្លូវទឹកទំហំ ១.៣ លានគីឡូម៉ែត្រការ៉េមានសារសំខាន់ណាស់សម្រាប់ការធ្វើនាវាចរណ៏ពាណិជ្ជកម្មអន្តរជាតិដែលជាងមួយភាគបីនៃការដឹកជញ្ជូនទូទាំងពិភពលោកមានតម្លៃរាប់ពាន់លានដុល្លារត្រូវឆ្លងកាត់ជារៀងរាល់ឆ្នាំ។ វាក៏ជាកន្លែងនេសាទដែលមានមច្ឆជាតិដ៏ធំសម្បើម ដែលជាការរស់នៅ និងការរកស៊ីចិញ្ចឹមជីវិតប្រកបដោយជិវៈចម្រុះជាច្រើនប្រភេទអាស្រ័យនៅ។

ក្នុងឆ្នាំ ២០១៦ តុលាការអន្តរជាតិទីក្រុងឡាអេបានសន្និដ្ឋានថាប្រទេសចិនមិនមានមូលដ្ឋានច្បាប់ដើម្បីទាមទារសិទ្ធិជាប្រវត្តិសាស្ត្រដើម្បីគ្រប់គ្រងលើតំបន់ភាគច្រើននៃសមុទ្រចិនខាងត្បូងនោះទេ។ ប៉ុន្តែចិន​បាន​ព្រងើយ​កន្តើយ​នឹង​សេចក្តីសម្រេច​នេះ។

  • សេរីភាពនៃការធ្វើនាវាចរណ៍

មហាអំណាច​លោកខាងលិច​តែងតែ​ធ្វើ​ដំណើរ​ឆ្លងកាត់​សមុទ្រចិនខាងត្បូង​ដើម្បី​អះអាង​ថា​តំបន់​នោះ​ជា​ដែនទឹក​អន្តរជាតិ ដែល​បង្កឲ្យ​ឱ្យ​ទីក្រុង​ប៉េកាំងមានការ​ខឹងសម្បាយ៉ាងខ្លាំង​។

ក្រុងអូតាវ៉ាបានល្បាតលើផ្លូវទឹកនេះតាំងពីថ្ងៃចន្ទមុន ដែលពេលខ្លះធ្វើប្រតិបត្តិការជាមួយនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងនូវែលសេឡង់ នៅក្នុងសមយុទ្ធពហុជាតិដែលមានឈ្មោះថា Noble Caribou ។ ទោះយ៉ាងណាក៏ដោយការធ្វើប្រតិបត្តិការតែម្នាក់ឯងអាចបើកដៃឲ្យយន្តហោះចម្បាំងចិនងាយស្រួលក្នុងការស្ទាក់ចាប់។

ក្រុងអូតាវ៉ា និងនាវាពិឃាតរបស់កងទ័ពជើងទឹកអាមេរិក USS Rafael Peralta បានធ្វើនាវាចរណ៏ពេញមួយយប់កាលពីថ្ងៃពុធដល់ថ្ងៃព្រហស្បតិ៍ នៅវេលាម៉ោងក្នុងស្រុកហើយបានបន្តការដាក់ពង្រាយនាវារបស់ពួកគេទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ដែលជាផ្លូវទឹកអន្តរជាតិមួយទៀត និងបណ្តាញដឹកជញ្ជូនដ៏សំខាន់ដែលតែងតែមានភាពតានតឹងដោយសាការជួបប្រទះគ្នារវាង PLAរបស់ចិន និងនាវាសម្ព័ន្ធមិត្តរបស់អាមេរិក៕