សន្ដិសុខសង្គម

កុំចេះតែហ៊ាន ! អ្នកវាយសម្លាប់ឈ្លូសមួយក្បាលនៅកោះកុងត្រូវពិន័យជិត៤លានរៀល

ដោយ៖សហការី

យុវជនម្នាក់ដែលយកដំបងវាយសំពងសត្វឈ្លូសមួយក្បាលរហូតទាល់តែដាច់ខ្យល់ខណៈដែលវាកំពុងតែរត់ប្រាអាយួសចូលទៅក្នុងសមុទ្រនៅឆ្នេរកុកហាវ ក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុងនោះត្រូវបានជំនាញពិន័យចំនួន៣លាន៩សែនរៀលចូលថវិការដ្ឋ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកោះកុង លោក ប្រាក់ ប៊ុន្នី បានប្រាប់អ្នកយកព័ត៌មានក្នុងស្រុកនៅល្ងាចថ្ងៃទី៣ វិច្ឆិកាថា ការពិន័យត្រឹមតែទឹកប្រាក់ចូលរដ្ឋនេះគឺ ដោយសារតែសត្វឈ្លូសនោះ វាមិនស្ថិតនៅក្រុមបញ្ជីក្រហមដែលច្បាប់ហាមឃាត់ខ្លាំងឡើយ ដោយវាត្រូវបានគេប្រទះឃើញមានវត្តមានបង្គួរនៅព្រៃក្នុងប្រទេសកម្ពុជា។ ដូច្នេះពុំទាន់ដល់ត្រូវដាក់ទោសទណ្ឌក្នុងពន្ធនាគារទេ។

តាមចម្លើយសារភាពរបស់ជនសង្ស័យ មូលហេតុនាំឱ្យមានការស្ទុះទៅវាយឈ្លូស ដោយសារលង់ជឿតាមការញុះញង់ជំរុញពីហ្វូងមនុស្សនៅទីនោះ ហើយភ្លេចខ្លួនមួយពេល ក្រោយវាយអូសមកឆ្នេររូបគេក៏រត់ទៅកន្លែងធ្វើការតែម្តង។ ចំពោះជនសង្ស័យ២នាក់ដែលលើកសែងឈ្លូសមិនមែនជាបក្ខពួកខ្លួនទេ មិនស្គាល់អត្តសញ្ញាណឡើយ។

សូមរំលឹកថា ហេតុការណ៍វាយសម្លាប់សត្វឈ្លូសនេះ ធ្វើឡើងកាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ លុះរហូតដល់ថ្ងៃទី២៩ ខែតុលា ក៏មានការបង្ហោះតាមបណ្តាញសង្គម បង្កឱ្យមានការសោកស្តាយ និងរិះគន់យ៉ាងខ្លាំងពីសំណាក់មហាជន៕