សេដ្ឋកិច្ច

តម្លៃប្រេងហក់ឡើងខ្ពស់ជាងការរំពឺងទុកខណៈជម្លោះនៅមជ្ឈិមបូព៌ាបង្កក្តីបារម្ភដល់ការផ្គត់ផ្គង់

ប្រែសម្រួល៖សហការី

នៅថ្ងៃព្រហស្បតិ៍នេះតម្លៃប្រេងបានហក់ឡើងហួសពីការរំពឹងទុកនៅក្នុងការជួញដូរលើទីផ្សារខណៈដែលជម្លោះនៅមជ្ឈិមបូព៌ាផ្ទុះរាលដាលកាន់តែធំឡើងៗធ្វើឲ្យអ្នកវិនិយោគដកថយដោយបារម្ភថាអាចនឹងរំខានដល់ចង្វាក់ផ្គត់ផ្គង់ប្រេង។

ប្រេងឆៅរបស់ Brent បានបុកឡើង ៣៨ សេនគឺ ៨៥.០១ ដុល្លាអាមេរិកក្នុងមួយបារ៉ែលគិតមកត្រឹមម៉ោង 0000 GMT ខណៈដែលប្រេងឆៅរបស់អាមេរិក West Texas Intermediate បានឡើងដល់ ៤៨ សេនគឺ ៨០.៩០ដុល្លាអាមេរិកក្នុងមួយបារ៉ែល។

បណ្តាញផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ Ayatollah Ali Khamenei បានអំពាវនាវឱ្យរដ្ឋមូស្លីមបញ្ឈប់ការនាំចេញប្រេង និងអាហារទៅកាន់ប្រទេសអ៊ីស្រាអែលជាការសងសឹកនិងទាមទារឲ្យបញ្ឈប់ការទម្លាក់គ្រាប់បែកមកលើតំបន់ហ្គាហ្សាស្ទ្រីប។

ប្រទេសអ៊ីរ៉ង់ជាសមាជិកនៃអង្គការប្រទេសនាំចេញប្រេង (OPEC) ដែលផលិតប្រេងឆៅបានប្រហែល ២.៥ លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងឆ្នាំ ២០២២ នេះបើយោងតាមទិន្នន័យរបស់សហរដ្ឋអាមេរិក។

ប្រភពយោធាអ៊ីស្រាអែលបានរាយការណ៏មកថា កាលពីថ្ងៃពុធកន្លងមកនេះទាហានអ៊ីស្រាអែលបានសម្លាប់មេបញ្ជាការក្រុមហាម៉ាស់ម្នាក់ទៀតនៅក្នុងការវាយប្រហារលើកទីពីររបស់ពួកគេទៅលើជំរុំជនភៀសខ្លួន Jabalia នៃតំបន់ហ្គាហ្សាអស់រយៈពេលពីរថ្ងៃ ខណៈដែលជនស៊ីវិលត្រូវបានជម្លៀសចេញពីតំបន់ឡោមព័ទ្ធហើយបានឆ្លងកាត់ព្រំដែនចូលទៅក្នុងទឹកដីរបស់អេហ្ស៊ីប។

បន្ទាប់ពីបានបើកការវាយឆ្មក់ដ៏សាហាវឆ្លងកាត់ព្រំដែននិងសម្ឆាប់មិនរើសមុខរបស់ក្រុមអ៊ិស្លាមជ្រុលនិយមហាម៉ាសនៅភាគខាងត្បូងនៃប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលាអ៊ីស្រាអែលបានបើកកិច្ចប្រតិបត្តិការតាមវាយកំទេចពួកសកម្មប្រយុទ្ធហាម៉ាស។ កងទ័ពអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកម្តងទៀតទៅលើតំបន់ហ្គាហ្សាស្ទ្រីបដែលមានប្រជាជនរស់នៅយ៉ាងច្រើនកុះករកាវាយលុកនេះមានទាំងថ្មើរជើងនិងការវាយប្រហារចេញពីនាវាលើផ្ទៃសមុទ្រ រួមទាំងការវាយប្រហារតាមផ្លូវអាកាសដើម្បីវាយបំបាក់កងកម្លាំងហាម៉ាសក្នុងគោលដៅកំទេចចោលទាំងស្រុងនូវក្រុមសកម្មប្រយុទ្ធហាម៉ាសដែលជាក្រុមអ៊ិស្លាមជ្រុលនិយម ។

ការដេញថ្លៃនៅលើទីផ្សារជួញដូរប្រេងត្រូវជាប់គាំងដោយសារវិនិយោគិនកំពុងរង់ចាំលទ្ធផលនៃកិច្ចប្រជុំរបស់ធនាគារអង់គ្លេសដែលគេរំពឹងថានឹងប្រកាសនៅថ្ងៃព្រហស្បតិ៍នេះ។ អតិផរណាក្នុងខែតុលានៅក្នុងតំបន់អឺរ៉ូគឺស្ថិតនៅក្នុងកម្រិតទាបបំផុតក្នុងរយៈពេលពីរឆ្នាំ  បើយោងតាម Eurostat បានបង្ហាញពីទស្សនទានថាធនាគារកណ្តាលអឺរ៉ុបទំនងជាមិនដំឡើងអត្រាការប្រាក់នៅក្នុងពេលឆាប់ៗនេះទេ៕

ប្រភព៖ Reuters