អន្តរជាតិ

ចិនទទួលយកកាពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធនិងការមិនរីកសាយភាយអាវុធជាមួយអាមេរិក

ប្រែសម្រួល៖ សហការី

កាលពីថ្ងៃពុធទី ១ ខែវិច្ឆិកា សារព័ត៌មាន Wall Street Journal បានរាយការណ៍ថា ចិន និងអាមេរិកនឹងពិភាក្សាអំពីយន្តការគ្រប់គ្រងអាវុធនុយក្លេអ៊ែរនៅសប្តាហ៍ក្រោយ នេះគឺជាកិច្ចពិភាក្សាលើកដំបូងចាប់តាំងពីនៅក្រោមរដ្ឋបាលលោក អូបាម៉ាកន្លងមក។

កាលពីថ្ងៃចន្ទក្រសួងការបរទេសចិនបានថ្លែងថានៅប៉ុន្មានថ្ងៃខាងមុខនេះបន្ទាប់ពីដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសលោក Wang Yi ទៅកាន់ទីក្រុងវ៉ាស៊ីនតោនថា ប្រទេសទាំងពីរនឹងរៀបចំ “ការពិគ្រោះយោបល់ស្តីពីការគ្រប់គ្រងអាវុធ និងការមិនរីកសាយភាយអាវុធ” ក៏និងមានកិច្ចពិភាក្សាដាច់ដោយឡែកពីគ្នាលើកិច្ចការដែនសមុទ្រ និងបញ្ហាផ្សេងៗទៀតផងដែ។

កាលពីថ្ងៃចន្ទ Wall Street Journal បាននិយាយថាកិច្ចពិភាក្សាអាវុធទាំងនោះនឹងត្រូវដឹកនាំដោយ លោក Mallory Stewart មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរក និងលោក Sun Xiaobo ប្រធាននាយកដ្ឋានគ្រប់គ្រងអាវុធនៅក្រសួងការបរទេសចិន។

ក្រសួងការបរទេសអាមេរិក និងស្ថានទូតចិននៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរបស់ Reuters សម្រាប់ការធ្វើអត្ថាធិប្បាយអំពីពេលវេលា ឬទម្រង់នៃកិច្ចពិភាក្សានេះទេ។

លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយកាលពីឆ្នាំ ២០២១ ថា ប្រធានាធិបតីចិន និងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នា “ដើម្បីចាប់ផ្តើមការពិភាក្សាអំពីស្ថិរភាពជាយុទ្ធសាស្រ្ត” ដោយសាមានការព្រួយបារម្ភពីសំណាក់ក្រុងវ៉ាស៊ីនតោន អំពីការកសាងអាវុធនុយក្លេអ៊ែររបស់ទីក្រុងប៉េកាំងមានសន្ទុះលឿនហួសពីការរំពឺងទុក។

សេតវិមានបានឆ្លើយតបភ្លាមៗនៅពេលនោះថា ការពិភាក្សានឹងមិនស្រដៀងនឹងការពិភាក្សាលើការកាត់បន្ថយអាវុធជាផ្លូវការ ដូចអ្វីដែលអាមេរិកធ្លាប់ធ្វើជាមួយរុស្ស៊ីនោះទេ។

ចាប់តាំងពីពេលនោះមក មន្ត្រីអាមេរិកបានសម្តែងការខកចិត្តដែលប្រទេសចិនបានបង្ហាញចំណាប់អារម្មណ៍តិចតួចក្នុងការពិភាក្សាអំពីវិធានការកាត់បន្ថយហានិភ័យអាវុធនុយក្លេអ៊ែរ។

មន្ទីរបញ្ចកោណបាននិយាយកាលពីខែតុលាថា ប្រទេសចិនមានក្បាលគ្រាប់នុយក្លេអ៊ែរប្រតិបត្តិការច្រើនជាង ៥០០ គ្រាប់នៅក្នុងឃ្លាំងអាវុធរបស់ខ្លួន ហើយប្រហែលជានឹងមានក្បាលគ្រាប់ច្រើនជាង ១០០០គ្រាប់ នៅក្នុងឆ្នាំ ២០៣០ ។ ប៉ុន្តែទីក្រុងប៉េកាំងបានអះអាងជាយូរមកហើយថា សហរដ្ឋអាមេរិកមានឃ្លាំងអាវុធធំជាងនេះរួចទៅហើយ។

ការចរចាលើបញ្ហាអាវុធនឹងកើតឡើងនៅមុនពេលកិច្ចប្រជុំទំនងជានៅក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិន លោក Xi Jinping នៅទីក្រុង San Francisco ក្នុងខែវិច្ឆិកា បើទោះបីជាមន្ត្រីរដ្ឋបាលជាន់ខ្ពស់ Biden បាននិយាយកាលពីថ្ងៃអង្គារថា ព័ត៌មានលម្អិតសំខាន់ៗមិនទាន់ត្រូវបានគូសបញ្ជាក់នៅឡើយនោះក៏ដោយ។ ភាពស្រពិចស្រពិលចំពោះទំនាក់ទំនងការទូតរវាងចិន និងអាមេរិកនៅក្នុងប៉ុន្មានខែថ្មីៗនេះ ភាគច្រើនតាមសំណើរបស់ទីក្រុងវ៉ាស៊ីនតោនដែលជាអ្នកខិតខំប្រឹងប្រែងស្តារទំនាក់ទំនងដែលមានសភាពកាន់តែធ្លាក់ចុះរវាងប្រទេសទាំងពីរ បន្ទាប់ពីអាមេរិក បាញ់ទម្លាក់ប៉េងប៉ោងចារកម្មចិនកាលពីខែកុម្ភៈដោយមានការសង្ស័យថាជាប៉េងប៉ោងចារកម្មចិនប្រតិបត្តិការលើទឹកដីសហរដ្ឋអាមេរិក។

នាយកប្រតិបត្តិនៃសមាគមគ្រប់គ្រងអាវុធលោក Daryl Kimball ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនបាននិយាយថា កិច្ចពិភាក្សាលើកំណើនអាវុធហួសកំណត់ទំនងជាផ្តោតលើការលើកកម្ពស់តម្លាភាពឲ្យកាន់តែប្រសើឡើងសម្រាប់លទ្ធកម្មអាវុធនុយក្លេអ៊ែររបស់ប្រទេសនីមួយៗ និងស្តារបណ្តាញទំនាក់ទំនងដើម្បីបញ្ជៀសវិបត្តិឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

Kimball បាននិយាយថា “ទោះជាយ៉ាងណា ខ្ញុំមិនគិតថា យើងគួររំពឹងថានឹងមានរបកគំហើញក្នុងរយៈពេលដ៏ខ្លីខាងមុខនេះនោះទេគឺវាត្រូវការពេលវេលាដែលអាចទទួលយកបានពីភាគីទាំងសងខាង៕

ប្រភព៖ Reuters