អន្តរជាតិ

រឹបអូសថ្នាំពង្រីកលិង្គនិងបង្កើនចំណង់ផ្លូវភេទខុសច្បាប់ជាង៦ម៉ឺនប្រភេទក្នុងមួយសប្តាហ៍

ប្រែសម្រួល៖ សហការី

អាជ្ញាធរសិង្ហបុរីបានរឹបអូសផលិតផលសម្រាប់បង្កើនចំណង់ផ្លូវភេទខុសច្បាប់ជាង ៦០,០០០ ប្រភេទព្រមទាំងបានលុបបញ្ជីឈ្មោះផលិតផលជាង ៤,៦០០ ចេញពីប្រព័ន្ធផ្សព្វផ្សាយអេឡិចត្រូនិកក្នុងស្រុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមនៅក្នុងអំឡុងពេលប្រតិបត្តិការអស់រយៈពេលមួយសប្តាហ៍កន្លងមក។

ផលិតផលសុខភាពផ្លូវភេទខុសច្បាប់ទាំងនោះត្រូវបានរឹបអូសនៅប៉ុស្តិ៍ត្រួតពិនិត្យក្នុងនោះក្រុមហ៊ុនដែលមានឈ្មោះនៅក្នុងបញ្ជីត្រូវបានបិទនៅក្នុងអំឡុងពេលប្រតិបត្តិការក្រោមការសម្របសម្រួលរបស់ប៉ូលិសអន្តរជាតិនៅ ចន្លោះថ្ងៃទី ៣ ដល់ថ្ងៃទី ១០ ខែតុលា។ ប្រទេសចំនួន ៨៩បានចូលរួមក្នុងប្រតិបត្តិការលំដាប់អន្តរជាតិនៅឆ្នាំនេះ។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល (HSA) បានធ្វើការជាមួយភ្នាក់ងារប៉ូលិសអន្តរជាតិដើម្បីអនុវត្តច្បាប់ក្នុងស្រុកធ្វើការរឹបអូសផលិតផលសុខភាពផ្លូវភេទខុសច្បាប់ចំនួន ៦០,៣៧២ ប្រភេទរួមទាំងផលិតផលពង្រីកលិង្គបុរសនិង ថ្នាំសម្រើប  sedative ថ្នាំគ្រាប់ផ្សំពីរុក្ខជាតិ និងផលិតផលរម្ងាប់អារម្នណ៏បំបាត់ការឈឺចាប់។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានជូនដំណឹងអំពីការរកឃើញផលិតផលសុខភាពផ្លូវភេទខុសច្បាប់ចំនួន ៣២ ប្រអប់ដែលជា “ផលិតផលក្នុងសុ្រក” ដែលបានឆែកឆេរកឃើញនៅក្នុងមជ្ឈមណ្ឌល SingPost ដោយអាជ្ញាធរអន្តោប្រវេសន៍ និងនៅតាមប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស។

ប្រអប់​ទាំងនោះ​ត្រូវ​បាន​ដាក់​ស្លាកសញ្ញា​ថា​មាន​ថ្នាំ​ចាក់​សម្រាប់សម្រស់ និង​ដាក់​លក់​ក្នុង​គោលបំណងរក្សា​សោភ័ណភាពនៃសម្រស់។ ផលិតផលទាំងនេះត្រូវបានគេរាយការណ៍ថាជា “ផលិតមកពីប្រទេសស្វីស” ហើយបានអះអាងថាវា “ប្រឆាំងនឹងភាពចាស់ បំបាត់ស្នាមជ្រួញ និងធ្វើឱ្យកោសិការស់ឡើងវិញ”។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានថ្លែងថា “យោងតាមការស៊ើបអង្កេតបានបង្ហាញថា ទាំងផលិតផល និងក្រុមហ៊ុនដែលផលិតវាត្រូវបានចុះបញ្ជីនៅក្នុងប្រទេសស្វីស” ករណីនេះត្រូវបានបញ្ជូនទៅកាន់ប៉ូលិសអន្តរជាតិដើម្បីស៊ើបអង្កេតជាមួយអាជ្ញាធរនៅក្រៅប្រទេសដែលពាក់ព័ន្ធ។

ផលិតផលខុសច្បាប់ដែលត្រូវបានគេផ្សព្វផ្សាយលក់តាមអនឡាញ ឬត្រូវបានគេរកឃើញនៅតាមប៉ុស្តិ៍ត្រួតពិនិត្យរបស់ប៉ូលិស មិនត្រូវបានវាយតម្លៃ ឬអនុម័តដោយ HSA អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាលនោះទេ។

“ផលិតទាំងនោះអាចត្រូវបានគេក្លែងបន្លំជាមួយនឹងសារធាតុឱសថដ៏មានឥទ្ធិពលប្រកបដោយគ្រោះថ្នាក់ដល់សុខភាពផងដែរ ហេតុនេះមិនមានការធានាលើសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពសម្រាប់សុខភាពនោះទេ។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាលHSA បាននិយាយថា “ផលិតផលទាំងនេះមួយចំនួនគួរតែត្រូវបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតសម្រាប់អ្នកជំងឺ ឬគ្រប់គ្រងដោយគ្រូពេទ្យដែលមានសមត្ថភាពជំនាញពិតប្រាកដ” ។

ហើយប្រសិនបើមិនត្រូវបានប្រើប្រាស់ ឬគ្រប់គ្រងឲ្យបានត្រឹមត្រូវនោះទេ ផលិតផលទាំងនេះអាចនាំឱ្យមានផលវិបាកធ្ងន់ធ្ងរដល់សុខភាពអ្នកដែលបានប្រើប្រាស់វា។

ផលិតផលសុខភាពខុសច្បាប់សរុបចំនួន ៤,៦៨១ ដែលបានចុះបញ្ជីនឹងត្រូវលប់ឈ្មោះចេញពី e-commerce និងប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក ដែលភាគច្រើនផលិតផលទាំងនោះពាក់ព័ន្ធនឹងសុខភាពសម្រាប់ការរស់នៅប្រចាំថ្ងៃ។

ផលិតផលប្រហែល ៣០ ភាគរយក្នុងបញ្ជីឈ្មោះគឺជាផលិតផលពង្រឹងលិង្គ ឬផលិតផលបង្កើនផ្លូវភេទបុរស ហើយប្រហែលជាង ១៤ ភាគរយជាផលិតផលរក្សាសម្រស់ ដូចជាថ្នាំចាក់បំពេញស្បែកជ្រិវជ្រួញ និងជាតិពុល botulinum ជាដើម ។

ផលិតផលផ្សេងទៀតរួមមានថ្នាំពន្យារកំណើត ផលិតផលសម្រកទម្ងន់ និងឡេលាបស្បែក ឬឡេសម្រាប់ការពារអាឡែស៊ីស្បែក។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានថ្លែងថាមានការតាមដានលើសកម្មភាពទាំងនេះអស់ពេលពេញមួយឆ្នាំនៅលើបណ្តាញ e-commerce និងវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមក្នុងស្រុក និងត្រួតពិនិត្យតាមដានប្រព័ន្ធអនឡាញលើការផ្តល់ជាមតិរបស់សមាជិកសាធារណៈ។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល “HSA បានសហការយ៉ាងជិតស្និទ្ធជាមួយអ្នកគ្រប់គ្រងវេទិកាទាំងនោះ ដោយអនុវត្តវិធានការត្រួតពិនិត្យតាមដានជាមុនលើពួកគេផ្ទាល់ ដើម្បីបញ្ឈប់ការចុះបញ្ជីផលិតផលសុខភាពខុសច្បាប់និងធ្វើការអប់រំអ្នកលក់ផលិតផលអំពីការគោរពបទប្បញ្ញត្តិក្នុងការលក់ផលិតផលសុខភាព”។

អាជ្ញាធរបានបន្ថែមថា ខ្លួនបានផ្លាស់ប្តូរព័ត៌មានជាមួយសមភាគីនិយតកម្មនៅក្រៅប្រទេស និង ប៉ូលិសអន្តរជាតិ ។

  • ការព្រមានដល់អ្នកផ្គត់ផ្គង់និង អ្នកលក់

ការលក់ថ្នាំពេទ្យ និងឧបករណ៍វេជ្ជសាស្ត្រដែលមិនមានវេជ្ជបញ្ជា ក៏ដូចជាផលិតផលសុខភាពក្លែងក្លាយនៅលើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកក្នុងស្រុកជាអំពើរខុសច្បាប់។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល “HSA និងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលចូលរួមក្នុងការលក់ និងផ្គត់ផ្គង់ដោយខុសច្បាប់នូវផលិតផលផលិតផលសុខភាពទាំងនេះ ហើយនឹងចាត់វិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងអំពើល្មើសច្បាប់ទាំងនេះ”។

ពួកគេ​អាច​នឹង​ត្រូវ​បាន​កាត់ទោសជាប់​ពន្ធនាគារ​រហូត​ដល់​បី​ឆ្នាំនិងពិន័យ​ជា​ប្រាក់​​ដល់​ទៅ ១០០,០០០ ដុល្លារ​សិង្ហបុរី។

កាលពីខែឧសភា មានស្ត្រីអាយុ ២៣ ឆ្នាំម្នាក់ត្រូវបានផាកពិន័យចំនួន ២៣,០០០ ដុល្លារសិង្ហបុរីស្មើនឹង ១៦,៨០០ ដុល្លារអាមេរិក សម្រាប់ការលក់ និងគ្រប់គ្រងផលិតផលដោយគ្មានអាជ្ញាប័ណ្ណ។

ផលិតផលដែលស្រ្តីខាងលើបានផ្សព្វផ្សាយលក់នៅលើ Instagram មានដូចជា Di Sai Mi Song Ling Suan Na Zhu She Ye ដែលត្រូវបានគេធ្វើតេស្តឃើញមានផ្ទុកសារធាតុ dexamethasone phosphate ។

Dexamethasone phosphate គឺជាថ្នាំស្តេរ៉ូអ៊ីតដែលអាចប្រើប្រាស់តាមវេជ្ជបញ្ជាដោយគ្រូពេទ្យដែលមានសមត្ថភាពច្បាស់លាស់តែប៉ុណ្ណោះ។

កាលពីខែមករា ក៏មានបុរសអាយុ ២៧ ឆ្នាំម្នាក់ត្រូវបានកាត់ទោសដាក់ពន្ធនាគាររយៈពេល ៧ សប្តាហ៍ពីបទជួញដូរថ្នាំពេទ្យ ១៩ ប្រភេទដែលមិនបានចុះបញ្ជីនៅលើ Instagram និង Telegram ។

ថ្នាំពេទ្យទាំងនោះរួមមានថ្នាំគ្រាប់ Codeine និងស៊ីរ៉ូ ដែលជាថ្នាំសម្រាប់ប្រើប្រាស់តាមវេជ្ជបញ្ជាសម្រាប់បំបាត់ការក្អក និងថ្នាំគ្រាប់ sildenafil ។ ថ្នាំគ្រាប់ Sildenafil គឺជាថ្នាំដែលប្រើទៅតាមវេជ្ជបញ្ជាសម្រាប់ការព្យាបាលជំងឺរងាប់លិង្គ។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានណែនាំសាធារណជនកុំឱ្យទិញថ្នាំដែលចេញវេជ្ជបញ្ជាតាមអ៊ីនធឺណិត ដូចជាការងាប់លិង្គ និងថ្នាំសម្រកទម្ងន់ជាដើម។

“ថ្នាំទាំងនេះត្រូវទទួលពីវេជ្ជបណ្ឌិត ឬពីឱសថការីដែលមានវេជ្ជបញ្ជារបស់វេជ្ជបណ្ឌិតតែប៉ុណ្ណោះ ព្រោះវាមានសារធាតុផ្សំដ៏មានឥទ្ធិពល ដែលអាចបណ្តាលឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរ ប្រសិនបើលេបដោយគ្មានការត្រួតពិនិត្យច្បាស់លាស់”។

ប្រសិនបើផលិតផលទទួលបានពីប្រភពផ្សេងទៀត វាអាចជាផលិតផលក្លែងក្លាយ ទោះបីជាថ្នាំទាំងនោះមានការវេចខ្ចប់មានរូបរាងដូចគ្នាក៏ដោយ។ ផលិតផលទាំងនោះក៏អាចខ្វះអនាម័យ មានសារធាតុផ្សំខុសបច្ចេកទេសវេជ្ជសាស្ត្រ ឬបរិមាណសារធាតុផ្សំមិនត្រឹមត្រូវតាមវេជ្ជសាស្ត្រ ឬមិនមានសារធាតុសកម្ម។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បានគូសបញ្ជាក់ថា “ស្ថានភាពរបស់អ្នកប្រើប្រាស់ជាលទ្ធផលអាចនឹងមិនអាចព្យាបាលបានហើយសុខភាពវិវត្តកាន់តែអាក្រក់ទៅៗ។ សូមទៅពិគ្រោះយោបល់ជាមួយគ្រូពេទ្យរបស់អ្នកសម្រាប់ស្ថានភាពរ៉ាំរ៉ៃដូចជា ការងាប់លិង្គ និងការធ្វើឲ្យខ្លួនធាត់។ គ្រូពេទ្យរបស់អ្នកអាចផ្តល់ប្រឹក្សាអំពីការព្យាបាលដ៏សមស្របមួយ” ។

អ្នកក៏ត្រូវបានណែនាំផងដែរថាមិនត្រូវទិញ ឬប្រើឧបករណ៍ចាក់ថ្នាំកែសម្ផស្សដែលផលិតដោយខ្លួនឯងផ្ទាល់ ព្រោះឧបករណ៍ទាំងនេះមិនត្រូវបានគេវាយតម្លៃសម្រាប់សុវត្ថិភាព គុណភាព និងប្រសិទ្ធភាពដោយអាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA ។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បាននិយាយថា “ផលិតផលទាំងនោះអាចផ្ទុកសារធាតុដែលមិនមានការបញ្ជាក់តាមបច្ចេកទេសវេជ្ជសាស្ត្រ និងមានសក្តានុពលបង្កគ្រោះថ្នាក់ ឬមានសារធាតុគីមីពុល និងមានផ្ទុកមេរោគឆ្លង”។

ចំណែកការចាក់បំពេញស្បែកជ្រីវជ្រួញ និងការចាក់ជាតិពុល botulinum គឺជាផលិតផលសុខភាពដែលទាមទារការអនុញ្ញាតពីអាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA មុនពេលពួកគេប្រើប្រាស់ ហើយគួរតែត្រូវបានគ្រប់គ្រងដោយគ្រូពេទ្យដែលមានសមត្ថភាពច្បាស់លាស់។

អ្នកប្រើប្រាស់ក៏គួរតែប្រុងប្រយ័ត្នផងដែរ នៅពេលទិញផលិតផលសុខភាព ដូចជាអាហារបំប៉ន និងផលិតផលគ្រឿងសំអាងតាមអនឡាញជាដើម។

ផលិតផលទាំងនោះអាចមានតម្លៃថោកជាង ហើយហាក់ដូចជាផ្តល់នូវតម្លៃប្រសើរជាងមុន ប៉ុន្តែតម្លៃទាបអាចបណ្តាលមកពីធាតុផ្សំដែលមិនមានសុវត្ថិភាព ឬអន់ជាង វិធីសាស្ត្រផលិតមិនល្អ និងលក្ខខណ្ឌផ្ទុកមិនស្តង់ដារ ឬគ្មានអនាម័យជាដើម។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA បាននិយាយថា “ផលិតផលទាំងនោះក៏អាចក្លែងបន្លំជាមួយនឹងសារធាតុដែលបង្កគ្រោះថ្នាក់ ឬហាមឃាត់ដូចជា steroids” ជាដើម។

អាជ្ញាធរវេជ្ជសាស្ត្រសុខាភិបាល HSA ក៏បានដាស់តឿនអ្នកប្រើប្រាស់ឱ្យប្រុងប្រយ័ត្នចំពោះផលិតផលសុខភាពដែលមានការសន្យាថានឹងទទួលបានលទ្ធផលរហ័ស ដែលជាអព្ភូតហេតុ ឬផលិតផលដែលមានការអះអាងបំផ្លើសដូចជា “សុវត្ថិភាព ១០០ ភាគរយ” “គ្មានផលប៉ះពាល់” “ផលប៉ះពាល់រហ័ស” ឬ “បញ្ជាក់ដោយវិទ្យាសាស្រ្ត”ជាដើម។

ភ្នាក់ងាវេជ្ជសាស្ត្របាននិយាយថា “ផលិតផលទាំងនោះអាចផ្ទុកសារធាតុឱសថដ៏មានឥទ្ធិពលដែលអាចប៉ះពាល់ដល់សុខភាពរបស់អ្នក។ គឺមិនត្រូវទុកចិត្តលើការត្រួតពិនិត្យផលិតផលតាមអ៊ីនធឺណិត ព្រោះសក្ខីកម្មទាំងនេះជាធម្មតាមិនអាចផ្ទៀងផ្ទាត់បានទេ” ។

ក្នុងការទិញផលិតផលសុខភាពតាមអ៊ីនធឺណិត អ្នកប្រើប្រាស់គួរតែទិញពីគេហទំព័ររបស់អ្នកលក់រាយដ៏ល្បីឈ្មោះ ឬអ្នកដែលមានវត្តមានលក់រាយដែលបានបង្កើតឡើងនៅក្នុងប្រទេសសិង្ហបុរី៕

ប្រភព៖ CNA